សិង្ហបុរី ៖ Grab ដែលជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍ និងក្រុមហ៊ុន Mastercard បានអះអាងពីភាពជាដៃគូ ដើម្បីដាក់ឲ្យដំណើរការនូវប័ណ្ណបង់ប្រាក់មុន ដែលត្រូវបានបង្កើតឡើងសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ជាតំបន់ដែលមានការអភិវឌ្ឍន៍លឿន និងមានប្រជាជនជាង៦៤០លាននាក់ ដែលសព្វថ្ងៃភាគច្រើននៅតែប្រើប្រាស់ក្រដាសប្រាក់នៅឡើយ។
សេចក្ដីប្រកាសព័ត៌មានពីសិង្ហបុរី កាលពីថ្មីៗបានឲ្យដឹងថា អតិថិជនអាចបញ្ចូលប្រាក់ទៅក្នុងគណនីរបស់ខ្លួន ដើម្បីចាយវាយនៅតាមទីតាំងពាណិជ្ជករ ណាមួយក៏បាននៅទូទាំងពិភពលោក ដែលទទួលយកប័ណ្ណ Mastercard ទាំងការចំណាយនៅតាមអនឡាញ និងនៅទីតាំងផ្ទាល់។ តាមរយៈការចេញប័ណ្ណបង់ប្រាក់ជាមុនរបស់ Mastercard ពេលនេះកម្មវិធី GrabPay ដែលជាកម្មវិធីទូទាត់ចល័ត មាននៅលើកម្មវិធីរបស់ Grab បានក្លាយជាគណនីអេឡិចត្រូនិកមួយក្នុងចំណោមគណនីអេឡិចត្រូនិកនានា នៅតំបន់អាស៊ីអាគ្នេយ៍ដែលមានការទទួលស្គាល់ទូទាំងសកលលោក។
ភាពជាដៃគូនេះ បានបង្កើនភាពរឹងមាំរបស់ Grab ដែលជាកម្មវិធីឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានការទាញយកដោយអ្នកប្រើប្រាស់ជាង១១០លានដង និងក្រុមហ៊ុន Mastercard ដែលជាបណ្ដាញអាជីវករ ធំជាងគេបំផុតមួយក្នុងពិភពលោក។
កម្មវិធី Grab មានសេវាជាច្រើនរួមមាន ការកក់មធ្យោបាយធ្វើដំណើរតាម និងមធ្យោបាយដឹកជញ្ជូនរួម ការដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងកញ្ចប់ឥវ៉ាន់ផ្សេងៗ ដែលទាំងអស់នេះ អាចធ្វើទៅបានតាមរយៈកម្មវិធី GrabPay ដែលជាកម្មវិធីទូទាត់ចល័តឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Reuben Lai នាយកគ្រប់គ្រងហិរញ្ញវត្ថុជាន់ខ្ពស់របស់ Grab បានថ្លែងថា “ភាពជាដៃគូនេះ គឺលើសពីការដែល Grab ចេញប័ណ្ណបង់ប្រាក់មុនទៅទៀត ហើយគឺជាការអភិវឌ្ឍន៍ថ្មីសម្រាប់តំបន់អាស៊ីអាគ្នេយ៍។
Grab គឺជាក្រុមហ៊ុនផ្ដល់សេវាគណនីអេឡិចត្រូនិកដំបូងគេនៅក្នុងតំបន់ ដែលត្រូវបានប្រើប្រាស់ទូទាំងពិភពលោក។
ភាពជាដៃគូនេះ មិនត្រឹមតែពង្រឹងតួនាទីរបស់យើងក្នុងនាមជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យា ដែលពុំអាចប្រកែកបានក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់លទ្ធភាពដល់ប្រជាជនក្នុងតំបន់ចំនួន៤០០លាននាក់ ដែលគ្មានគណនីធនាគារ និងអ្នកដែលទទួលបានសេវាតិចតួច បានទិញទំនិញ និងសេវាកម្មនានាតាមអនឡាញផងដែរ។
នេះជាអ្វី ដែលកាលពីមុនសម្រាប់ប្រជាជនអាស៊ីអាគ្នេយ៍ មិនដល់១០ភាគរយផងទេ ដែលមានប័ណ្ណឥណទានប្រើប្រាស់”។
ចំណែកលោកស្រី Rama Sridhar អនុប្រធានប្រតិបត្តិផ្នែកឌីជីថល និងភាពជាដៃគូ និងលំហូរការទូទាត់ថ្មី បាននិយាយថា “ភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Grab នេះពិតជាបានបង្កើនវិសាលភាពរបស់យើងនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ហើយស្របតាមគោលដៅរបស់យើងក្នុងការពង្រីកសេវាទូទាត់ឌីជីថលដល់អ្នកប្រើប្រាស់ និងពាណិជ្ជករទាំងអស់។
ដោយពុំចាំបាច់មានការផ្លាស់ប្ដូរហេដ្ឋារចនាសម្ព័ន្ធ នៅពេលនេះយើងនៅតែអាចផ្ដល់ ឱកាសដល់ពាណិជ្ជករក្នុងការទទួលបានមូលដ្ឋានអ្នកប្រើប្រាស់របស់ Grab ដែលជាអ្នកប្រើប្រាស់វណ្ណៈកណ្ដាល ដែលមូលដ្ឋានអ្នកប្រើប្រាស់នេះគ្រប់ដណ្ដប់លើទូរស័ព្ទ១គ្រឿង ក្នុងចំណោមទូរស័ព្ទចល័ត៦គ្រឿងក្នុងតំបន់អាស៊ីអាគ្នេយ៍”។
ក្រុមហ៊ុន Grab និង Mastercard រំពឹងថា នឹងផ្ដល់ជូនប័ណ្ណគណនីនេះ នៅឆមាសទីមួយ នៃឆ្នាំ ២០១៩ ដោយចាប់ផ្ដើមដំបូងក្នុងប្រទេសសិង្ហបុរី និងហ្វីលីពីន ដែលសិង្ហបុរី តំណាងឲ្យប្រទេសដែលមានប្រជាជន ប្រើគណនីធនាគារច្រើនជាងគេបំផុត (៩៨ភាគរយ) ហើយហ្វីលីពីន មានប្រជាជនប្រើគណនីធនាគារតិចជាងគេបំផុត (៣៤ភាគរយ) ក្នុងតំបន់អាស៊ីអាគ្នេយ៍៕
Source: Kampuchea Thmey Daily
0 Comments