ភ្នំពេញ ៖ កម្ពុជានឹងបោសសំអាតមីន និងគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យអស់នៅឆ្នាំ ២០២៥ ខាងមុខ។ នេះបើតាមការអះអាងរបស់លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅក្នុងឱកាសអញ្ជើញសួរសុខទុក្ខជនរងគ្រោះដោយសារគ្រាប់មីន ដែលសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៨នេះ ដើម្បីធានាសុវត្ថិភាព និងរំដោះដីស្រែចំការជូនប្រជា ពលរដ្ឋអាស្រ័យផល។
ក្នុងពិធីនេះដែរលោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមអាជ្ញាធរមីនកម្ពុជា បានលើកឡើងថា នៅពេលដែលគណៈប្រតិភូអាជ្ញាធរមីនកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលវិស័យសកម្មភាពមីននៅប្រទេសស្វីសនាពេលខាងមុខនេះ ភាគីកម្ពុជាយើងនឹងបង្ហាញអំពីបញ្ហាប្រឈម និងផលលំបាកនានា នៃគ្រាប់មីនប្រាប់ដល់ប្រទេសជាមិត្ត និងបណ្តាអង្គការអន្តរជាតិនានាដែលចូលរួម ដើម្បីឲ្យពួកគេបន្តជួយកម្ពុជាលើការងារបោសសំអាតកំទិចគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះឲ្យអស់នៅត្រឹមឆ្នាំ២០២៥ ព្រោះថាការងារនេះទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា បញ្ហាគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានបង្កឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋបន្សល់ទុកជនពិការ ស្ត្រីមេមាយ និងកុមារកំព្រាជាបន្តបន្ទាប់ ដែលលោកសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នពីបញ្ហាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ ដោយមិនត្រូវចូល ឬឆ្លងកាត់កន្លែងណាដែលមានការដាក់សញ្ញាក្បាលខ្មោចហាមឃាត់បញ្ជាក់ថា មានមីន សូមកុំចូលឲ្យសោះ ហើយបញ្ហាមួយទៀតក៏ត្រូវជៀសវាងដាច់ខាតមិនត្រូវយកមីន ឬគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទៅវាយដំកែច្នៃធ្វើជារបស់ប្រើប្រាស់នោះទេ ព្រោះវាងាយរងគ្រោះដល់អាយុជីវិតជាទីបំផុត។
លោក វ៉ឹងឌីម រស់នៅភូមិអូរសំបូរ ឃុំក្តីដូង ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ ដែលជាជនរងគ្រោះដោយសារមីននៅខេត្តព្រះវិហាកាលពីខែមុន ដែលកំពុងដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ បានបង្ហាញការសោកស្តាយ និងរន្ធត់យ៉ាងខ្លាំងចំពោះគ្រោះថ្នាក់ដោយសារមីននេះ បណ្តាលឲ្យលោកពិការជើងឆ្វេង មិនអាចធ្វើការអ្វីកើត ហើយគ្រួសារក្រីក្រមានកូន ៦នាក់ ក្នុងបន្ទុកទៀតមិនដឹងមានអ្វីជាទីពឹងទៅថ្ងៃមុខនោះទេ។
តាមរបាយការណ៍អាជ្ញាធរមីនបង្ហាញថា កាលពីទសវត្សរ៍៩០ ប្រជាជនកម្ពុជារងគ្រោះដោយសារមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ៤ពាន់នាក់ក្នុងមួយឆ្នាំៗ។ បច្ចុប្បន្ន ដោយមានការគាំទ្រពីអង្គការជាតិ អន្តរជាតិ និងពីបណ្តាប្រទេសជាមិត្ត បញ្ហាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺមានថយចុះមកត្រឹមតែប្រមាណ ៥០នាក់ប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments