ភ្នំពេញ ៖ ស្របពេលដែលអាជីពសិល្បៈកំពុងតែទទួលបានភាពជោគជ័យនិង ការគាំទ្រពីសំណាក់ទស្សនិកជន តារាចម្រៀងមានដើមកំណើតមកពីទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបអង្គរកញ្ញា គង់ ចាន់រដ្ឋា ថ្មីៗនេះ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ក្រោយពេលដែលម្ចាស់ខ្លួនទម្លាយពីការសាងសងវិឡារស្កឹមស្កៃមានតម្លៃខ្ទង់រាប់ម៉ឺនដុល្លារ។
ជាមួយគ្នានៃការទម្លាយរូបភាពបង្ហាញឲ្យឃើញពីផ្ទះវិឡារថ្មីមានតម្លៃរាប់ម៉ឺនដុល្លារនេះដែរតារាចម្រៀងម្ចាស់បទ កុំហៅខ្ញុំថាស្រីចាស់ កញ្ញា គង់ ចាន់រដ្ឋា ក៏បានប្រកាសប្រាប់មហាជនឲ្យដឹងជាសាធារណៈថា វិឡារកូនកាត់របស់នាងដែលចំណាយពេលសាងសង់អស់រយៈពេលជាច្រើនខែមកហើយនោះ បច្ចុប្បន្នគឺសាងសងជិតរួចរាល់បាន១០០ភាគរយហើយ។
ចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុកតារាស្រីស្រស់កញ្ញា គង់ ចាន់រដ្ឋា កាលពីថ្មីៗមុននេះនាង ទើបបង្ហោះសារភ្ជាប់ជាមួយរូបភាពនៃផ្ទះវិឡារកូនកាត់នោះថា ផ្ទះវិឡារកូនកាត់របស់ខ្ញុំជិតរួច១០០ភាគរយហើយ វាមិនធំទេ តែចង់ប្រាប់ថា រដ្ឋា មានសេចក្ដីសុខណាស់ ជួបគ្នាឆាប់ៗនេះណាកូនសំណប់ ហើយចាំទុកមនុស្សមួយចំនួន….។
លើសពីនេះទៅទៀតតារាចម្រៀងកញ្ញា គង់ ចាន់រដ្ឋា បានបង្ហើបប្រាប់កម្ពុជាថ្មីឲ្យដឹងនាព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០១៨ថា រូបភាពដែលខ្ញុំបានបង្ហោះនៅលើបណ្តាញសង្គមនោះពិតជាវិឡារផ្ទាល់ខ្លួនដែលខ្ញុំបានចំណាយពេលសាងសង់អស់ជាច្រើនខែមកហើយ។ វិឡារនេះគឺជាប្រភេទកូនកាត់ដែលខ្ញុំត្រូវចំណាយលុយលើការសាងសង់អស់ចំនួនជាង១០ម៉ឺនដុល្លារឯណោះ។
ចំពោះផ្ទះវិឡារថ្មីសាងសង់យ៉ាងស្កឹមស្កៃរបស់តារាចម្រៀងកញ្ញា គង់ ចាន់រដ្ឋា ខាងលើនេះគឺមានទីតាំងស្ថិតនៅម្តុំព្រលានយន្តហោះពោធិ៍ចិនតុង។ ចំណែកឯទឹកលុយដែលបានចំណាយនោះគឺជាលុយបានមកពីកម្លាំងញើសឈាមនៃការងារសិល្បៈនិងអាជីពផ្ទាល់ខ្លួនទាំងអស់ពោលគឺពុំមានការជួយទំនុកបម្រុងពីភាគីណាមួយនោះទេ ដូច្នេះសូមទស្សនិកជនកុំមានការសង្ស័យលើរឿងរ៉ាវនេះ។
សូមបញ្ជាក់ថាតារាចម្រៀងស្រអែមស្រស់កញ្ញា គង់ ចាន់រដ្ឋា បច្ចុប្បន្នក្រៅពីជោគជ័យលើអាជីពសិល្បៈនាងក៏ទទួលបានការគាំទ្រកាន់តែខ្លាំងពីសំណាក់មហាជនផងដែរតាមរយៈបទចម្រៀង កុំហៅខ្ញុំថាស្រីចាស់។មិនតែប៉ុណ្ណោះចំពោះជីវិតគូស្នេហារបស់នាងជាមួយតារាចម្រៀងនិងមន្ត្រីនគរបាលលោក ស៊ិន សុភា ហាក់កាន់តែមានភាពផ្អែមល្ហែមនិងស្និទ្ធស្នាលប្រៀបដូចជារលកញីឈ្មោះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments