Ad Code

លោក ស៊ុន ចាន់ថុល ដឹកនាំ​អ្នកស្រុក​កោះធំ​ដំណើរ​កម្សាន្ត​តាម​រថភ្លើង​ ពី​ភ្នំពេញ​-​កំពង់ឆ្នាំង​



ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹក នាំ​មន្ត្រីរាជការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កោះធំ ប្រមាណ ៦០០​នាក់ ជិះ​រថភ្លើង​ពី​ភ្នំពេញ ទៅ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ចន្ទ​៥​រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨។​

ឆ្លៀតឱកាស​ថ្ងៃ​ឈប់សម្រាក​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​ខួប​លើក​ទី​១៤ នៃ​ការ​យាង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​ព្រះ​នរោត្ដម សីហមុនី លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹក​នាំ​ប្រជាពលរដ្ឋ​ស្រុក​កោះធំ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ធ្វើ​ដំណើរ​តាម​រថភ្លើង ដើម្បី​អបអរ​សមិទ្ធផល​ថ្មី ស្វែងយល់​ពី​ការ​រីកចម្រើន​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ដែក ភាព​សម្បូរ​សប្បាយ​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេងៗ និង​បាន​កំសាន្ត​សប្បាយ​នឹង​សម្រស់​ធម្មជាតិ​ដ៏​ត្រកាល​នៅតាម​ដងផ្លូវ​នា​ចុងរដូវ​វស្សា ធ្លាក់​ខ្យល់​ពី​ទិស​ខាងជើង​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ដោយសារ​ប្រទេសជាតិ​មាន​សន្តិភាព និង​ស្ថិរភាព​ នយោ​បាយ ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ត្រូវបាន​អភិវឌ្ឍ​។ ចំណែកឯ ផ្លូវដែក​ភាគ​ខាងជើង ត្រូវបាន​ត​ភ្ជាប់​ទាំងស្រុង​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត ដើម្បី​ផ្ដល់​ជម្រើស​ក្នុងការ​ធ្វើដំណើរ និង​ដឹកជញ្ជូន សំដៅ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​។

ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ល្អៗ នឹង​ត​ភ្ជាប់​គ្រប់​ច្រកល្ហក ជា​កត្តា​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​វិនិ​យោគិន បង្កើន​ការនាំចេញ​នាំចូល បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ពង្រឹង​សក្ដានុពល​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ និង​ឈានទៅរក​ការកាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​នៅ​តិច​បំផុត​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៦​នេះ នឹង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​ទ្វេដង​ទាំង​ការ​អភិវឌ្ឍ និង​ការ​ផ្ដល់​សេវា​សាធារណៈ​តាម​វិស័យ​នីមួយៗ ស្របតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រីរាជការ​គ្រប់រូប គឺជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ដូចនេះ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន មាន​ប្រសិទ្ធភាព និង​មាន​តម្លាភាព​។

សូមបញ្ជាក់​ផងដែរ​ថា នេះ​គឺជា​លើក​ទី​បី​ហើយ ដែល​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ប្រជាពលរដ្ឋ​ស្រុក​កោះធំ​ជិះ​រថភ្លើង ដើម្បី​ស្វែង​យល់ និង​បណ្ដុះ​ស្មារតី​ភាពជា​ម្ចាស់ ស្រឡាញ់ ថែរក្សា និង​ការពារ​សមិទ្ធផល​ដ៏​មានតម្លៃ​របស់​យើង​ឲ្យ​បាន​គង់វង្ស​ ទោះ​ក្រោម​តម្លៃ​ណាក៏ដោយ ដើម្បី​ទុកជា​កេរ្តិ៍មរតក​សម្រាប់​អ្នកជំនាន់ក្រោយ ក្នុង​ការ​បន្ត​អភិវឌ្ឍ​ប្រទេសជាតិ​បន្តទៅទៀត​៕
   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu