កណ្តាល ៖ អំពើហិង្សាឈានដល់ចាក់ម្តាយចុង១កាំបិតត្នោតបណ្តាលអោយរបួសជាទម្ងន់ផ្តើមឡើងរវាងជម្លោះរវាងកូនដើមកូនចុង ខណៈរស់នៅក្នុងបន្ទុកតែមួយប្រកបរបរទិញលក់អេតចាយ។តែយ៉ាងណាជនដៃដល់ត្រូវបាននគរបាលឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់។
ករណីអំពើហិង្សាក្នុងគ្រួសារបណ្តាលអោយស្ត្រីជាម្តាយចុងរងរបួសធ្ងន់ធ្ងរនេះ កើតហេតុថ្ងៃអាទិត្យ ៤រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២៨.ខែតុលាឆ្នាំ.២០១៨ វេលាម៉ោង ១០:៣០ នាទី ចំណុចភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នគរបាលស្រុកខ្សាច់កណ្តាលបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ យ៉ុន គម ភេទ ស្រី អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញអេតចាយ ស្រុកកំណើតភូមិត្រពាំងធំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ម្តាយចុង) មានរបួសស្នាមត្រង់ពោះ ០១ កន្លែង។ ជនសង្ស័យ ឈ្មោះ យ៉េង ហ៊ាន់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្រុកកំណើតភូមិព្រៃរូង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) កូនដើម។
បើតាមសមត្ថកិច្ចនគរបាលបញ្ជាក់ថា ជាយូរមកហើយឪពុកជនសង្ស័យឈ្មោះ យួន យ៉េង បានយកឈ្មោះ យ៉ុន គម ធ្វើជាប្រពន្ធចុង និងបានរួមរស់ជាមួយប្រពន្ធដើមឈ្មោះសន យាប ហើយសព្វថ្ងៃបានមកជួលផ្ទះនៅភូមិឃុំកើតហេតុដើម្បីប្រកបរបរទិញអេតចាយ ព្រមទាំងរស់នៅក្នុងផ្ទះតែមួយទាំងអស់គ្នា។
នៅថ្ងៃទី ២៨.១០.២០១៨ វេលាម៉ោង ៩:០០ នាទី ព្រឹក ជនសង្ស័យបានយកផ្លែល្ហុងទៅគប់ជញ្ជាំងផ្ទះ ពេលនោះឈ្មោះ ចាន់ ជឿន ជាបងថ្លៃជនសង្ស័យបានទៅសួរនាំ ក៏មានទំនាស់ជាមួយគ្នា បន្ទាប់មកជនសង្ស័យបានចូលដេកក្នុងផ្ទះ ឯឈ្មោះ ចាន់ ជឿន បានទៅរៀបអេតចាយនៅមុខផ្ទះ។
ដល់ម៉ោង ១១:០០ នាទី ថ្ងៃដដែល ឈ្មោះ យ៉ុន គម ជាម្តាយចុងរបស់ជនសង្ស័យ ត្រឡប់មកពីទិញអេតចាយមកដល់ផ្ទះ ហើយយកកំប៉ុងទឹកដោះគោរបស់ចៅទៅលាងនៅក្រោយផ្ទះ ស្រាប់តែជនសង្ស័យយកកាំបិតត្នោតពីលើគ្រែក្បាលដំណេករបស់ខ្លួនទៅចាក់ជនរងគ្រោះត្រូវចំ ពោះចំនួន ០១ កាំបិត បណ្តាលឲ្យមានរបួសហូរឈាម បន្ទាប់មកជនសង្ស័យកាន់កាំបិតដើរទៅមុខផ្ទះ ដោយនិយាយថា ហ្នឹងហើយងែងយកប្តីម៉ែអញ ឯជនរងគ្រោះត្រូវបានប្តីនិងកូនបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត និងរាយការណ៍ជូនកម្លាំងនគរបាលប៉ុស្តិ៍ព្រែកអំពិល កម្លាំងនគរបាលប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments