Ad Code

ម៉ឺង​ៗ​​​ ជា​សញ្ញា​ថា ​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៨​និង​២០១៩​​ សូម​សិស្ស​ចាស់​ថ្មី និង​មាតា​បិតា​នាំ​កូន​ចាប់ពី​អាយុ​៦​ឆ្នាំ ​មក​ចូលរៀន​ឲ្យ​បាន​គ្រប់គ្នា



បន្ទាយមានជ័យ​ ៖​ ម៉ឺង​ៗ​នេះ ​ជា​សញ្ញា​ប្រាប់​ឲ្យ​ដឹង​ថា​ ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៨​និង​២០១៩​ចូល​មក​ដល់​ហើយ សូម​សិស្ស​ចាស់ ថ្មី និង​មាតា​បិតា​សិស្ស ​នាំ​កូន​ចាប់ពី​អាយុ​៦​ឆ្នាំ ​មក​ចុះឈ្មោះ​ចូលរៀន​ឲ្យ​បាន​គ្រប់​ៗ​ចាប់ពី​ថ្ងៃនេះ​តទៅ។

ពិធី​នេះ​ ប្រព្រឹត្តិ​ទៅ​ នៅ​វេលា​​​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ នៅ​វិទ្យាល័យ​សិរីសោភ័ណ ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ការ​ចូលរួម​ពី​ លោក​សួន​បវរ​ អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឈូ​ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត​បន្ទាយមានជ័យ លោក​ហ៊ឹល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ អង្គភាព មន្ទីរ​ជុំវិញ​ខេត្ត​ រួម​ជាមួយ​ សិស្សានុសិស្ស​ជាច្រើន​រយ​នាក់។

ក្នុង​នោះ​លោក​ឈូ​ ប៊ុន​រឿង​ បាន​មាន​ប្រសាសន៍​ថា​ ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ ​ជា​សញ្ញា​ប្រាប់​ដល់ មាតាបិតា​សិស្ស សិស្សានុសិស្ស ទូទាំង​ប្រទេស​ឲ្យ​បាន​ដឹង​ថា ​ថ្ងៃនេះ​ជា​ថ្ងៃ​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៨​ចូល​មក​ដល់​ហើយ ​សូម​ឲ្យ មាតាបិតា​សិស្ស ដែល​មាន​កូន​ចាប់​អាយុ​៦​ឡើង​សូម​រួសរាន់​យក​កូនប្រុស ស្រី​មក​ចុះឈ្មោះ​ចូលរៀន​ឲ្យ​បាន​ទាន់​ពេល​វេលា​ ដោយ​មិន​បាច់​បង់​ប្រាក់​ក្នុង​ការ​ចូលរៀន​នោះ​ឡើយ។

ចំណែក​សិស្សានុសិស្ស​ចាស់​ត្រូវ​រៀបចំ​ខ្លួន​ប្រាណ​ជា​ឯកសណ្ឋាន​សិស្ស​ឲ្យ​បាន​ស្អាត​ចូលរៀន​តាម​ថ្នាក់​រៀង​​ៗ​ខ្លួន​ចាប់ពី​ថ្ងៃ​បើក​បវេសនកាល​នេះ​តទៅ។ លោក​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ឆ្នាំ​សិក្សា​ថ្មី​នេះ ​វា​មាន​សរៈ​សំខាន់​ណាស់​សម្រាប់ សិស្ស និស្សិត​ ដែល​ជា​កុលបុត្រ កុលធីតា​ជាទី​ស្រឡាញ់​របស់​យើង​គ្រប់គ្នា​បាន​បន្ត​ការ​សិស្សានុសិស្ស​រៀន​សូត្រ​នៅ​ថ្នាក់ខ្ពស់​បន្ត​ទៀត ​និង​ជា​ថ្ងៃ​ផ្ដើម​នៃ​ជីវិត​សិក្សា​ដំបូង​របស់​កុមារ​ ដែល​ទើប​នឹង​ដល់​អាយុ​ត្រូវ​ចូលរៀន។

ក្នុង​នោះ ​សិស្ស​ឈ្មោះ ហុង រក្សា រៀន​នៅ​ថ្នាក់​ទី​១២D​នៃ​វិទ្យាល័យ​សិរីសោភ័ណ​បាន​ឡើង​ប្ដេជ្ញា​ចិត្ត​ថា​ ដើម្បី​ជា​សក្ខីភាព​នៃ​ការ​យកចិត្តទុកដាក់​ចំពោះ​វិស័យ​អប់រំ ចំពោះ​កុមារា ​និង​កុមារី យុវជន និង​យុវនារី​ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ ដែល​ជា​អនាគត ​នឹង​ក្លាយ​ជា ​សសរ​ទ្រូង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ។ កញ្ញា​បាន​ឡើង​ប្ដេជ្ញា​ចិត្ត​ចិត្ត​ថា​ ខំ​គោរព​ដំបូន្មាន​របស់ឪពុក ម្ដាយ និង​លោកគ្រូ​និង​អ្នកគ្រូ​ប្ដេជ្ញា​រៀន​សូត្រ​ឲ្យ​ក្លាយទៅជា កូន​ល្អ សិស្ស​ល្អ និង​មិត្ត​ល្អ និង​ប្ដេជ្ញា ជាស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ឲ្យ​បានជា​ដាច់ខាត​។​

លោក​សួន​បវរ​ក៏បាន​មានប្រសាសន៍​ដែរ​ថា ការ​ប្រារព្ធ​បើក​ទិវា​បវេសនកាល​នេះ​ឡើង​ ដើម្បី​ដាស់​ស្មារតី​សិស្សានុសិស្ស​ឲ្យ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការសិក្សា​របស់​ខ្លួន​គ្រប់ពេលវេលា​ ការ​សិក្សា​រៀន​សូត្រ​ មិន​ត្រឹមតែ​អនុវត្ត​នៅ​ក្នុង​វិស័យ​សិក្សា​តែប៉ុណ្ណោះ​ទេ ​ថែមទាំង​តម្រូវ​ឲ្យ​មាន​ការ​បន្ត​លើក​កម្ពស់​និង​ការ​អភិវឌ្ឍ​​គ្មាន​ថ្ងៃ​បញ្ចប់ ដើម្បី​ធានា​នូវ​ការផលិត​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ផងដែរ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ការអប់រំ​ល្អ​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង​ដល់​បុគ្គល គ្រួសារ និង​សង្គមជាតិ​ទាំងមូល ពោល​ការអប់រំ​ល្អ​ និង​នាំ​ដល់​ការ​ផ្គត់ផ្គង់​ធនធានមនុស្ស កម្លាំង​ពលកម្ម​ដែល​មាន​ចំណេះដឹង ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ឆ្លើយតប​កាន់​តែ​មាន​ប្រសិទ្ធភាព​ទៅ​នឹង​ទីផ្សារ​ការងារ​ និង​តម្រូវការ​អភិវឌ្ឍ​​​សង្គម​ជាតិ​ផងដែរ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​សង្គមជាតិ​មួយ​អាច​រីកចម្រើន​ទៅ​បាន​អាស្រ័យ​ទៅ​ដោយ​សង្គមជាតិ​សម្បូរ​​​ទៅ​ដោយ​ធនធានមនុស្ស​ប្រកប​ទៅ​ដោយ​សក្ដានុពល សមត្ថភាព ដែល​អាច​ប្រែក្លាយ​សង្គមជាតិ​ឲ្យ​មានការ​អភិវឌ្ឍ​​ជឿនលឿន​បាន​យ៉ាង​ឆាប់រហ័ស​ និង​មាន​ភាព​កាន់តែ​រឹងមាំ​ទៀត​ផង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu