សម្ពាធបានធ្លាក់ទៅលើប្រធានាធិបតីស្រីលង្កាលោក Maithripala Sirisena ដើម្បីកោះប្រជុំរដ្ឋសភាឡើងវិញនៅថ្ងៃចន្ទក្រោយការច្រានចោលដ៏គួរឲ្យភ្ញាក់ផ្អើលពីនាយករដ្ឋមន្ត្រីហើយការផ្អាកកិច្ចប្រជុំបានបង្កឲ្យមានការតស៊ូអំណាចនិងការប៉ះទង្គិចគ្នាដែលបានសម្លាប់មនុស្សម្នាក់។
ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃអាទិត្យបានជំរុញឲ្យលោក Sirisena “កោះប្រជុំសភាជាបន្ទាន់” ដើម្បីអនុញ្ញាតឲ្យសមាជិកសភាលុបបំបាត់វិបត្តិរដ្ឋធម្មនុញ្ញដែលបង្កឡើងដោយការបណ្តេញលោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe កាលពីថ្ងៃសុក្រ។
ក្រោយមក លោក Sirisena បានតែងតាំងលោក Mahinda Rajapakse ដែលជាអតីតបុរសខ្លាំងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិនឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីដែលជាហេតុបង្កឲ្យមានភាពចលាចលផ្នែកនយោបាយនៅក្នុងប្រជាជាតិមហាសមុទ្រឥណ្ឌាមួយនេះ។
ប្រភពខាងការទូតបានប្រាប់ AFP ថា លោក Wickremesinghe និងគណបក្សរបស់គាត់ត្រូវបានគេរំពឹងថានឹងស្នើឲ្យតុលាការប្រកាសថា សកម្មភាពរបស់លោក Sirisena គឺខុសច្បាប់ខណៈពេលដែលប្រទេសនៅជិតខាងនិងជាមហាអំណាចក្នុងតំបន់គឺឥណ្ឌាកំពុងដាក់សម្ពាធលើលោក Sirisena ឲ្យស្តារសភាឡើងវិញ។
លោក Wickremesinghe បានបដិសេធចាកចេញពីវិមាននាយករដ្ឋមន្ត្រីខណៈអ្នកគាំទ្រជាង១,០០០នាក់រាប់បញ្ចូលទាំងព្រះសង្ឃផងដែរបានប្រមូលផ្តុំគ្នានៅខាងក្រៅ។
បុរសវ័យ៦៩ឆ្នាំរូបនេះបាននិយាយថា ការបណ្តេញចេញរបស់គាត់គឺជាអំពើខុសច្បាប់ហើយចង់ឲ្យសភាកោះប្រជុំជាបន្ទាន់ដើម្បីបង្ហាញថា គាត់នៅតែទទួលបានសំឡេងភាគច្រើន។
ភាពតានតឹងនៅតែមានកម្រិតខ្ពស់នៅទូទាំងរដ្ឋធានី Colombo ខណៈតំណាងរាស្ត្រមួយចំនួនដែលស្មោះត្រង់នឹងលោក Wickremesinghe បានព្រមានពីអំពើហិង្សាតាមដងផ្លូវប្រសិនបើលោកប្រធានាធិបតីមិនកោះប្រជុំសភាភ្លាមៗទេនោះ។
ប៉ូលិសបាននិយាយថា បុរសម្នាក់ត្រូវបានសម្លាប់និងពីរនាក់រងរបួសកាលពីថ្ងៃអាទិត្យនៅពេលអង្គរក្សរបស់រដ្ឋមន្ត្រីក្រសួងប្រេងឥន្ធនៈលោក Arjuna Ranatunga ដែលជាអ្នកស្មោះត្រង់ចំពោះលោក Wickremesinghe បានបាញ់លើក្រុមមនុស្សដែលប៉ុនប៉ងចាប់គាត់ធ្វើជាចំណាប់ខ្មាំង៕ AFP
Source: Kampuchea Thmey Daily
0 Comments