សៀមរាប ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នាសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពីកិច្ចការពារ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ តុលា ដល់ថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១៨ រៀបចំឡើងក្នុងគោលបំណងបំពេញចំណេះដឹងបន្ថែមដល់បុគ្គលិកផ្នែកសណ្តាប់ធ្នាប់ចំនួន ៣៦នាក់ និងផ្នែកទេសចរណ៍ចំនួន ៦៤នាក់ ដែលទើបចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាឲ្យយល់ដឹងកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀតអំពីតម្លៃប្រវត្តិសាស្ត្រខ្មែរ ការងារអភិរក្ស និងអភិវឌ្ឍន៍ ក្នុងតំបន់ការពារបេតិកភណ្ឌ«អង្គរ»ទាំងមូល។
លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ តំណាងឲ្យលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កម្មវិធីបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ដែលអាចផ្តល់ចំណេះដឹងជាមូលដ្ឋានដល់បុគ្គលិកដែលបម្រើការងារនៅតាមប្រាសាទ ដែលស្ថិតនៅជួរមុខ ប្រៀបបានជាខ្សែត្រៀម ស្ថិតនៅជាប់ជាមួយប្រាសាទ ប្រតិបត្តិការណ៍ផ្ទាល់ជាពិសេសជាមួយភ្ញៀវទេសចរ។
លោកបានបន្តថា យើងមានគោលការណ៍សិក្សារៀនសូត្របន្តិចម្តងៗជាបន្តបន្ទាប់ និងមានភាពសាមគ្គីគ្នាផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ហើយអាចយកចំណេះដឹងផ្ទាល់ខ្លួននេះទៅអប់រំ ផ្សព្វផ្សាយបន្តដល់សហគមន៍ ជៀសវាងការទទួលយកព័ត៌មានមិនពិត។
លោក ស្វាយ ពិសិដ្ឋ តំណាងឲ្យនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានលើកឡើងក្នុងឱកាសនោះដែរថា សិក្ខាកាមដែលមានវត្តមាននៅទីនេះពិតជាបានខិតខំប្រឹងប្រែង តស៊ូ អត់ធ្មត់ដោយឆ្លងកាត់ការធ្វើតេស្តសមត្ថភាពដោយសរសេរ និងផ្ទាល់មាត់បានយ៉ាងជោគជ័យ។ លោកបានបន្តទៀតថា ក្នុងនាមជាអ្នកធ្វើការបម្រើបេតិកភណ្ឌ ត្រូវស្វែងយល់ពីបេតិកភណ្ឌ និងចូលរួមថែរក្សាទាំងអស់គ្នា។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើប្រវត្តិសាស្ត្រ អារ្យធម៌ និងបេតិកភណ្ឌ។ លើសពីនេះគឺគោលការណ៍អភិរក្សតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកបង្ហាញដល់សិក្ខាកាមផងដែរ មុននឹងលើកឡើងអំពីអាជ្ញាធរជាតិអប្សរា និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ទាក់ទងអំពីការគ្រប់គ្រងមន្ត្រី-បុគ្គលិក។ ម្យ៉ាងទៀតខិតខំធ្វើយ៉ាងណាគ្រប់គ្រងប្រព័ន្ធផ្លូវទឹកបុរាណក្នុងឧទ្យានអង្គរ ការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព។ ការគ្រប់គ្រងសំណង់លំនៅឋានខ្មែរក្នុងតំបន់អង្គរ និងគ្រប់គ្រងលំនៅឋានខ្មែរ ដែលជាកិច្ចការដ៏មានសារៈសំខាន់ រួមនិងការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌក្រុងសៀមរាប អង្គរ និងការអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់អង្គរ៕
Source: Kampuchea Thmey Daily
0 Comments