Ad Code

បេក្ខជន​ស្តាំនិយម​លោក Bolsonaro ឈ្នះ​តំណែង​ប្រធានាធិបតី ប្រេ​ស៊ី​ល



អតីត​មេបញ្ជាការ​កងទ័ព​លោក Jair Bolsonaro បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៃ​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃអាទិត្យ​ជាមួយនឹង​ការ​សន្យា​ថា ​នឹងមាន​ការផ្លាស់ប្តូរ​ទិសដៅ​ជា​មូលដ្ឋាន​សម្រាប់​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ​។​

លទ្ធផល​ជា​ផ្លូវការ​បានបង្ហាញ​ថា ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ​បានទទួល​សំឡេងឆ្នោត​៥៥,១៣​ភាគរយ​ទល់នឹង​៤៤,៨៧​ភាគរយ​នៃ​បេក្ខជន​ឆ្វេងនិយម Fernando Haddad សម្រាប់​ការបោះឆ្នោត​ជុំ​ទី​ពីរ​ខណៈ​សន្លឹកឆ្នោត​ត្រូវគេ​រាប់បាន​៩៩,៩៩​ភាគរយ​។​

លោក Bolsonaro អាយុ​៦៣​ឆ្នាំ​នឹងត្រូវ​ឡើងកាន់តំណែង​នៅ​ថ្ងៃទី​១​ខែមករា​។​
​គាត់​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ជ័យជំនះ​របស់គាត់​ថា “​យើង​នឹង​ផ្លាស់ប្តូរ​ទិសដៅ​របស់​ប្រទេស​ប្រេ​ស៊ី​ល​ជាមួយគ្នា​”​។ សុន្ទរកថា​នេះ​ត្រូវបាន​ផ្សាយ​ផ្ទាល់​ចេញពីផ្ទះ​របស់គាត់​តាម Facebook ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​ដែល​គាត់​បាន​ប្រើ​ដើម្បី​ធ្វើ​យុទ្ធនាការ​ចាប់តាំងពី​អ្នក​វាយប្រហារ​បាន​ចាក់​គាត់​ចំ​ត្រង់​ពោះ​នៅឯ​ការជួបជុំ​មួយ​កាលពី​ថ្ងៃទី​៦​ខែកញ្ញា​។​

គាត់​បាន​សន្យាថា នឹង​គ្រប់គ្រង​តាម​ព្រះគម្ពីរ​និង​រដ្ឋធម្មនុញ្ញ​ហើយ​បាន​និយាយថា “​យើង​មិនអាច​បន្ត​ប្រថុយ​ជាមួយ​លទ្ធិសង្គមនិយម ភាព​កុ​ម្មុយ​និ​ស្ត ប្រជា​និយម​និង​ភាពជ្រុលនិយម​របស់​ពួកឆ្វេងនិយម​បាន​នោះទេ​”​។​

ប៉ុន្តែ​គាត់​បាន​សន្យាថា​នឹង​ការពារ​រដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​ដោយ​ប្រឆាំងនឹង​ការព្រមាន​របស់​គូប្រជែង​ដែលថា គាត់​នឹង​ព្យាយាម​តម្រង់​ទៅរក​អំណាច​ផ្តាច់ការ​បន្ទាប់ពី​គាត់​បានបង្ហាញ​ការកោតសរសើរ​ដោយ​បើកចំហ​ចំពោះ​របប​ផ្តាច់ការ​យោធា​ដ៏​ឃោរឃៅ​របស់​ប្រទេស​ប្រេ​ស៊ី​ល (១៩៦៤-១៩៨៥) ។​

អ្នកគាំទ្រ​រាប់ពាន់នាក់​បានចេញ​មក​តាម​ដងផ្លូវ​នៅ​ខាងក្រៅ​ផ្ទះ​របស់គាត់​ក្នុង​ទីក្រុង Rio de Janeiro ដោយ​គ្រវីទង់ជាតិ​ប្រេ​ស៊ី​ល​និង​បាញ​កាំជ្រួច​បំភ្លឺ​ផ្ទៃមេឃ​។​

ស្របពេល​ជាមួយគ្នា​នោះ សេត​វិមាន​បាន​និយាយថា ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ទូរស័ព្ទ​ទៅ​លោក Bolsonaro ដើម្បី​អបអរសាទរ​គាត់​៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu