ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឲ្យយុវជនសិក្សាជំនាញវិជ្ជាជីវៈថ្មីៗបន្ថែមទៀតដើម្បីឆ្លើយតបនឹងបដិវត្តឧស្សាហកម្មបួនចុចសូន្យ(៤.០)ខណៈដែលបច្ចុប្បន្ននេះយុវជនកម្ពុជាមានការខ្វះខាតជំនាញច្រើននោះ។
ជាមួយគ្នានេះដែរ លោក បណ្ឌិត អ៊ិតសំហេង ក៏បានណែនាំឲ្យយុវជនខិតខំរៀនភាសា បច្ចេកវិទ្យាថ្មីៗ និងជំនាញវិជ្ជាជីវៈទំនើបផ្សេងៗ ដើម្បីទទួលបានឱកាសការងារល្អ និងប្រាក់ឈ្នួលកាន់តែខ្ពស់ ព្រមទាំងលើកកម្ពស់ផលិតភាពការងារឲ្យកាន់តែប្រសើរឡើងផងដែរ។
ថ្លែងក្រោយចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ លោកបណ្ឌិតរដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ពិភពលោកកំពុងឈានទៅរកបដិវត្តន៍ឧស្សាហកម្មបួនចុចសូន្យ ដែលមានការប្រែប្រួលច្រើនទាំងផ្នែកបច្ចេកវិទ្យា និងផ្នែកសេវាឥរិយាបថការងារដែលទាមទារឲ្យអ្នកគ្រប់គ្រងអាជីវកម្ម ក៏ដូចជាអ្នកធ្វើការងារទាំងអស់ត្រូវអភិវឌ្ឍន៍ខ្លួនឲ្យទាន់។
លោករដ្ឋមន្ត្រីបានបន្ថែមថា «អីចឹងទេ បើយើងតាមមិនទាន់ការវិវត្តន៍ដំណើរការអាជីវកម្មផលិតកម្មរបស់ពិភពលោកទេ អីចឹងប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍ខ្ពស់ អត្រាសេដ្ឋកិច្ចជាតិមានកំណើន៧ភាគរយក្នុង១ឆ្នាំ កម្លាំងពលកម្មវ័យក្មេងច្រើន ហើយសមត្ថភាពរបស់យុវជនយុវនារីនិស្សិតយើងក៏ល្អ អីចឹងទេ ឱកាសនេះយើងត្រូវឈោងចាប់យកឲ្យបានដើម្បីជំរុញឲ្យមានការប្រែប្រួលទាក់ទងទៅនឹងផ្នត់គំនិតបច្ចេកវិទ្យាចំណេះដឹងចំណេះធ្វើតាមឲ្យទាន់សម័យកាលបដិវត្តឧស្សាហកម្មបួនចុចសូន្យ និងសម័យកាលឌីជីថល»។
លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ឲ្យដឹងទៀតថា ការកើតមានឡើងនូវបដិវត្តន៍ឧស្សាហកម្មទី៤នេះគឺដោយសារការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស ដូចជាសេវារថយន្តតាក់ស៊ី សេវាធនាគារ-ហិរញ្ញវត្ថុ ការទិញ-លក់ទំនិញ ឬការកក់សណ្ឋាគារ និងសំបុត្រយន្តហោះជាដើម ដែលជំរុញឲ្យមានការបង្វែរការវិនិយោគត្រឡប់ទៅប្រទេសអភិវឌ្ឍន៍ដែលជាប្រភពដើម នៃទុនវិញដោយសារការអាចប្រើប្រាស់ស្វ័យប្រវត្តិកម្ម មនុស្សយន្ត និងបញ្ញាសិប្បនិមិត្តជំនួសឲ្យកម្លាំងពលកម្ម និងបញ្ញាមនុស្ស។
លោករដ្ឋមន្ត្រីបានបន្តថា ស្ថិតក្នុងបរិការណ៍នេះ ទាមទារឲ្យកម្ពុជាចាំបាច់ក្នុងការចាប់យកម៉ូដែលនិងយុទ្ធសាស្ត្រកំណើនថ្មី ដើម្បីបន្តការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិឈានទៅដំណាក់កាលពឹងផ្អែកលើកំណើនដែលជំរុញដោយផលិតភាព ដោយចាកចេញពីដំណាក់កាល នៃកំណើនជំរុញដោយការប្រើប្រាស់កម្លាំងពលកម្ម។
លោក វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានគាំទ្រឲ្យកម្មករនិយោជិតបន្តរៀនសូត្រមុខជំនាញថ្មីៗបន្ថែមទៀត ពិសេសជំនាញមេកានិច និងខ្សែសង្វាក់ផលិតកម្ម ដើម្បីឲ្យវិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើងកាន់តែរីកចម្រើន និងអាចមានសមត្ថភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាងបាន។
លោកបានស្នើឲ្យសាលាបណ្តុះបណ្តាលនៅស្រុកខ្មែរជំរុញឲ្យយុវជនរៀនជំនាញទាំងនេះដើម្បីដើរឲ្យទាន់ការវិវត្តន៍ នៃពិភពលោក និងស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់នៅឆ្នាំ២០៣០ឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់។
លោកសង្ឃឹមថាយុវជនខ្មែរអាចធ្វើបាន ព្រោះថាយុវជនខ្មែរអាចសម្របខ្លួនបានទៅតាមការរីកចម្រើនរបស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
យុវជន ម៉ៅ ខូវលី សិស្ស រៀននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ឡានឆាង មេគង្គ បានមានប្រសាសន៍ថា ដែលលោកជ្រើសរើសសិក្សាមុខវិជ្ជាមេកានិចទូទៅនេះ ដោយសារតែមុខវិជ្ជានេះជាជំនាញល្អទៅថ្ងៃអនាគតឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា ពិសេសនៅតាមបណ្ដារោងចក្រនានាជាច្រើន។
យុវជន ម៉ៅ ខូវលី បានស្នើឲ្យយុវជនគួររៀនជំនាញនេះឲ្យបានច្រើនដើម្បីទទួលបានការងារល្អ និងទទួលបានប្រាក់ខែខ្ពស់ ព្រមទាំងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។
លោកបណ្ឌិត អ៊ិត សំហេង បានស្នើសុំឲ្យការចូលរួមពីគ្រប់ភាគីដូចជានៅកម្រិតជាតិ ត្រូវបង្កើតឡើងនូវវប្បធម៌ នៃផលិតភាព ការរៀនសូត្រ និងលើកកម្ពស់សមត្ថភាពជាប់មិនដាច់របស់ប្រជាជនកម្ពុជា។
នៅកម្រិតវិស័យ សមាគមនិយោជក និងសភាពាណិជ្ជកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហការគ្នាដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ ចាប់យកមកអនុវត្តនូវស្តង់ដារ និងការអនុវត្តល្អ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលលើកកម្ពស់ជំនាញកម្លាំងពលកម្មជាក់លាក់តាមវិស័យនីមួយៗ។
លើសពីនេះ នៅកម្រិតសហគ្រាស-គ្រឹះស្ថាន ក្រុមហ៊ុននីមួយៗ គឺជាអ្នកនាំមុខ ក្នុងការផ្ដួចផ្ដើមដើម្បីចាប់យកផ្នត់គំនិតបត់បែនលឿន និងស្របគ្នាល្អ, ធ្វើនវានុវត្តន៍ និងវិនិយោគលើបច្ចេកវិទ្យា សំដៅប្រកួតប្រជែងឲ្យកាន់តែមានប្រសិទ្ធភាព។
រីឯនៅកម្រិតកម្មករនិយោជិតវិញ ម្នាក់ៗត្រូវប្រកាន់យកនូវឥរិយាបថ និងផ្នត់គំនិតក្នុងការបន្តលើកកម្ពស់ និងពង្រីកជំនាញ ដើម្បីមានភាពបត់បែនលឿន ឆ្លើយតបទាន់ទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា និងការប្រែប្រួលពី ”អាជីពតែមួយ និយោជកតែមួយពេញមួយជីវិត” មក ”អាជីពតែមួយ និយោជកច្រើនក្នុងជីវិតការងារ” នៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។
ចំណែកសហជីពក៏មានតួនាទីយ៉ាងសំខាន់ក្នុងការជួយកម្មករនិយោជិតឲ្យទទួលបានជំនាញថ្មី និងកាន់តែខ្ពស់ និងរក្សាទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយភាពសុខដុមរមនា ដើម្បីចូលរួមចំណែកលើកម្ពស់ផលិតភាពរបស់អាជីវកម្ម។ នេះជាផ្នត់គំនិតឈ្នះ-ឈ្នះ ពីព្រោះមានតែពេលដែលអាជីវកម្មមានការរីកចម្រើនទេ ទើបសមាជិករបស់សហជីពអាចរក្សាការងារបាន, ហើយមានតែពេលនោះទេ ដែលសមាជិកសហជីពមានអាជីពការងារ និងប្រាក់ឈ្នួលកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា បដិវត្តឧស្សាហកម្មបួនចុចសូន្យនេះគឺជាសម័យអ៊ីនធឺណិតដែលទាមទារឲ្យយុវជនត្រូវសិក្សាមុខវិជ្ជាណាដែលទាក់ទងនឹងប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាថ្មីៗទំនើបៗថែមទៀត ដើម្បីស្របទៅតាមការរីកចម្រើនរបស់ពិភពលោកនាពេលបច្ចុប្បន្ន៕
Source: Kampuchea Thmey Daily
0 Comments