ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញឲ្យមានការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យភាពយន្តជាអាទិភាព នៅក្នុងការពង្រឹងសមត្ថភាពឲ្យក្លាយជាអ្នកបច្ចេកទេសភាពយន្តក្នុងស្រុកប្រកបដោយសមត្ថភាពឈានឡើង ដើម្បីបំពេញសេចក្តីត្រូវការរបស់ទស្សនិកជន និងឈានទៅរកការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។
ថ្លែងក្នុងពិធីបិទមមហោស្រពភាពយន្តខ្លីចតុមុខលើកទី៧ ឆ្នាំ២០១៨ ក្នុងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី៣០ ខែតុលានេះ លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ដើម្បីបំពេញសេចក្តីត្រូវការរបស់ទស្សនិកជនក្នុងស្រុក និងឈានទៅរកការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ ក្រសួងត្រូវតែជំរុញការងារបណ្តុះបណ្តាលធនធានមនុស្សលើវិស័យភាពយន្តជាអាទិភាព ក្នុងការពង្រឹងសមត្ថភាពឲ្យក្លាយជាអ្នកបច្ចេកទេសភាពយន្តក្នុងស្រុកក្នុងកម្រិតមួយឈានឡើង។
លោករដ្ឋលេខាធិការបន្តថា វិស័យភាពយន្តនៅកម្ពុជាមានការរីកចម្រើនខ្លាំងក្នុងរយៈពេលចុងក្រោយនេះ នឹងរំពឹងថា អាចឈានទៅប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ ភាពរីកចម្រើននេះ ស្តែងចេញពីសមិទ្ធិករ ដែលចូលរួមប្រកួតប្រជែង ក្នុងមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ២០១៨ ខណៈរាជរដ្ឋាភិបាលតែងតែបំផុសស្មារតីដល់យុវជនឲ្យផលិតភាពយន្ត ដែលរួមចំណែកដល់ការថែរក្សាកេរ្តិ៍ដំណែលវប្បធម៌ ការពង្រឹងអត្តសញ្ញាណជាតិ និងអាចទៅចូលរួមប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិទៀតផង។
លោក គាំ វុត្ថា ប្រធានមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ២០១៨ បានលើកឡើងថា ឆ្នាំនេះសន្ទុះបច្ចេកទេស នៃការដឹកនាំសម្ដែងនិងការថតមានភាពរីកចម្រើនខ្លាំងជាងឆ្នាំមុនៗ ដោយផលិតករទាំងក្មេង និងចាស់ៗ បានបង្ហាញបទពិសោធន៍ និងគុណភាព នៃការថតយ៉ាងច្បាស់ល្អ។
លោកបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំផលិតករវ័យក្មេងរបស់កម្ពុជាតែងតែទទួលបាននូវគំនិតថ្មីៗ និងត្រូវបានលើកទឹកចិត្តឲ្យបង្កើតគំនិតច្នៃប្រឌិតថ្មីប្រកបដោយទេពកោសល្យលើវិស័យភាពយន្តកម្ពុជាឈានទៅរកការប្រកួតប្រជែងនៅលើឆាកអន្ដរជាតិ។
សូមបញ្ជាក់ថា មហោស្រពភាពយន្តខ្លីចតុមុខ ដែលត្រូវបានបង្កើតឡើងក្នុងគោល បំណងឲ្យផលិតករវ័យក្មេងគ្រប់រូបបានបញ្ចេញស្នាដៃ និងទេពកោសល្យ ដែលខ្លួនមានបង្ហាញទៅកាន់មហាជនក្នុងឆ្នាំ២០១៨នេះ មានសមិទ្ធិករទាំងក្នុងស្រុក និងក្រៅប្រទេស ដាក់ភាពយន្តចំនួន ៣០១ ចំណងជើង ក្នុងនោះមានភាពយន្តខ្លីចំនួន៧៧ ចំណងជើង ត្រូវបានសម្រិតសម្រាំងទាំងគុណភាព អត្ថន័យ និងអត្ថរស សម្រាប់ធ្វើការប្រកួត និងចាក់បញ្ចាំងនៅតាមរោងភាពយន្តនានា ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យទស្សនិកជនចូលរួមបោះឆ្នោតផ្ដល់ពិន្ទុ សម្រាប់រឿងនីមួយៗ។
បើតាមគណៈកម្មការផ្នែកដាក់ពិន្ទុទៅលើអត្ថន័យខ្លឹមសារសាច់រឿង រូបភាព និងការ ដឹកនាំសម្ដែងរបស់បេក្ខភាពភាពយន្តខ្លីនីមួយៗបានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៨នេះ ភាពយន្តខ្លីទាំងក្នុងស្រុក និងបរទេសចំនួន២៥រឿង ត្រូវបានជាប់នៅក្នុងការដាក់បញ្ចាំងលើអេក្រង់ធំ ចាប់ពីថ្ងៃ២៧ ដល់ថ្ងៃទី៣០ ខែតុលា៕
Source: Kampuchea Thmey Daily
0 Comments