អ្នកប្រដាល់ជើងចាស់ឈឿន ឆៃដែន ក្លិបនិរោធមានជ័យ គេនឹងជួបប្រកួតជាមួយ អ្នកប្រដាល់ថៃFanimit Phran26 នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នារសៀលថ្ងៃសៅរ៍ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម ។ ពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាទេកន្លងមក ។ បើនិយាយពីបច្ចេកទេសនិងល្បិចកលប្រកួត ពួកគេទាំងពីរមានដូចគ្នា ។
ឈឿន ឆៃដែន គេជាអ្នកប្រដាល់ជើងចាស់ ដែលមានកាយសម្បទារឹងមាំ និងវាយខ្លាំង និងធ្លាប់ផ្តួលជើងចាស់អស់ច្រើននាក់មកហើយ តែមួយរយះចុងក្រោយនេះឆៃដែន រាងចុះខ្សោយកម្លាំង ដែលធ្វើអោយការប្រកួតរបស់គេចាញ់រហូត ។
ជាក់ស្តែង ៤ប្រកួតចុងក្រោយជាមួយថៃនោះ គឺវាយចាញ់ទាំង៤ប្រកួត ដែលការប្រកួតលើកចុងក្រោយគេ ឆៃដែន វាយចាញ់Yorth Phit ក្នុងទឹកទី២។ តែយ៉ាងណា ឈឿន ឆៃដែន ជួបជាមួយ Fanimit Phran26 លើកនេះ មិនប្រាកដថាចាញ់នោះទេ ។
Fanimith ជាអ្នកប្រដាល់ថៃដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរពីរបីដងហើយកន្លងមក ។ អ្នកប្រដាល់ថៃនេះ មានកំនត់ត្រាប្រកួតចំនួន៦៨លើក ឈ្នះ៥៥លើក ចាញ់១២លើក ស្មើ០១លើក ។ អ្នកប្រដាល់ថៃម្នាក់នេះ មានកាយសម្បទារឹងមាំ មានកម្ពស់ប្រហាក់ប្រហែលឆៃដែន ដែរ គឺ១,៧០ម៉ែត្រ ហើយឆៃដែន ១,៦៨ម៉ែត្រ ។ តែយ៉ាងណា Fanimith មិនដឹងថា អាចវាយឈ្នះអ្នកប្រដាល់កម្ពុជាឈឿន ឆៃដែន បានឬអត់នោះទេ? ។
ឈឿន ឆៃដែន ជាអ្នកប្រដាល់ជើងខ្លាំងជើងចាស់ ដែលធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃរាប់សិបនាក់ហើយនាពេលកន្លងមក តែមួយរយៈចុងក្រោយនេះ គេស្រុតធ្លាក់ខ្លាំងដោយវាយចាញ់ថៃរហូត ដែលការជួបថៃចុងក្រោយគេនោះ ឆៃដែន ត្រូវYorth Phit វាយអោយបោះបង់ការប្រកួតក្នុងទឹកទី២ប៉ុណ្ណោះ ។ និយាយជារួម ក្នុងការប្រកួតចំនួន៧០លើក ឆៃដែន វាយឈ្នះ៥៨លើក ចាញ់១២ លើក មិនដែលស្មើ ។
យ៉ាងណា សំរាប់ការជួបអ្នកប្រដាល់ថៃFanimit លើកនេះ គេពុំមានជំនឿទុកចិត្តលើ ឈឿន ឆៃដែន ថានឹងអាចយកឈ្នះFanimit នេះបានណោះឡើយ ព្រោះថាអ្នកប្រដាល់ថៃរូបនេះគេមកប្រកួតលើកចុងក្រោយនេះ វាយឈ្នះយ៉េន ឌីណា សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ដោយពិន្ទុ ។
ទោះជាយ៉ាងណា អ្នកប្រដាល់ថៃរូបនេះ មិនប្រាកដថាឈ្នះឈឿន ឆៃដែននោះឡើយ ហើយឆៃដែន ក៏មិនប្រាកដថាអាចយកឈ្នះ Fanimit នេះ បានឬអត់នោះដែរ ?ព្រោះឈឿន ឆៃដែន វាយធ្លាក់ចុះខ្លាំងពេកមួយរយៈចុងក្រោយនេះ ។
ចំពោះ ចាន់ ស៊ីណាត អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ក្លិបនិរោធមានជ័យ នឹងត្រូវជួបសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់ថៃ Phetch Chhumphol ។ ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០ គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះ ពុំធ្លាប់ដែលមកកម្ពុជានោះទេកន្លងមក ។ ជាលើកទី១ហើយ ដែល Phetch Chhumpholបានមកជួបប្រកួតជាមួយអ្នកប្រដាល់ខ្មែរនោះ ។
ស៊ីណាត ជាជើងខ្លាំងស្រករក្រោយម្នាក់នៅកម្ពុជា ។ គេមានកណ្តាប់ដៃ និងជង្គង់ល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់និងជង្គង់ កែង ក៏ល្អថែមទៀត ។ តែអ្នកប្រដាល់រូបនេះ វាយរាងឆាប់អស់កម្លាំងស៊ុហ្វ តែស៊ូចំពោះការប្រកួត ។ ស៊ីណាត មានប្រវត្តិប្រកួតប្រមាណ១០៥លើក ក្នុងនោះវាយឈ្នះ៩២លើកចាញ់ ១៣លើក និងស្មើ០៧លើក និងធ្លាប់ផ្តួលគូប្រកួតអោយសន្លប់បាន៣២លើក។ គេជាអ្នកប្រដាល់ដែលមានចិត្តធំ វាយមិនសំចៃដៃឡើយ ។ ប៉ុន្តែយ៉ាងណា ចាន់ ស៊ីណាត មិនអាចមើលស្រាលប្រាច័ន្ទបាន បានទេ ព្រោះថាអ្នកប្រដាល់ថៃរូបនេះ គេក៏មានផ្លែល្អ និងកលល្បិចខ្ពស់ផងដែរ។
Phetch Chhumphol ជាជើងខ្លាំងមួយរូបដែរនៅស្រុកថៃ ។ បើតាមដំណឹងថា អ្នកប្រដាល់ថៃរូបនេះ ធ្លាប់ប្រកួតបាន៧៨លើក ឈ្នះ៦៦លើក ចាញ់១១លើក និងស្មើ០១លើក ។ ចាំមើល ចាន់ ស៊ីណាត តើគេអាចយកឈ្នះ Phetch Chhumphol បានឬអត់? ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ឌឹម សារិទ្ធ អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.ម នឹងត្រូវជួបប្រកួតជាមួយផាត់ សូដា អ្នកប្រដាល់ក្លិបអេភូថងកីឡា ដោយប្រកួតក្នុងទម្ងន់៥៧គីឡូក្រាម ៕
Source: Kampuchea Thmey Daily
0 Comments