Ad Code

លោក វេ​ង សាខុន ស្នើ​ឲ្យ​អង្គការ​យូ​នី​ដូ ជួយ​ដល់​ការនាំចេញ​ផល​នេសាទ​សមុទ្រ និង​កសិផល ទៅ​ទីផ្សារ​អន្តរជាតិ​



ភ្នំពេញ​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ស្នើ​ឲ្យ​អង្គការ​យូ​នី​ដូ (UNIDO) ជួយ​ដល់​កម្ពុជា ក្នុង​ការរៀបចំ​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ដើម្បី​ឈានទៅ​ទទួល​បាន​ការ​អនុញ្ញាត​នាំចេញ​ផល​នេសាទ​សមុទ្រ ទៅកាន់​ទីផ្សារ​អឺរ៉ុប​។​

​ការ​ស្នើ​សុំ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង លោក វេ​ង សាខុន និង លោក Liyong អគ្គនាយក​អង្គការ​យូ​នី​ដូ នៅ​ឯ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នាទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​២៥​កន្លង​មកនេះ។​

​លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​ទៅ​លោក Liyong អគ្គនាយក​អង្គការ​យូ​នី​ដូ ថា កម្ពុជា​ក៏​កំពុង​ស្វែងរក​ទីផ្សារ​នាំចេញ​កសិផល​ផង​ដែរ ដោយ​តម្រូវ​នូវ​ការ​ស្នើ​សុំ​ឲ្យ​មានការ​ទទួលស្គាល់​គុណភាព ​និង​ស្តង់​ដារ ដូច្នេះ​ក្រសួងកសិកម្ម ស្នើ​ឲ្យ​អង្គការ​យូ​នី​ដូ ជួយផ្តល់​នូវ​ការគាំទ្រ​បន្ថែម​ពី​នីតិវិធី ក្នុង​ការ​ទទួល​បាន​កា​រ​ទទួលស្គាល់​នូវ​គុណភាព និង​ស្តង់ដារ​ផលិតផល​កសិកម្ម​។​

​ជាការ​ឆ្លើយតប លោក Liyong បាន​និយាយថា អង្គការ​យូ​នី​ដូ មានបំណង​ពង្រឹង​កម្មវិធី​ភាពជា​ដៃគូ​ប្រទេស​ជាមួយ​កម្ពុជា ដោយ​ផ្តោតទៅលើ​ការពង្រឹង​សមត្ថភាព ការអភិវឌ្ឍន៍​វារីវប្បកម្ម ជំរុញ​ការ​វិនិយោគ​សួន​កសិឧស្សាហកម្ម​ទំនើប​ដែល​ផ្សារភ្ជាប់​ទៅ​នឹង​ខ្សែ​ចង្វាក់​ផលិតកម្ម​កសិកម្ម កិច្ច​សហ​ប្រតិបត្តិការ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គាំទ្រ​ដល់​គុណភាព និង​ស្តង់ដារ​ផលិតផល​កសិកម្ម (​អនា​ម័យ និង​ភូតគាម​អនាម័យ​) និង​ការជំរុញ​ពាណិជ្ជកម្ម​ធុន​ស្រាល​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​លោក​បញ្ជាក់ទៀតថា លោក​នឹងធ្វើ​ការពិនិត្យ​នូវ​លទ្ធ​ភាព​ក្នុង​ការរៀបចំ​កម្មវិធី​គាំទ្រ​សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍន៍​នៅ​កម្ពុជា ទៅតាម​ចំណុច​អាទិភាព ​នៃ​កិច្ចពិភាក្សា​ខាងលើនេះ​៕
 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu