ភ្នំពេញ ៖ ក្នុងនាមជាពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនា លោក ឆែម សាវុធ ប្រធានមណ្ឌលអប់រំកែប្រែទី១ "ម១" និងភរិយា ព្រមទាំងមន្ត្រី និងក្រុមគ្រួសារចំណុះមណ្ឌលអប់រំកែប្រែទី១ បានឯកច្ឆន្ទផ្ដួចផ្ដើមធ្វើបុណ្យកឋិនសាមគ្គី ដើម្បីយកទៅប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស (៣ខែ) ក្នុងវត្តអង្គមេត្រី ស្ថិតនៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងដើម្បីប្រមូលបច្ច័យឲ្យថ្លៃជាងព្រះវិហារ ដែលកំពុងដំណើរការសព្វថ្ងៃ។
អង្គកឋិនទានសាមគ្គីនេះ បានជួបជួបជុំពុទ្ធបរិស័ទ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ដើម្បីធ្វើបទនមស្សការ ចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម្មទេសនា នៅក្នុងមណ្ឌលអប់រំកែប្រែទី១ "ម១" នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ។
លុះព្រឹកឡើង ថ្ងៃអាទិត្យ ទី២៨ ខែតុលា ដង្ហែកឋិនទៅកាន់វត្តអង្គមេត្រី និងដង្ហែទក្សិណ៣ជុំព្រះវិហារ និងវេរអង្គកឋិនទាន ព្រមទាំងប្រកាសបច្ច័យសម្រាប់តម្កល់ទុកកសាង ជាកិច្ចបង្ហើយបុណ្យ។
អ្នកផ្ដើមបុណ្យកឋិនទានមានដូចជា លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក ហេង ហាក់ អនុរដ្ឋលេខាក្រសួងមហាផ្ទៃ, លោក ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, លោក បេ ឡាឡេង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោក ឆែម សាវុធ ប្រធានមណ្ឌលអប់រំកែប្រែទី១ "ម១" ទាំងមន្ត្រី និងក្រុមគ្រួសារចំណុះមណ្ឌលអប់រំកែប្រែទី១ រួមទាំងទណ្ឌិត និងពិរុទ្ធទាំងអស់។
សូមបញ្ជាក់ថា បច្ច័យដែលប្រមូលបានពីអង្គកឋិនទាន ដែលប្រធានមណ្ឌលអប់រំកែប្រែទី១ "ម១" និងភរិយា ព្រមទាំងមន្ត្រី និងក្រុមគ្រួសារចំណុះមណ្ឌលអប់រំកែប្រែទី១ យកទៅវេរប្រគេនព្រះសង្ឃនៅវត្តអង្គមេត្រីនោះ មានចំនួន៥៥.៦២៣.៨០០រៀល (ហាសិបប្រាំលានហុកសិបពីរម៉ឺនបីពាន់ប្រាំបីរយរៀល)៕
Source: Kampuchea Thmey Daily
0 Comments