កំពង់ចាម ៖ លោក សែមបូរ៉ា អគ្គនាយកទូរទស្សន៍ TNM ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីឆបោក និងបានកសាងសំណុំរឿងបញ្ជូនទៅព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម ចាត់ការបន្តតាមផ្លូវច្បាប់។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីនេះមាន (ភាគីអ្នកលក់ដី )ជាប្រជាជនចំនួន៨គ្រួសារ មានទីលំនៅ ភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម មានឈ្មោះ:
១ ប្រាក់ រុន ភេទ ប្រុសអាយុ ៣៨ឆ្នាំ
២ ហុន សារ៉េន ភេទស្រី អាយុ៣៧ឆ្នាំ
៣ថុន ថន ភេទប្រុស អាយុ៤៦ ឆ្នាំ
៤ នុន ស៊យ ភេទ ស្រី អាយុ៥៨ ឆ្នាំ
៥ ប៉ុល យឿងភេទប្រុសអាយុ៦៦ឆ្នាំ
៦សន លូភេទស្រីនិងប្តីឈ្មោះ ប៉ុលយ៉ុង
៧ ម៉ន សៀភេទស្រីអាយុ ៦៣ឆ្នាំ
៨ យន សល់ ភេទស្រីអាយុ៤០ឆ្នាំ ។
ក្នុងចំណោមប្រជាពលរដ្ឋចំនួន៥គ្រួសារមានឈ្មោះ ១ប្រាក់ រុណ ២ ហុន សារ៉េត ៣ថុន ថន ៤នុនស៊យ ៥ប៉ុល យឿង បានបំភ្លៃមាន័យប្រហាក់ប្រហែលគ្នាថា ពួកគាត់ទាំង៥គ្រួសារមានដីស្រែប្រាំង ចំនួន៤. ៣២ហិកតា ដែលមានទីតាំងនៅចំណុច តំបន់អញ្ចាញ ស្ថិតនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ហើយបានព្រមព្រៀងគ្នាលក់ដីខាងលើ ដោយអោយឈ្មោះ សែម បូរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ11A សង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ ធ្វើជាតំណាងអ្នកលក់អោយពួកគាត់គឺលក់ដីក្នុង១ហិកតាតម្លៃ១២.០០០ដុល្លារសហរដ្ឋអាមេរិកទៅ ១៣. ០០០ដុល្លារ។ ដីរបស់ប្រជាពលរដ្ឋទាំង៨គ្រួសារ មានចំនួន ៧. ៩៧ហិកតា។
ប្រភពដដែលបានបន្តថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ឈ្មោះ សែម បូរ៉ា បានយកដីនេះទៅលក់អោយ ឈ្មោះ ទេព ភារម្យ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម និងបាន ប្រគល់ ទទួលប្រាក់កក់ជាហូរហែ ដល់ប្រជាជនម្ចាស់ដីក្នុងនោះមាន:
១ ប្រាក់ រុន មានដីស្រែប្រាំង ទំហុំ១ហិចតា ទទួលប្រាក់កក់៣០០ដុល្លារ
២ ប៉ុលយឿង មានដី ១.៥ហិកតា ទទួលប្រាក់កក់៥.០០០ ដុល្លារ
៣ ហុន សារ៉េតមានដី១ហិកតា(មិនបានទទួលប្រាក់កក់ទេ)
៤ថុន ថន មានដី០. ៣៥ហិកតា ទទួលប្រាក់កក់២០០ដុល្លារ
៥នុន ស៊យមានដីស្រែ ០. ៤៧ហិកតា ទទួលប្រាក់កក់២៥០០ដុល្លារ។ សរុប៥គ្រួសារ ទទួលប្រាក់កក់ ចំនួន៨. ០០០ដុល្លារ។
ប្រជាពលរដ្ឋទាំង៥គ្រួសារ បានបញ្ជាក់ថា ក្រោយមក ឈ្មោះ សែម បូរ៉ា បានប្រាប់ពួកគាត់ថាឈ្មោះ ទេព ភារម្យ( ភាគីអ្នកទិញ) មិនគោរពតាមកិច្ចសន្យាគឺមិនប្រគល់ប្រាក់ថ្លៃទិញដីគ្រប់ចំនួនឡើយ ហើយឈ្មោះ សែម បូរ៉ា បានប្រាប់ពួកគាត់ អោយដាក់ពាក្យទៅលោក ង៉ា ឆៃលាង មេឃុំ សំបូរ ដើម្បីផ្តាច់កិច្ចសន្យានិងយកដីលក់អោយអ្នកផ្សេងទៀត។
ចំណែកប្រជាជន៣គ្រួសារទៀតមានឈ្មោះ:
១ម៉ន សៀ ២សន លូ ៣យាន សល់ មិនបានផ្តល់ការបំភ្លឺឡើយ។
លោកទេព ភារម្យ(ភាគីអ្នកទិញ) បានអោយដឹងថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លោកបានទិញដីស្រែប្រាំងពីប្រជាជនចំនួន៨គ្រួសារដែលមានទំហំ៧. ៩៧ហិកតាមានទីតាំងនៅចំណុចតំបន់អញ្ចាញ ក្នុងតម្លៃ១០៦. ៣៩០ដុល្លារដែលមានឈ្មោះ សែន បូរ៉ាជាតំណាងអោយប្រជាពលរដ្ឋទាំ៨គ្រួសារជាអ្នកឈរឈ្មោះលក់។
ក្នុងនោះ លោក ទេព ភារម្យបានយកប្រាក់កក់១០. ០០០ដុល្លារអោយទៅឈ្មោះ សែម បូរ៉ាកាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៨។
នៅថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១៨ ទេព ភារម្យបានប្រគល់ប្រាក់ចំនួន៣៩. ៥០០ដុល្លារអោយទៅឈ្មោះ សែម បូរា។
នៅថ្ងៃមិនចាំខែកក្កដាឆ្នាំ២០១៨ ឈ្មោះទេព ភារម្យ បានប្រគល់ប្រាក់ចំនួន ២០. ០០០ដុល្លារអោយទៅឈ្មោះ សែម បូរ៉ាម្តងទៀត សរុបទាំង៣លើកដែលលោក ទេព ភារម្យ ប្រគល់ប្រាក់អោយទៅលោក សែម បូរ៉ា អស់ចំនួន៦៩.៥ ០០ដុល្លារ ហើយនៅខ្វះប្រាក់៣៦.៨៩០ ដុល្លារប្រាក់នេះលោកទេព បូរ៉ានឹងប្រគល់អោយគ្រប់នៅពេលណាដែលឈ្មោះសែម បូរ៉ារត់ការកាត់ឈ្មោះម្ចាស់កម្មសិទ្ធិដីអោយទៅលោក ទេពភារម្យស្របច្បាប់។
លោកទេព ភារម្យ បានបញ្ជាក់ថាឈ្មោះ សែម បូរ៉ា មិនបានយកប្រាក់កក់ខាងលើប្រគល់អោយប្រជាពលរដ្ឋទាំង៨គ្រួសារគ្រប់ចំនួននោះទេ បែរជាញុះញង់អោយ ប្រជាជនទាំងនោះប្តឹងផ្តាច់កិច្ចសន្យាលក់ទិញដីជាមួយគាត់ ដើម្បីយកដីនោះទុកលក់អោយអ្នកផ្សេងម្តងទៀត។
តាមការបំភ្លឺរបស់លោក សែម បូរ៉ាបានអោយដឹងថា ខ្លួនពិតជាបានធ្វើតំណាងអោយប្រជាពលរដ្ឋទាំង៨គ្រួសារដើម្បីលក់ដីមានទំហំ៧. ៩៧ ហិកតា ក្នុងតម្លៃ១០៦. ៣៩០ដុល្លារ ហើយខ្លួនបានទទួលលុយកក់ពីឈ្មោះ ទេព បូរ៉ាចំនួន៣លើក សរុបទឹកប្រាក់ចំនួន ៦៥. ៥០០ដុល្លារហើយ នៅខ្វះ ៣៦.៨៩០ ដុល្លារទៀតហើយ កំណត់ថ្ងៃប្រគល់ តែដល់ថ្ងៃកំណត់ហើយមិនឃើញឈ្មោះ ទេព ភារម្យយកប្រាក់មកប្រគល់អោយទើបប្រជាពលរដ្ឋសុំផ្តាច់កិច្ចសន្យាលក់ទិញដីខាងលើវិញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ការផ្តាច់កិច្ចសន្យាលក់ដីអោយឈ្មោះទេព ភារម្យនេះគឺគេមានបំណងយកដីខាងលើលក់ទៅអោយឈ្មោះញ៉ាន សំអាតភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម និងឈ្មោះជុនសុខឃៀង ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅភូមិដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងតម្លៃ១៣១. ៦១៤ដុល្លារ( មួយសែនបីម៉ឺនមួយពាន់ ប្រាំមួយរយ ដប់បួនដុល្លារ។
ប៉ូលិសបានអោយដឹងថា បច្ចុប្បន្នឈ្មោះសែម បូរ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទឆបោកប្រាក់ដោយយោងតាមបទបញ្ជាលោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាមនិងបញ្ជូនទៅព្រះរាជអាជ្ញា ដើម្បីចាត់ការតាមផ្លូវច្បាប់។
សារព័ត៌មានកម្ពុជាថ្មី មិនបានសម្ភាសន៍ភាគីពាក់ព័ន្ធទាំងអស់បានទេយើងខ្ញុំរង់ចាំការបំភ្លឺពីភាគីទាំងអស់៕
Source: Kampuchea Thmey Daily
0 Comments