ប្រទេសហ្វីលីពីនបានបង្កើនកម្រិតព្រមានព្យុះនៅថ្ងៃចន្ទហើយ បានចាប់ផ្ដើមជម្លៀសសហគមន៍នៅតាមឆ្នេរសមុទ្រមួយចំនួនដែលស្ថិតចំផ្លូវនៃព្យុះទីហ្វុងមួយដែលបានគំរាមបង្កការបាក់ដី និងទឹកជំនន់ដោយសារតែខ្យល់បក់ខ្លាំងនិងភ្លៀងធ្លាក់ឥតឈប់ឈរ។
ភ្នាក់ងារអាកាសធាតុរដ្ឋ PAGASA បាននិយាយថា ព្យុះ Yutu ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញកាលពីសប្ដាហ៍មុនជាមួយការវាយប្រហារដោយផ្ទាល់ទៅលើប្រជុំកោះ Mariana ខាងជើងរបស់អាមេរិកត្រូវបានគេកំណត់ថានឹងបង្កឲ្យមានការបាក់ដីនៅព្រឹកថ្ងៃអង្គារហើយធ្វើដំណើរឆ្លងកាត់កោះ Luzon មុនពេលចាកចេញពីប្រទេសហ្វីលីពីននៅ២៤ម៉ោងក្រោយ។
នៅព្រឹកថ្ងៃចន្ទ ព្យុះ Yutu គឺស្ថិតនៅចម្ងាយប្រហែល៤០០គីឡូម៉ែត្រខាងកើតដីគោកហើយបានចុះខ្សោយទៅនឹងល្បឿនខ្យល់១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
វាមិនសូវខ្លាំងដូចកាលពីជាងបួនថ្ងៃមុនទេនៅពេលព្យុះទីហ្វុងនេះមានល្បឿនជាង២៧០គីឡូម៉ែត្រក្នុងមួយម៉ោងឆ្លងកាត់ប្រជុំកោះ Marianas ដែលជាប្រជុំកោះប៉ាស៊ីហ្វិកមានប្រជាជនចំនួន ៥២,០០០នាក់ដោយបានបំប៉ើងដំបូលផ្ទះ បំប៉ើងរថយន្តហើយកាត់ផ្តាច់អគ្គិសនីនិងទឹកស្អាត។
អាជ្ញាធរនៅក្នុងខេត្ត Isabela និងខេត្ត Cagayan បានចាប់ផ្តើមជម្លៀសប្រជាជននៅក្នុងទីក្រុងឆ្នេរសមុទ្រទៅកាន់មណ្ឌលជម្លៀសខណៈតំបន់ភ្នំ Cordillera ត្រូវបានគេដាក់ក្រោមការព្រមានកម្រិតពណ៌ក្រហមសម្រាប់ការរអិលបាក់ដី។
ខេត្តចំនួនបីនៅភាគខាងជើងកោះ Luzon ត្រូវបានគេដាក់ក្នុងកម្រិតព្រមានលេខ៣ក្នុងចំណោមកម្រិតទាំង៥ហើយខេត្ត២៨ទៀតបានដាក់ការព្រមានដំបូងៗពីកម្រិត១និងកម្រិត២ជាមួយខ្យល់បក់ខ្លាំងនិងភ្លៀងធ្លាក់នៅថ្ងៃចន្ទ។
ព្យុះទីហ្វុងនេះនឹងក្លាយជាព្យុះទី១៨ដែលវាយប្រហារប្រទេសហ្វីលីពីននៅឆ្នាំនេះហើយវាបានកើតឡើង៦សប្ដាហ៍បន្ទាប់ពីព្យុះទីហ្វុង Mangkhut បានបោកបក់កាត់កោះ Luzon ដោយបណ្ដាលឲ្យមានការបាក់ដីដែលបានសម្លាប់មនុស្សរាប់សិបនាក់ហើយបានបំផ្លាញដំណាំគិតជាទឹកប្រាក់មានចំនួនប្រហែល១៨០លានដុល្លារ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments