រតនគីរី ៖ ខេត្តភូមិភាគីឥសាន្ត នៃប្រទេសកម្ពុជាមានចម្ងាយជាង៥៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ភូមិភាគឥសាននេះ សំបូរទៅដោយជនជាតិដើមភាគតិចរស់ នៅ៦៥% ប្រកបមុខរបរកសិកម្ម និងចិញ្ចឹមសត្វលក់ដូរ សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ក្រៅពីនោះមានបងប្អូនជនជាតិខ្មែរ៣៤% និងបងប្អូនខ្មែរឥស្លាម ចិន ឡាវជាដើម ពួកគេភាគច្រើន ប្រកបមុខរបរមន្ត្រីរាជការ អាជីវករ និងកសិករផងដែរ។
តំបន់ភាគីឥសានជាតំបន់ខ្ពង់រាប សំបូរដីក្រហមដែលមានជីជាតិ ដែលធ្វើឲ្យប្រជាពលរដ្ឋ៩៥% សុទ្ធតែមានដីចំការដាំដុះដំណាំបែបធម្មជាតិ គ្រប់ៗគ្នា។ ជាតំបន់ដែលផ្តល់អំណោយផល ល្អដោយសារតែមានរបបទឹកភ្លៀងចំនួន៦ខែ និងប្រាំងចំនួន៦ខែ ក្នុងរដូវប្រាំងនោះ ក៏មានកូនរដូវរងាចំនួន៣ខែទៀត។ តំបន់ដែលមានអំណោយផលពីធម្មជាតិបែបនេះ ទើបប៉ុន្មានឆ្នាំចុងក្រោយមកនេះ កសិករ ក៏ដូចជាមន្ត្រីរាជការ ប្រជាពលរដ្ឋដែលរស់នៅតំបន់ខាង លើបានដាំដុះបន្លែបង្ការ ផ្លែឈើ ដំណាំកសិឧស្សាហកម្ម ជាច្រើនប្រកបដោយជោគជ័យ។
បច្ចុប្បន្ននេះប្រទេសជាតិមានការរីកចម្រើនលូតលាស់ជារៀងរាល់ថ្ងៃ ចំណែកប្រជាជនក៏ បានយកចិត្តទុកដាក់ទៅលើសុខភាពកាន់តែខ្លាំង។ ដូចនេះសមាគមន៍ស្នាដៃ ធម្មជាតិ ភូមិភាគឥសានត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតមួយក្នុងថ្ងៃ០២ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីផ្គត់ផ្គង់កសិផលបែបធម្មជាតិ ប្រកបដោយសុខភាព សុវត្ថិភាពដល់ប្រជាពលរដ្ឋ។
លោកយិន សុខអឿន ប្រធានក្រុមគាំទ្រស្នាដៃធម្មជាតិខេត្តរតនគីរី បានមានប្រសាសន៍ថា គម្រោងបង្កើតសហគមន៍នេះឡើង ជាទស្សនវិស័យសំដៅ ការពារកិត្តិយសផលលិតផលធម្មជាតិ នៃភូមិភាគឥសាន ដើម្បីលើកទើបទឹកចិត្តប្រជាជនចូលរួមថែរក្សាការពារសម្បត្តិធនធានធម្មជាតិ បរិស្ថាន ទេសចរណ៍ និងវប្បធម៌ប្រពៃណី សម្រាប់យកទៅកែច្នៃទៅជាមុខរបរក្នុងការរកចំណូលចិញ្ចឹមជីវិតប្រកបដោយសុខភាពល្អ សុវត្ថិភាពជានិរន្ត។
សហគមន៍ស្នាដៃធម្មជាតិដោយក្រុមនិស្សិត និងធ្វើការយ៉ាងកៀកជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្រសួងពាណិជ្ជកម្ម ដើម្បីរុករកយុទ្ធសាស្ត្រ ថែរក្សាការពារ កសិផល និងសិប្បករ ដែលមានស្រាប់ដើម្បីផ្សព្វផ្សាយដល់អតិថិជន ពីសារសំខាន់នៃស្នាដៃធម្មជាតិ ថែមទាំងកែច្នៃឲ្យទៅជាអាហារ និងផលិតផលធម្មជាតិពោរពេញទៅដោយសុខភាពល្អសម្រាប់ប្រជាជន។
លោក សំអឿន មានប្រសាសន៍បន្តទៀតថា គម្រោងបង្កើតសហគមន៍នេះ គឺដោយសារមើលឃើញបងប្អូនជនជាតិដើមភាគតិចយើងក្នុងស្រុក៣ មានស្រុកវឿនសៃ ស្រុកអន្លងមាស និងស្រុកបយ៉ាដាវ ក្នុងផ្ទះខ្នងនីមួយៗមានចិញ្ចឹមក្របីយ៉ាងតិចក៏៤ក្បាលដែរ ដែលនេះជាការមើលឃើញពីការរីកចម្រើនក្នុងការចិញ្ចឹមក្របីដើម្បីយកសាច់កែច្នៃទៅជាងៀតក្របីទៅតាមធម្មជាតិ។
លោកសំអឿនថា នៅក្នុងឱកាសតាំងពិព័រណ៍យុទ្ធនាការទិញផលិតផលខ្មែរកន្លងទៅថ្មីៗនេះនៅកោះពេជ្រដោយលោកយកងៀតក្របីលក់ជាលើកដំបូងឃើញថា មានតម្លៃក្នុងក្រុងភ្នំពេញ១គីឡូ១២ម៉ឺនរៀលទទួលបានការពេញនិយមច្រើនដោយនៅក្នុងទីរួមខេត្តរតនគីរីលក់បានតែមួយគីឡូតម្លៃដើម៩ម៉ឺនរៀលប៉ុណ្ណោះ។ នៅក្នុងគោលដៅរបស់សហគមន៍ស្នាដៃធម្មជាតិ និងធ្វើការជាមួយកសិករ សិប្បករភូមិភាគឥសាន្តដើម្បីជំរុញក្នុងការផលិតរបស់ប្រជាកសិករ។ ធ្វើការសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន និងមន្ទីរពាក់ព័ន្ធដើម្បីជួយរកយុទ្ធសាស្ត្រក្នុងការកែច្នៃ និងអភិវឌ្ឍន៍ផលិតផលប្រកបដោយស្តង់ដារដែលទទួលស្គាល់ទូលំទូលាយ បន្តចូលរួមការតាំងពិព័រណ៍ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដើម្បីផ្សព្វផ្សាយ និងពង្រីកទីផ្សារ សហប្រតិបត្តិការជាមួយក្រុមហ៊ុន ថៅកែភោជនីអាហារ ផ្សារទំនើប ហាង តូបនានា ដើម្បីចែកចាយដល់អតិថិជន៕
Source: Kampuchea Thmey Daily
0 Comments