Ad Code

បង្ក្រាប​មុខសញ្ញា​សង្ស័យ​ជួញដូរ​គ្រឿងញៀន​លើក​ទី​១​ បាន​ម្នាក់ នៅ​ស្រុកថ្ពង​​



កំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង ចុះបង្ក្រាប​មុខសញ្ញា​សង្ស័យ​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​បាន​ម្នាក់ ដោយ​ដកហូត​វត្ថុតាង​ថ្នាំញៀន​ពីរ​កញ្ចប់​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​ខេត្ត នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

ករណី​នគរបាល​ស្រុក​ថ្ពង​បង្ក្រាបបាន​មុខសញ្ញា​ជួញដូរ​គ្រឿង​នេះ ជា​ករណី​ដំបូង​ហើយ​ដែល​បង្ក្រាប បាន​ ខណៈ​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​កំពុង​រីក​ដូច​ផ្សិត​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​គ្រប់គ្រង​ហើយ​របាយការណ៍​ផ្ញើ​មក​ថ្នាក់លើ​ល្អ​រហូត​។​

សូម​រម្លឹក​ថា មុខសញ្ញា​សង្ស័យ​ជា​អ្នក​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ថ្ពង​ធ្វើការ​បង្ក្រាបបាន កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ កន្លងមកនេះ កាលពី​វេលា​ម៉ោង ១៥​និង​៣០​នាទី ត្រង់​ចំណុច ភូមិ​ព្រៃ​មិច ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

មុខសញ្ញា​ជនសង្ស័យ​មានឈ្មោះ វ៉ា មី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ មុខ​របរ កម្មករ​សំណង់​។ តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​ស្រុក​ថ្ពង មុខសញ្ញា​សង្ស័យ​រូបនេះ គឺជា​មុខ​សញ្ញា​ចាស់​ដែល​នគរបាល​ជំនាញ​តាម​ប្រមាញ់​ជា​យូរ​មក​ហើយ​។

ការ​បង្ក្រាប​មុខសញ្ញា​ខាងលើ សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​ម្សៅ​ក្រាម ពណ៌​ស​ថ្លា​ពីរ​កញ្ចប់ ​សង្ស័យ​ជា​ថ្នាំញៀន និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយចំនួនទៀត​។​

ឆ្លើយតប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​សួរ​ថា នេះ​ជា​លើក​ទី​១​ដែល​ស្រុក​ថ្ពង​បង្ក្រាប​បាន​ក្តឹប​ជួញដូរ​គ្រឿងញៀន​? ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ឆ្លើយតប​ថា «​ចាំ​ឲ្យ​អធិការ​ទំនេរ​ដៃ​តិច ចាំ​ចាប់​ទៀត​យក​អា​ធំ​ហ្មង​»​។​

សូមបញ្ជាក់ថា បច្ចុប្បន្ន​នេះ​បញ្ហា​គ្រឿងញៀន​កំពុង​វាយលុក​ខ្លាំង​បំផុត​ក្នុងស្រុក​ថ្ពង ​ជាពិសេស​ក្នុង​ចំណោម​កម្មករ​ធ្វើ​ការងារ​ចំការ​អំពៅ ប៉ុន្តែ​លោក ហ៊ុន សុខ​ហុន អធិការ​នគរបាល​ស្រុក​ថ្ពង ហាក់​មិន​សូវមាន​ចំណាត់ការ​លើ​បញ្ហា​នេះ​ទេ ដោយ​លោក​រវល់​ចាត់ចែង​កម្លាំង​ការពារ​តាម​គោលដៅ​សំខាន់​ក្នុង​ក្រុមហ៊ុន​ចំការ​អំពៅ​ដើម្បី​លាភ​សក្ការៈ​ផ្ទាល់ខ្លួន និង​បក្ខពួក​ប៉ុណ្ណោះ​។​

បច្ចុប្បន្ន​ មុខសញ្ញា​សង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu