Ad Code

សន្និសីទ​អន្តរជាតិ​ស្តីអំពី ៤០​ឆ្នាំ​នៃ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ រវាង​អាស៊ាន​និង​សហភាព​អឺរ៉ុប



ភ្នំពេញ ៖ អង្គ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​”៤០​ឆ្នាំ​ នៃ​កិច្ច​សហប្រតិបត្តិការ អាស៊ាន​សហភាព​អឺរ៉ុប សមិទ្ធផល​ និង ​មាគ៌ា​ឆ្ពោះ​ទៅ​មុខ ​”​ត្រូវ​បាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​និង​ឧបត្ថម្ភ​ដោយ មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ ប្រចាំ​កម្ពុជា​ក្នុង​គោលបំណង រំឭក​ខួប​អនុស្សាវរីយ៍​ខួប​លើក​ទី​៤០ ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន​និង​សហភាព​អឺរ៉ុប​។

សន្និសីទ​អន្តរជាតិ​នេះ​ ប្រមូល​ផ្តុំ​គ្នា​រវាង​អ្នកស្រាវជ្រាវ អ្នកការទូត អ្នក​រៀប​ចំ​គោលនយោបាយ​និង​អ្នក​ពាក់​ព័ន្ធ​ផ្សេងទៀត ធ្វើការ​រួមគ្នា​ក្នុង​គោលបំណង​ពិនិត្យមើល​សមិទ្ធផល​សំខាន់ៗ​ចំណុចខ្លាំង ចំណុចខ្សោយ ភាព​ជោគជ័យ​និង​ចំណុច​ខ្វះខាត នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន និង​សហភាព​អឺរ៉ុប ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ និង​ប្រមូល​ផ្តុំ​គំនិត បទពិសោធន៍ អនុសាសន៍ និង​យុទ្ធសាស្ត្រ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​តំបន់ សន្តិភាព ភាព​សុខដុម​និង​វិបុលភាព និង​ដើម្បី​ផ្តល់​ចក្ខុវិស័យ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អា​ស៊ាន សហភាព​អឺរ៉ុប នា​ពេល​អនាគត​។

លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​មានប្រសាសន៍ថា ប្រធានបទ​សំខាន់​លើ​ទិដ្ឋភាព​បី​នឹង​ត្រូវ​លើក​យក​មក​បង្ហាញ​នូវ​ក្នុង​អង្គ​សន្និសីទ​រួមមាន​ទី​១ កិច្ច​សហប្រតិបត្តិការ​នយោបាយ​និង​សន្តិសុខ ទី​២ សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ទី​៣​កិច្ច​សហប្រតិបត្តិការ​សង្គម​វប្បធម៌​និង​ការតភ្ជាប់​។ វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​បាន​អញ្ជើញ​វាគ្មិន​និង​អ្នក​ពិភាក្សា​មកពី​បណ្តា​ប្រទេស​អាស៊ាន​និង​សហភាព​អឺរ៉ុប ឥស្សរជន​និង​អ្នកស្រាវជ្រាវ​កម្ពុជា​ដើម្បី​ចែករំលែក​ចំណេះដឹង​និង​ទស្សនៈ​របស់​ពួកគេ​លើ​ទិដ្ឋភាព​ទាំងបី​ខាងលើនេះ​។



​ជា​មួយ​គ្នា​នេះ​តំណាង​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តំណាង​អគ្គលេខាធិការ​អាស៊ាន ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក៏បាន​អញ្ជើញ​ចូលរួម​និង​ថ្លែង​សន្ទរកថា​គន្លឹះ​បើក​អង្គ​សន្និសីទ​អន្តរជាតិ​នេះ​ផងដែរ​។

លោក​បណ្ឌិត្យសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ដែល​បាន​អញ្ជើញ​ចូលរួម​បើក​អង្គ​សន្និសីទ​នេះ​បាន​មានប្រសាសន៍ថា ​សន្និសីទ​នេះ​ពិតជា​បាន​រំលេច​ឡើង​នូវ​សារៈសំខាន់ និង​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើ​សមាហរណកម្ម​តំបន់​របស់​ខ្លួន ក៏ដូចជា​បាន​ធ្វើ​ការ​ពិចារណា​អំពី​សារៈសំខាន់​នៃ​សមាគម​តំបន់​នានា ពិសេស​នៅ​ពេល​នេះ គឺ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​”​អាស៊ាន​”​។

សន្និសីទ​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​នូវ​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អាស៊ាន និង​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប ដោយ​ស្រប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់​និង​ពិភពលោក​។



លោក​បណ្ឌិតសភា​ចា​រ្យ ប្រធាន​បាន​រំលឹក​ឲ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​២០១២-២០១៧ សហភាព​អឺរ៉ុប​និង​អាស៊ាន បាន​រួម​ចំណែក​ផ្ដួចផ្ដើម​គំនិត​ក្នុង​ការ​រៀបចំ​យន្តការ​នានា ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម​នឹង​សន្តិសុខ​តំបន់ និង​ពិភពលោក ដូចជា​សន្តិសុខ លំហ​សមុទ្រ សន្តិសុខ​បច្ចេកវិទ្យា ការ​ប្រឆាំង​ភេរវកម្ម សិទ្ធិមនុស្ស ការ​រីក​សាយភាយ​អាវុធ​ប្រល័យ​លោក និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាដើម​។

លើស​ពី​នេះ​ទៅ​ទៀត តាមរយៈ​កិច្ចសហប្រតិបត្តិការ​តំបន់​នេះ អាស៊ាន -​សហភាព​អឺរ៉ុប ក៏បាន​ទទួលស្គាល់​គ្នា​ថា ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សកម្ម​មិនអាច​ខ្វះ​បាន​។​អាស៊ាន​បានចាត់ទុក​សហភាព​អឺរ៉ុប​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​លំដាប់​លេខ​២​របស់​ខ្លួន ហើយ​សហភាព​អឺរ៉ុប​វិញ​ក៏បាន​ចាត់ទុកថា អាស៊ាន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​លំដាប់​លេខ​៥​របស់ខ្លួន​ផងដែរ​។

ពាណិជ្ជកម្ម​រវាង​តំបន់​ទាំង​ពីរ​បាន​កើនឡើង​គួរ​ឲ្យ​កត់សំគាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៧ អាស៊ាន​បាន​នាំចេញ​ទៅកាន់​អឺរ៉ុប ប្រមាណ​ជា ១៣៦​ពាន់​លាន​អឺរ៉ូ ហើយ​សហភាព​អឺរ៉ុប​បាន​នាំចេញ​ទៅកាន់​អាស៊ាន​ប្រមាណ​ជា ៩១​ពាន់​លាន​អឺរ៉ូ​។

លើស​ពី​នេះ​សហភាព​អឺរ៉ុប​ជា​ដៃគូ​វិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI) ដ៏​ធំ​របស់​អាស៊ាន ដែលមាន​ទឹកប្រាក់រ​ហូ​តដល់​២៦៣​ពាន់​លាន​អឺរ៉ូ​។

ជា​រួម “​ខ្ញុំ យល់​ឃើញ​ថា មក​ទល់នឹង​ពេលនេះ​កិច្ច​សហប្រតិបត្តិការ​អា​ស៊ាន សហភាព​អឺរ៉ុប ប្រៀប​បាន​នឹង​សំណាញ់​អន្តរ​អាស្រ័យ និង​ផលប្រយោជន៍​រួម​កំពុង​កើនឡើង​ដែល​ផ្តល់​ជា​មូលដ្ឋាន​គំរូ​នៃ​កិច្ច​សហប្រតិបត្តិការ​តំបន់​និង​ពិភពលោក។ ការណ៍​នេះ​ពង្រីក​ឲ្យ​មានការ​យោគយល់​គ្នា​កាន់តែ​ច្រើនឡើង ពាណិជ្ជកម្ម​ពិភពលោក​កាន់តែ​រីកធំឡើង ការ​រក្សាសន្តិសុខ​និង​សេរីភាព ទាំង​នៅលើ​គោក និង​ការ​ចូលទៅ​លំហ​សមុទ្រ យុទ្ធសាស្ត្រ​នៃ​អាស៊ាន សហភាព​អឺរ៉ុប​កាន់តែ​ល្អប្រសើរ ដែលជា​សរសៃឈាម​ស្លាប់​រស់ នៃ​ពាណិជ្ជកម្ម និង​ជា​ចរន្ត​លំហូរ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ហើយក៏​ជា​ចលករ​ប្រកបដោយ​អានុភាព​ក្នុង​ការ​បង្កើន​នូវ​ផលប្រយោជន៍​រួម និង​ការទប់ស្កាត់​នូវ​ការ​រីកលូតលាស់​នៃ​បញ្ហា​ប្រឈម​អវិជ្ជមាន​ផ្សេងៗ ដូចជា អសន្តិសុខ​ក្នុង​តំបន់ ការ​រីកសាយ​អាវុធ​ប្រល័យ​លោក និង​អំពើ​ភេរវកម្ម​ជាដើម​”​។



លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច​បាន បញ្ជាក់​ថា កម្ពុជា​ដែល​ជា​សមាជិក​អាស៊ាន មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​កសាង​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ជុំវិញ​ពិភពលោក និង​ធ្វើ​សមាហរណកម្ម​របស់​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​និង​ពិភពលោក ដើម្បី​រក្សាសុខ​សន្តិភាព បង្កើន​ភាព​ទាក់ទាញ​វិនិយោគ បើកចំហ​ទីផ្សារ សេដ្ឋកិច្ច​សំរាប់​កម្ពុជា ឲ្យ​កាន់តែ​ទូលំទូលាយ ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ការ​ពង្រឹង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស។

“​ខ្ញុំ ជឿជាក់​ថា តាមរយៈ​កិច្ចពិភាក្សា ក្នុង​អង្គ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​”៤០​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ អាស៊ាន​សហភាព​អឺរ៉ុប សមិទ្ធផល​និង​មាគ៌ា​ឆ្ពោះទៅមុខ​” នឹង​ក្លាយជា​សារ​មួយ​នៃ​ស្មារតី និង សុ​ឆន្ទៈ​នៃ​កិច្ច​សហប្រតិបត្តិការ​អា​ស៊ាន អឺរ៉ុប ហើយ​ដាស់​អង្រួន​ដល់​ប្រជាជាតិ​ទាំងមូល​ក្នុង​តំបន់​និង​ពិភពលោក ឲ្យ​រួបរួមសាមគ្គី​គ្នា ដើម្បី​កសាង​ផែនដី​យើង​ប្រកបដោយ សុខ​សន្តិភាព សុខដុម​នីយកម្ម វិបុលភាព និង​ការអភិវឌ្ឍន៍​ពិតប្រាកដ​”៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu