អ្នកកាន់ទុក្ខបានប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធកាលពីថ្ងៃអាទិត្យសម្រាប់ជនរងគ្រោះនៃការបាញ់ប្រហារនៅវិហារក្រុង Pittsburgh ។ ខ្មាន់កាំភ្លើងដែលនិយាយថា គាត់ “ចង់ឲ្យជនជាតិជ្វីហ្វទាំងអស់ស្លាប់” បានបើកការបាញ់ប្រហារលើមនុស្សមួយក្រុមដែលភាគច្រើនមានវ័យចំណាស់។
អាមេរិកបានដឹងពីអត្តសញ្ញាណនៃមនុស្សទាំង១១នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដ៏សាហាវព្រៃផ្សៃនៅឯវិហារ Tree of Life។
សាល Soldiers and Sailors Memorial Hall and Museum របស់ទីក្រុង Pittsburgh គឺជាកន្លែងនៃការអធិដ្ឋានរយៈពេល៩០នាទីដែលចាប់ផ្តើមជាមួយការប្រគុំតន្ត្រីមកក្រុមអាមេរិក-អាហ្វ្រិក។
អ្នកនិយាយបានប្រកាសថា មនុស្សរាប់ពាន់នាក់ទៀតបានប្រមូលផ្ដុំគ្នាក្រោមភ្លៀងធ្លាក់ដ៍ត្រជាក់នៅខាងក្រៅដោយស្តាប់តាមរយៈឧបករណ៍បំពងសំឡេង។
បព្វជិតស្រីម្នាក់បានដឹកនាំការច្រៀងចម្រៀងជាតិហើយអ្នកច្រៀងភេទប្រុសបានអាន Hatikvah ដែលជាកំណាព្យជ្វីហ្វនិងជាចម្រៀងជាតិអ៊ីស្រាអែល។
លោក Rabbi Jeffrey Myers បាននិយាយថា “ពាក្យនៃការស្អប់មិនត្រូវបានស្វាគមន៍ក្នុងទីក្រុង Pittsburgh ទេ”។ លោកបន្តថា “សុភាពបុរស សុភាពនារីទាំងឡាយ វាត្រូវតែចាប់ផ្តើមជាមួយអ្នក ជាមួយមេដឹកនាំរបស់យើង។ ឈប់និយាយពាក្យស្អប់”។
លោក Rabbi ដែលបានជួយទាញមនុស្សចេញពីវិហារបន្ទាប់ពីការវាយប្រហារនោះបានស្រែកពាក្យអធិស្ឋានជាភាសា Hebrew ហើយជូតទឹកភ្នែករបស់គាត់ដោយកន្សែងដៃ។
ព្រឹត្តិការណ៍ស្រដៀងគ្នានេះបានធ្វើឡើងនៅទូទាំងប្រទេសដោយពាក្យនៃការលួងលោមបានចេញពីសហគមន៍ជ្វីហ្វរបស់អាមេរិកដែលជាសហគមន៍ធំបំផុតនៅខាងក្រៅប្រទេសអ៊ីស្រាអែលក៏ដូចជាសម្តេចប៉ាបនិងមេដឹកនាំអ៊ឺរ៉ុបផងដែរ។
មន្ត្រីសហព័ន្ធបាននិយាយកាលពីថ្ងៃអាទិត្យថា ជនសង្ស័យអាយុ៤៦ឆ្នាំម្នាក់ឈ្មោះ Robert Bowers ដែលត្រូវបានចាប់ខ្លួននៅវិហារបន្ទាប់ពីការបាញ់ប្រហារជាមួយប៉ូលិសគឺត្រូវប្រឈមនឹងបទចោទប្រកាន់ចំនួន២៩ករណីដែលមានខ្លះជាទោសប្រហារជីវិត។
គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយរបួសគ្រាប់កាំភ្លើងច្រើនកន្លែងប៉ុន្តែនឹងបង្ហាញខ្លួននៅមុខចៅក្រមសហព័ន្ធនៅថ្ងៃចន្ទ៕ AFP
Source: Kampuchea Thmey Daily
0 Comments