ភ្នំពេញ ៖ ទីបំផុតស្ត្រីជនជាតិចិនដែលបើករថយន្តបំបុកចោរឆក់ទូរស័ព្ទបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី រិទ្ធី ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស២ឆ្នាំ តែអនុវត្តទណ្ឌកម្មទោសត្រឹម៣ខែ និងពិន័យជាប្រាក់៤លានរៀលក្រោមការចោទប្រកាន់ពីបទហិង្សាចេតនាមានស្ថានទម្ងន់ទោស ដោយមរណភាពនៃជនរងគ្រោះ និងបទបើកបរគ្មានប័ណ្ណបើកបរ។
ជាមួយគ្នានេះ តុលាការបានសម្រេចបង្គាប់ឲ្យជនជាប់ចោទសងទៅគ្រួសារសពចំនួន១ម៉ឺនដុល្លារ និងជំងឺចិត្តចំនួន៣០លានរៀល។ ឲ្យសងទៅអ្នករបួសចំនួន១៤ ០០០ដុល្លារ និងជំងឺចិត្តចំនួន៣០លានរៀល។
សេចក្ដីសម្រេចនេះធ្វើឡើងក្រោយពីក្រុមប្រឹក្សាជំនុំជំរះបានបើកសវនាការនាល្ងាចថ្ងៃទី ៣១តុលា ឆ្នាំ២០១៨ នៅចំពោះមុខជនជាប់ចោទឈ្មោះ ថាង យៀន អាយុ២៦ឆ្នាំ។
នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពថា នៅថ្ងៃកើតហេតុទី ១២សីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២៣ នាងមានមិត្តភ័ក្រម្នាក់ទៀតបានអង្គុយរង់ចាំមិត្តភ័ក្រនៅក្នុងរថយន្តលុចស៊ីស ដោយបើកបង្អួចរថយន្ត ពេលនោះស្រាប់តែមានចោរឆក់២នាក់បានជិះម៉ូតូមកដល់បានឆក់យកទូរស័ព្ទដៃរបស់នាងទៅបាត់។ ឃើញដូច្នោះនាងក៏បើករថយន្តដេញតាមក្នុងគោលបំពងតាមយកទូរស័ព្ទវិញ ពេលនោះចោរជិះម៉ូតូដល់ផ្លូវទាល់ រថយន្តនាងក៏បុកពីចំហៀងខាងមុខបណ្ដាលឲ្យម៉ូតូដួល ហើយនាងក៏ចុះទៅរើសយកទូរស័ព្ទវិញតែវាបែកអស់ហើយ។
ក្នុងសវនាការនេះផងដែរ មេធាវីតំណាងឲ្យចោរឆក់ដែលស្លាប់បានទាមទារសំណងចំនួន៣ម៉ឺនដុល្លារ។ ចំណែកមេធាវីតំណាងឲ្យចោរឆក់ដែលរងរបួសបានទាមទារសំណងចំនួន៥ម៉ឺនដុល្លារ។
គួររំលឹកថា លោក ធាម ច័ន្ទពិសិដ្ឋ បានសម្រេចកាលពីល្ងាចថ្ងៃទី ១៦សីហា ឆ្នាំ២០១៨ដាក់ឃុំខ្លួនជាបណ្ដោះអាសន្នលើស្ត្រីជនជាតិចិនឈ្មោះ ថាង យៀនក្រោមការចោទប្រកាន់ពីបទ បើកបរគ្មានប័ណ្ណបើកបរ និងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមរណភាពនៃជនរងគ្រោះ។
នគរបាលបានបញ្ជាក់ថា បទល្មើសដែលព្រះរាជអាជ្ញាចោទប្រកាន់ ហើយចៅក្រមសម្រេចឃុំខ្លួនរួមមាន បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយមរណភាពនៃជនរងគ្រោះតាមមាត្រា២២៤នៃក្រមព្រហ្មទនិងបទបើកបរដោយមានមានប័ណ្ណបើកបរ។
ជនត្រូវចោទត្រូវបាននគរបាលខណ្ឌចំការមនបញ្ជូនឡើងតុលាការល្ងាចថ្ងៃទី ១៥សីហា ឆ្នាំ២០១៨នេះ។
នគរបាលព្រហ្មទណ្ឌខណ្ឌចំការមនបានសរសេររបាយការណ៍សន្និដ្ឋានថា ស្ត្រីជនជាតិចិន រូបនេះ ប្រឈមបទល្មើសមនុស្សឃាតដោយអចេតនាប៉ុណ្ណោះនាគ្រាដំបូង តែក្រោយពីសាកសួររួច កញ្ញា វ៉ា សក្ដា ព្រះរាជអាជ្ញារងអមតុលាការបានសម្រេចចោទប្រកាន់រហូតដល់៣បទល្មើស។
តាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនៅព្រឹកថ្ងៃទី១៥ ខែសីហា នេះបានបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២៤និង១០នាទី មានករណីមនុស្សឃាតដោយអចេតនា (បើករថយន្តដេញបុកជនសង្ស័យឆក់ទូរស័ព្ទដៃស្លាប់-របួស) នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ មុខផ្ទះលេខ៥៤ ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ អ្នករងរបួសធ្ងន់ ប្រុសម្នាក់ និងស្លាប់ប្រុសម្នាក់ ជាជនសង្ស័យឆក់ទូរស័ព្ទដៃ។
ជនសង្ស័យឈ្មោះ សារុន ពិសិដ្ឋ ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ២៥០ ផ្លូវលេខ៤៦០ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រងរបួសធ្ងន់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ឈ្មោះ បេ សុភាដេវីត ភេទ ប្រុស អាយុ២៤ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៣២A ផ្លូវលេខ២៨០ ក្រុម ៤៣ ភូមិ ៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រងរបួសធ្ងន់បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ស្ត្រីចិនដែកត្រូវឃាត់ខ្លួនបញ្ជូនឡើងតុលាការឈ្មោះ YUAN TANG ថាង យៀន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មិនចាំលេខលិខិតឆ្លងដែន មិនបានយកមកតាមខ្លួនជាអ្នកបើករថយន្ត។
វត្ថុតាងដកហូត ម៉ូតូ ០១គ្រឿងម៉ាកSCOOPY ពណ៌ស ស្លាកលេខ ភ្នំពេញ1CL-7241 ( របស់អ្នកឆក់ទូរស័ព្ទដៃខូចខាតយ៉ាងដំណំ ) , រថយន្តម៉ាកLEXUS RX-300 ពណ៌ស ស្លាកលេខ 2AN-9745 ភ្នំពេញ ( ខូចខាតដូចគ្នា ) និងទូរស័ព្ទដៃ០១ គ្រឿង ម៉ាក Meitu ពណ៌ខ្មៅ-បៃតង លេខស៊ីម 096 696 7899 ( បែកអេក្រង់ របស់ជនសង្ស័យ បើកឡានបុក )។
ចំពោះរឿងហេតុ មុនដំបូងឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត បានជិះម៉ូតូ ០១ គ្រឿងខាងលើ ឌុបគ្នា មកដល់ចំណុចមុខផ្ទះកើតហេតុខាងលើ ឃើញស្ត្រីជាតិចិន និងមិត្តភ័ក្រម្នាក់ទៀត ឈប់រថយន្តតេទូរស័ព្ទ ចំហកញ្ចក់ ខាងមុខផ្នែកខាងឆ្វេង ហើយឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត ក៏ធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃ ជន ជាតិ ចិនឈ្មោះ Yuan Tang បានសម្រេច រួច បើកម៉ូតូគេចខ្លួន។
ភ្លាមនោះស្ត្រីជាតិចិនឈ្មោះ Yuan Tang ដែលជា ម្ចាស់ ទូរស័ព្ទ បានបើករថយន្តដេញតាមបុកម៉ូតូ ពីក្រោយបណ្តាលឲ្យ ដួលខ្ទាត់ទៅក្បែរជញ្ជាំងរបងផ្ទះលេខ៣៩ ផ្លូវលេខ ១២៣ កែង ផ្លូវលេខ៤៥៦ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់តាមរថយន្តសង្គ្រោះបន្ទាន់ ទៅមន្ទីរ ពេទ្យមិត្ត ភាពខ្មែរ-រុស្ស៊ី។
លុះដល់ម៉ោង ០២.៥០ រំលងអធ្រាត្រ ចូលដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៨ អ្នកឆក់ទូរស័ព្ទឈ្មោះ បេ សុភាដេវីត បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យរុស្ស៊ី សពតម្កល់រង់ចាំក្រុមគ្រួសារមកទទួល។
ចំណែកអ្នកឆក់ម្នាក់ទៀតឈ្មោះ សារុន ពិសិដ្ឋ សន្លប់មិនទាន់ដឹងខ្លួន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី ឥឡូវនេះលឺថា ព្រះរាជអាជ្ញាបានអនុញ្ញាតឲ្យសាច់ញាតិនាំជនសង្ស័យនេះទៅព្យាបាលនៅប្រទេសវៀតណាមហើយ៕
Source: Kampuchea Thmey Daily
0 Comments