ក្រសួងបរិស្ថានសហការជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា បានរៀបចំការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គតំបន់អភិរក្ស Rally Red ២០១៨ ក្រោមប្រធានបទ" រួមគ្នាដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ"។ ការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្ស Rally Red ២០១៨ បានចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងបរិស្ថានថា ជាលើកទី១ ដែលក្រសួងបរិស្ថាន បានសហការជាមួយនឹងសហព័ន្ធកីឡាយានយន្តកម្ពុជា រៀបចំការប្រណាំងរថយន្តនេះ។ លោកនេត្រ ភក្ត្រា អោយដឹងទៀតថា ការប្រណាំងរថយន្តក្រោមប្រធានបទ "រួមគ្នាដើម្បីការពារ និងអភិរក្សធនធានធម្មជាតិនេះ" ធ្វើឡើងដោយឆ្លងកាត់ខេត្តចំនួន ៣ គឺខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តព្រះសីហនុ។ នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិគិរីរម្យ។ ក្នុងខេត្តកំពត ត្រូវឆ្លង កាត់តំបន់ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ហើយនៅក្នុងខេត្តព្រះសីហនុ ឆ្លងកាត់តំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូងដែលមានចម្ងាយផ្លូវសរុបជាង ៦៣០ គឺឡូម៉ែត្រ។
លោក ហូ សិទ្ធីគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងអ្នករៀបចំកម្មវិធីប្រណាំងរថយន្ត Rally Red ២០១៨ បានថ្លែងឱ្យដឹងថា នៅក្នុងការប្រកួតដែលមានរយៈពេល ៤ ថ្ងៃនោះ គឺមានការចូលរួមពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិរួម និងអ្នកសម្របសម្រួលកម្មវិធីសរុបទាំងអស់ប្រមាណ៨០នាក់ ដែលមកពី ៥ប្រទេស គឺកម្ពុជា ថៃ អូស្ត្រាលី នូវែលសេឡង់ វ៉ែល ស្កត់ឡែន។
លោក ហូ សិទ្ធីគុណ បានឲ្យដឹងទៀតថា កម្ពុជាសម្បូរដោយធនធានធម្មជាតិ ដែលត្រូវបង្ហាញដល់ពិភពលោកទាំងមូលឱ្យបានដឹង ។ប៉ុន្តែលោកបញ្ជាក់ថា ការប្រណាំងរថយន្តនេះ ពុំមែនតែដើម្បីការកម្សាន្តនិងការពង្រឹងលើបច្ចេកទេសនៃការប្រណាំង ដើម្បីឈានទៅចូលរួមប្រណាំងរថយន្តជាលក្ខណៈអន្តរជាតិផ្សេងៗទៀតនោះទេ គឺដើម្បីផ្សាភ្ជាប់ជីវិតរបស់កីឡាករ កីឡាការិនីទៅនឹងធនធានធម្មជាតិនៅប្រទេសកម្ពុជា។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ពីសារប្រយោជន៍ថា ដើម្បីផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិដែលកម្ពុជាមានឱ្យប្រជាពលរដ្ឋបានដឹង ចូលរួមពង្រឹងការផ្សព្វផ្សាយពីការអនុវត្តច្បាប់ និងផ្សព្វផ្សាយពីភាពសម្បូណ៌បែបនៃធនធានធម្មជាតិ ព្រៃឈើ និងជីវចម្រុះគ្រប់ប្រភេទដែលប្រទេសកម្ពុជាមាន និងជំរុញឱ្យមានការចូលរួមរបស់សាធារណជនក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យបាន គង់វង្ស និងចូលរួមការពារបរិស្ថានឱ្យមាននិរន្តរភាព។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ជឿជាក់ថា តាមរយៈការផ្សព្វផ្សាយពីការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ នឹងធ្វើឱ្យពលរដ្ឋបានដឹងពី សក្តានុពលទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅជុំវិញតំបន់ការពារធម្មជាតិ ការបង្ហាញពីទេសភាពស្រស់បំព្រងនៃព្រៃព្រឹក្សា ស្រែចម្ការ និងជីវចម្រុះគ្រប់ប្រភេទ ហើយក៏ឆ្លងកាត់កំណាត់ផ្លូវលំបាកៗរួមមានផ្លូវភ្នំ ផ្លូវភក់ ផ្លូវដីក្រហម ផ្លូវខ្សាច់ ផ្លូវមានឧបសគ្គ។
លោកបន្តថា បច្ចុប្បន្ននេះធម្មជាតិចំនួន ៥២ និងរបៀងអភិរក្សជីវចម្រុះ ៣ ( ឦសាន ឧត្តរ និងជួរភ្នំក្រវាញ) មានផ្ទៃដីសរុបទំហំប្រមាណ ៧ ២៣៩ ៩២០ ហិកតា ស្ថិតនៅក្រោមការការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន។ លោក នេត្រ ភក្ត្រា គូសបញ្ជាក់ថា ព្រឹត្តិការណ៍របៀបនេះ នឹងត្រូវសហការរៀបចំបន្តទៀតជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា ដើម្បីផ្សព្វផ្សាយពីតំបន់ ការពារធម្មជាតិរបស់កម្ពុជាដល់ប្រជាពលរដ្ឋខ្មែរ និងប្រជាជននៅលើពិភពលោកដើម្បីឱ្យពួកគាត់បានដឹងពីភាពសម្បូណ៌បែបនៃធនធានធម្មជាតិនិងជីវចម្រុះនៅក្នុងប្រទេស កម្ពុជា និងរួមគ្នាអភិរក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។
សូមបញ្ជាក់ថា ការប្រណាំងរថយន្តលក្ខណៈបែប នេះ ត្រូវបានរៀបចំម្តងរួចមកហើយ កាលពីពេលកន្លងមក នៅក្នុងទឹកដីខេត្ត មណ្ឌលគិរី៕
Source: Kampuchea Thmey Daily
0 Comments