ភ្នំពេញ ៖ ជើងក្រានបរិស្ថាន ដែលធ្វើការផលិតដោយក្រុមហ៊ុនខេមរាអេកូអេនើជី ដែលជាបច្ចេកទេសថ្មីផលិតឡើងពីដែកសន្លឹកស្នាដៃកូនខ្មែរក្នុងស្រុក មានបច្ចេកទេសទំនើបថ្មីជាងការផលិតចង្ក្រានដី ធានាបានយូរឆ្នាំក្នុងការប្រើប្រាស់។
ជើងក្រានបរិស្ថានប៊ុន អ៊ី ផលិតឡើងមានតាមខ្នាតតូចមានតម្លៃ១៥ម៉ឺនរៀល ខ្នាតកណ្ដាលមានតម្លៃ២២ម៉ឺនរៀល និងប្រភេទជើងក្រានខ្នាតធំមានតម្លៃ៣២ម៉ឺនរៀល។ លោក ចាន់ធី នាយកក្រុមហ៊ុនខេមរាអេកូអេនើជី បានមានប្រសាសន៍អោយដឹងថា ជើងក្រានបរិស្ថាននេះ បានផលិតអស់រយៈពេល៤ឆ្នាំហើយ ទើបតែបង្ហាញវត្តមាន១ឆ្នាំចុងក្រោយនេះ ដែលជាស្នាដៃរបស់លោក ប៊ុនអ៊ីជាអ្នកដំឡើងចង្ក្រានទើបបានជាដាក់ឈ្មោះថាជើងក្រានបរិស្ថានប៊ុនអ៊ី ដោយក្នុង១ថ្ងៃអាចដំឡើងបានពី២០ ទៅ៣០គ្រឿង ទាំងខ្នាតតូចទាំងខ្នាតធំ អាសយដ្ឋានទីតាំងរបស់ក្រុមហ៊ុននៅក្រោយរោងកុនគិរីរម្យ។
លោកចាន់ធីបន្តថា ជើងក្រានបរិស្ថានផលិតឡើងមានលំនាំខុសពីចង្ក្រាន ដែលអង្គការខ្លះធ្លាប់ផលិតឡើងមានតម្លៃថ្លៃខ្ពស់ជាងជើងក្រាននេះ ក៏ប៉ុន្តែ ជើងក្រាននេះផ្ដល់អត្ថប្រយោជន៍ច្រើនក្នុងការប្រើប្រាស់ដោយសន្សំអុស ឬថាមពល ៧៥%។ កាត់បន្ថយផ្សែងពុល ៧៥%។ អាចដំឡើង និងបន្ថយភ្លើងបាន។ អាចប្រើប្រាស់បានយូរឆ្នាំតិចបំផុតក៏៣ឆ្នាំដែរ។ ចំណេញពេលវេលា និងបានចូលរួមការពារបរិស្ថានផងដែរ។
សូមបញ្ជាក់ថា ថាមពល ដែលអាចដុតដូចជា ៖ កម្ទេចកំទីអុស ត្រឡោកដូង ស្រកីដូង ស្នូលពោត កាកអំពៅ ផ្កាត្នោត ផ្កាស្រល់ គ្រាប់ត្នោត ស្លឹកឈើងាប់ៗ ធាងដូង ឬត្នោត ឬសំរាមជុំវិញខ្លួនលើកលែងជាតិប្លាស្ទិក។ ដោយឡែកប្រភេទខ្នាតកម្លាំងទ្រ៥០គីឡូក្រាម ខ្នាតកណ្តាលកម្លាំងទ្រ ៨០គីឡូក្រាម និងខ្នាតធំបង្អស់កម្លាំងទ្រ១៦០គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments