Ad Code

នគរបាល​ខណ្ឌ​ដូនពេញ ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ម្នាក់​ ក្រោយពី​ជិះ​ម៉ូតូ​ឆក់​កាបូបស្ពាយ​របស់​ស្ត្រី​ជនជាតិ​បារាំង



ភ្នំពេញ ​៖​ ជន​សង្ស័យ​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ ខណៈ​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ជនជាតិ​បារាំង​កំពុង​ដើរ​ជាមួយ​មិត្ត​ប្រុស បាន​សម្រេច​ ហើយ​ព្យាយាម​ជិះ​រត់​គេច​ខ្លួន​ តែ​ត្រូវ​ជនរងគ្រោះ​ស្រែ​ឆោឡោ​ផ្អើល​សមត្ថកិច្ច​កំពុង​ល្បាត​ក្បែរ ​ដេញ​តាម​ក្របួច​ជាប់​ម្នាក់​និង​បក្ខពួក​ម្នាក់ទៀត​រត់គេច​ខ្លួន​បាត់​កាលពី​វេលា​ម៉ោង ២០​និង​៣០​នាទី​យប់​ថ្ងៃ​ពុធ ៧​រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ​ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​១៧៨​កែង ផ្លូវ​ព្រះ​នរោត្តម​ភូមិ​០៩ សង្កាត់​ជ័យជំនះ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

​មន្ត្រី​នគរបាល​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា ករណីនេះ ​បង្កឡើង​ដោយ​ជនសង្ស័យ​មាន​បក្ខពួក​២​នាក់ ​ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1I 2664​មកពី​ក្រោយ​ជនរងគ្រោះ ​ហើយ​ជនសង្ស័យ​ឈ្មោះ ហេង ភេទ​ប្រុស​ អាយុ​ប្រហែល​២០​ឆ្នាំ ដែល​អង្គុយ​ពីក្រោយ បានធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​ស្ត្រី​ជា​ជនរងគ្រោះ​ជនជាតិ​បារាំង​ ដែល​កំពុង​ដើរ​ជាមួយ​មិត្ត​ប្រុស​តាមផ្លូវ​លេខ​១៧៨ ពី​ទិស​កើ​តទៅ​លិច បានសម្រេច។ ពេលនោះ​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោ ហើយ​ត្រូវបាន​កម្លាំង​ល្បាត​របស់​ខណ្ឌ និង​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​ជ័យជំនះ​ឃើញ​ហេតុការណ៍ ក៏បាន​ដេញ​ប្រផាប់​ចាប់​ប្រភីង ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ​ង្វៀង យ៉ាំង​ធួ​យ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជា​អ្នកបើក​ម៉ូតូ ​រួម​ជាមួយ​វត្ថុតាង ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1I 2664 ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​និង​កាបូបស្ពាយ​របស់​ជនរងគ្រោះ​នាំមក​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យជំនះ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ហេង បាន​រត់​គេច​ខ្លួន​បាត់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឃាត់ខ្លួន​បាន​ឈ្មោះ​ង្វៀង យ៉ាង​ធួ​យ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ជនជាតិ​វៀតណាម ​មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ស្នាក់​នៅ​លើ​ទូក​មាត់ទន្លេ​ សង្កាត់​ចាក់​អង្រែ​ក្រោម​ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។​ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ROUX RAPHAELLE. ភេទ​ស្រី​អាយុ​២៦​ឆ្នាំ ​ជនជាតិ​បារាំង​មុខរបរ​ទេសចរណ៍​កាន់​លិខិតឆ្លងដែន​លេខ​12A P66853. ស្នាក់នៅ​សណ្ឋាគារ​មណ្ឌល​គី​រី​ផ្លូវ​លេខ​៦៣ ​សង្កាត់​បឹងរាំង ​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បានធ្វើ​តេស្ត​ទឹកនោម​លើ​ជនសង្ស័យ​ឈ្មោះ​ង្វៀង យ៉ាំង​ធួ​យ ជា​លទ្ធផល​គឺ​អវិជ្ជមាន​(​គ្មាន​សារធាតុ​ញៀន​)​។

បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ​ង្វៀង យុំា​ង​ធួ​យ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕
រស្មី​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu