Ad Code

ដី​ព្រៃ​ប្រមាណ​ជាង​៣២២៨​ហិកតា​០៣៨​អា នៅ​តំបន់ អូរ​ថ្ម​ស្ថិត​ក្នុងស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់ នឹង​ធ្វើ​ការ​ដាំដុះ​ដើមឈើ​ឡើងវិញ



ព្រះសីហនុ​ ៖ ​ដី​ព្រៃ​ឈើ​តំបន់​អូរ​ថ្ម ស្ថិត​ក្នុង​ស្រុក​ចំនួន​២ គឺ​ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ​ទំហំ​ប្រមាណ​៣២ ២៨​ហិកតា​ និង​០៣៨​អារ ដែល​កន្លងមក​រង​ការ​កាប់​បំផ្លាញ ឈូសឆាយ​ពី​សំណាក់​ក្រុម​មន្ត្រី​មាន​បុណ្យស័ក្ដិ​មានអំណាច​ធំៗ ក៏ដូចជា ក្រុម​ឧកញ៉ា មាន​មាន​លុយ មាន​ឥទ្ធិពល មួយចំនួន រួម​នឹង​ក្រុម​ប្រជាពលរដ្ឋ​ខិលខូច ក្នុង​គោលដៅ​វាតទី​យក​ដី ​ព្រៃ​ឈើ​ធម្មជាតិ​ទាំង​នោះ ធ្វើជា​កម្មសិទ្ធិ ឯកជន​ដោយ​ខុសច្បាប់​នោះ នឹង​ត្រូវ​ធ្វើការ ដាំ​ដុះ​ព្រៃឈើ ដើម្បី​រក្សា​ការពារ ធនធាន​ធម្មជាតិ​ឡើងវិញ។

លោក ឌី សុខុម ប្រធាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ផ្ទៃដី​ទំហំ ប្រមាណ ៣២២៨ ហិកតា និង​០៣៨​អារ ខាងលើនេះ ក្រោយពី​បញ្ចប់​យុទ្ធនាការ បោស​សម្អាត​ភាព​អនាធិបតេយ្យ​ ក្រសួងកសិកម្ម បានសម្រេច ធ្វើ​ការ​ដាំ​ដើមឈើ ឡើងវិញ តាម ការ​ស្នើ​សុំ​របស់ រដ្ឋបាល​ខេត្ត​ព្រះសីហនុ។ សកម្មភាព​ការ​ដាំ​ដើមឈើ នឹង​ចាប់ផ្តើម ពីថ្ងៃ នេះ​តទៅ ដោយ​ជំហាន​ដំបូង រដ្ឋបាល​ព្រៃឈើ នឹង​រៀបចំ ថ្នាល​បណ្ដុះ​កូន​ឈើ ជា​មុន​សិន​ ព្រម​ទាំង​លើក​ប្លាក​ប៉ាណូ​ធ្វើការ ផ្សព្វផ្សាយ​​ព័ត៌មាន​បន្ថែម ស្តីអំពី​ច្បាប់ អនុញ្ញាត​របស់​ក្រសួងកសិកម្ម លើ​​ទំហំ​សរុប ៣២២៨ ហិកតា និង​០៣៨​អារ ក្នុង​គោលដៅ ច្បាស់លាស់ ដើម្បី ឲ្យ​ប្រជាពលរដ្ឋ មានការ​យល់ដឹង ឲ្យ​រឹត​តែ​ច្បាស់ ជាពិសេស គឺ​ក្រុម​អ្នកមាន​បំណង ធ្វើ សកម្មភាព​ទិញ​លក់​ដី​តំបន់​នេះ​បង្ក​​ភាព​អនាធិបតេយ្យ ឲ្យ​បានដឹង និង​បញ្ឈប់​សកម្មភាព របស់​ខ្លួន ចៀសវាង ប្រឈមមុខ​នឹង​ទោស​ទណ្ឌ។ ជាមួយគ្នា លោក ឌី សុខុម ក៏បាន ធ្វើការ បញ្ជាក់​ផង​ដែរ​ថា ការ​លើក​​ប្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ខាង​លើ​នេះ ត្រូវ​បាន​លើក ដាក់​រួចរាល់​ហើយ នា​ថ្ងៃ​ទី​៣១​ ខែ​តុលា ឆ្នាំ​២០១៨​នេះ គឺ​ដាក់​ចំនួន ៣​ចំណុច សំខាន់ គឺ​ទី​មួយ តំបន់ ក្បែរ​ស្ពាន អូរ​ថ្ម ស្រុក​ព្រៃនប់ និង​ទី​២ ដាក់​នៅ​ព្រំប្រទល់ ស្រុក ស្ទឹងហាវ និង ទី​ដាក់ ក្នុង តំបន់​ក្បាលឆាយ។
ក្នុង​ឱកាលនោះ ឧកញ៉ា លោក ថន វិ​រៈ ដែលជា​សប្បុរសជន ក្នុង​ការ​ជួយ​ឧបត្ថម្ភ សេវាកម្ម​គ្រឿងចក្រ ឈូស​ឆាយ ផ្ទៃដី សម្រាប់​ដាំ ដើមឈើ និង សាងសង់​អាគារ ថ្នាល​បណ្ដុះ កូនឈើ រួម​នឹង ថ្នាល​បណ្ដុះ​ដាំ​ផ្កា គ្រប់​ប្រភេទ សម្រាប់​ ផ្គត់ផ្គង់ ខេត្ត​ព្រះសីហនុ ក៏បាន​មាន​ ប្រសាសន៍​ផងដែរ​ថា អ្វីដែល​លោក​អាចជួយ​បាន​គឺ​លោក ជួយ​ដោយ​ចិត្ត ស្មោះ ដើម្បី​​រួម​ចំណែក​ ក្នុង​ការ​ដាំដុះ​ និង ថែរក្សា ការពារ​ព្រៃឈើ ឡើងវិញ ពីព្រោះ​នេះ គឺជា​គោលដៅ ការពារ​ផល​ប្រយោជន៍​ ធនធាន​ជាតិ​របស់​យើង​ទាំង​អស់គ្នា ហើយ​លោក​សង្ឃឹមថា ​ការ​យក​ចិត្ត​ទុកដាក់​ការពារ​ដាំ​ដុះ​ព្រៃឈើ ដូចនេះ នឹង​មាន​ជា បន្តបន្ទាប់​ទៀត ដើម្បីរួម​ចំណែក​ក្នុង ការ​អភិវឌ្ឍ​ធនធាន​ធម្មជាតិ ប្រទេសជាតិ ទៅ​ថ្ងៃ​អានាគត ជាពិសេស កិច្ច​ការពារ​បរិស្ថាន ជា​ចំណុច​មួយ​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​ការ​ចាប់​​អារម្មណ៍​ផង​ដែរ។

គួរ​បញ្ជាក់​ផងដែរ​ថា ដី​ព្រៃឈើ​ធម្មជាតិ ដែលជា​ដី​រដ្ឋ តំបន់ អូរ​ថ្ម ខាងលើនេះ បាន​រង ការ​កាប់បំផ្លាញ យ៉ាង​ពេញបន្ទុក នៅក្នុង​អំឡុង ដើមឆ្នាំ ២០១៨មុន​ឧកាស​បោះឆ្នោត ជ្រើសរើស តំណាងរាស្ត្រ ​អាណត្តិ​ទី​៦ ដោយ មេខ្លោង​ធំជាងគេ ក្នុងការ​បំផុស និង​នាំ​គ្រឿងចក្រ ចូល ទៅ​ឈូស​ឆាយ បំផ្លាញ ដី​តំបន់ហាមឃាត់​ខាងលើនេះ គឺ មាន​មនុស្ស​ពីរ​នាក់​គឺ​ទី​១ ឈ្មោះ ជួន ទី មាន​ឋានៈ​ពាក់​ផ្កាយ​មួយ ជា​ទាហាន​ មូលដ្ឋាន​រាម និង មួយទៀត ឈ្មោះ ម៉ៅ មករា មាន​ឋានៈ ផ្កាយ ២ ដែល​អះអាង​ថា​ខ្លួន ជា​ជំនួយការ​ផ្ទាល់ របស់ នាយ​ឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ នេះ​បើតាម​ការអះអាង របស់ មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដែល​បានធ្វើ​របាយ​ការណ៍ ដាក់​ចូលទៅ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​កន្លង មក។

ដោយឡែក ​សម្រាប់​ប្រជាពលរដ្ឋ ដែល​ចូល​ទៅធ្វើ​សកម្មភាព​ផងដែរ​នោះ ពួកគេ​ហ៊ាន​ក៏ដោយ​សារ ក្រុម​មេខ្លោង​ទាំងពីរ​នាក់ ខាងលើ នេះដែរ ជាហេតុ​ធ្វើ​ឲ្យ​តំបន់​នោះ ក្លាយជា​តំបន់​អនាធិបតេយ្យ យ៉ាង​ពេញ ទំហឹង ហើយ ព្រៃឈើ ទំ​ហំ​រាប់ពាន់​ហិកតា ត្រូវ​ឈូស​ឆាយ កាប់បំផ្លាញ អស់ គ្មាន​សល់​ក្នុង​មួយ​ប៉ប្រិចភ្នែក គួរ​ឲ្យ​ស្រណោះ។ ប៉ុន្តែ​សម្រាប់​ពេលនេះ ភាព​អនាធិបតេយ្យ​នៃ​តំបន់​ខាងលើ ត្រូវ​បាន​គណៈកម្មការ ​ចម្រុះ​របស់ រដ្ឋបាល​ខេត្ត ដឹកនាំ​ដោយ លោក​ស្រ៊ុន​ស្រ៊ន​អភិបាលរង​ខេត្ត​ព្រះសីហនុ ធ្វើការ បោស​សម្អាត​ អស់​មួយ​ចំនួន​ធំ​ហើយ គឹ នៅសល់តែ មេខ្លោង ឈ្មោះ ទៀត ឈ្មោះ ម៉ៅ មករា មាន​ឋានៈ ផ្កាយ ២ ដែល​អះអាង​ថា​ខ្លួន ជា​ជំនួយការ​ផ្ទាល់ របស់ នាយ​​ឧត្ដមសេនីយ៍​ប៉ុណ្ណោះ ដែល​មិន​ព្រម​​ដក​ខ្លួន​ចេញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu