ភ្នំពេញ ៖ ជនសង្ស័យជនជាតិចិន២នាក់ ដែលប្រដាប់ដោយកាំបិត បានតាមចូលធ្វើសកម្មភាពចាប់ថៅកែហាងលក់ភេសជ្ជៈរបស់ចិនយីហោ (ឈិន ស៊ិន)ចងបិទមាត់គំរាមប្លន់យកលុយ៣ម៉ឺនដុល្លារនិងជាង៨ពាន់យ៉េន បានសម្រេចដោយសុវត្ថិភាព ហើយគេចខ្លួនបាត់ គ្មានរំខានលោកអធិការឡើងថ្មីប្រចាំខណ្ឌដូនពេញឡើយ។
ហេតុការណ៍ភ្ជង់ប្លន់ថៅកែហាងលក់ភេសជ្ជៈ ដែលគ្រប់គ្រងជនបរទេសនោះដែរ គេចាត់ទុកជាការស្វាគមន៍លោកទៀង ច័ន្ទសារ អធិការទើបឡើងថ្មីប្រចាំខណ្ឌដូនពេញនេះផងដែរ ហើយបានភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណជាង២១យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចហាងលក់ភេសជ្ជៈរបស់ចិនយីហោ "ឈិន ស៊ិន " នៅតាមបណ្ដោយវិថីត្រសក់ផ្អែម (៦៣) ទល់មុខផ្សារទំនើបសូរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេមិនដឹងថា ជនសង្ស័យទាំង២នាក់នោះមកពីណានោះទេ គឺជនសង្ស័យទាំង២នាក់នោះ បានចូលទៅក្នុងហាងកើតហេតុដូចជាភ្ញៀវដទៃចឹងដែរ លុះមួយសន្ទុះក្រោយមក ក៏ឃើញជនសង្ស័យទាំងនោះ ចេញមកវិញ រួចនាំគ្នាប្រញាប់ប្រញាល់ឡើងរ៉ឺម៉កម៉ូតូកង់បី បើកចេញពីហាងបាត់ទៅដោយសុវត្ថិភាពទៅ។
ប្រភពព័ត៌មានបានបន្តទៀតថា ស្របពេលជាមួយគ្នានោះ គេឃើញជនជាតិចិនរងគ្រោះ ជាថៅកែហាងបានរត់ចេញមកក្រៅ ព្រមទាំងស្រែកឆោឡោឡើងជាភាសាចិន ហើយអ្នកចេះភាសាចិន នៅក្បែរនោះក៏សួរនាំគាត់ ទើបដឹងថា ជាករណីប្លន់យកលុយអស់ចំនួន ជាង ៣ម៉ឺន ដុល្លារ បានដោយសុវត្ថិភាព ទើប បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះ មកកន្លែងកើតហេតុច្រូងច្រាងតែម្តង។
បន្ទាប់ពីមានហេតុការណ៍ដូច្នេះហើយនគរបាលជំនាញព្រហ្មខណ្ឌម្នាក់ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ចំពោះករណីប្លន់ជនជាតិចិនយកលុយអស់ជាង៣ម៉ឺនដុល្លារខាងលើនេះ ពិតជាមានប្រាកដមែន ហើយសមត្ថកិច្ចបាននាំជនជាតិចិនរងគ្រោះទៅធ្វើការសាកសួរប៉ុស្តិ៍ នគរបាល ផ្សារថ្មីទី១ហើយដើម្បីកំណត់មុខសញ្ញាទាំងនោះ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះក្នុងអំពើប្លន់នោះដែរឈ្មោះLuo Yaoge ជនជាតិចិនកើតឆ្នាំ១៩៦៧មុខរបរលក់ដូរ(ថៅកែហាងកើតហេតុ)ស្នាក់នៅផ្ទះកើតហេតុ និងបាត់បង់លុយប្រហែល៣ម៉ឺនដុល្លារនិងជាង៨ពាន់យ៉េននិងទូរស័ព្ទ២គ្រឿង។
ជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុគឺកាលពីវេលាម៉ោង២១យប់ថ្ងៃទី១៥ខែតុលាឆ្នាំ២០១៨មានជនជាតិចិន(ជនសង្ស័យ)២នាក់បានចូលមកក្នុងហាងខ្ញុំ រួចហើយពួកគេបានអង្គុយពិភាក្សាគ្នាពីរឿងរកស៊ីបានប្រហែលជា៥នាទី ជនម្នាក់បានប្រាប់ថា ឃ្លានមី ភ្លាមនោះខ្ញុំក៏បានក្រោកទៅយកមីដើម្បីយកទៅស្រស់ទឹកក្តៅ ខណៈនោះជនម្នាក់ក្នុងចំណោម២នាក់នោះបានដើរតាមខ្ញុំពីក្រោយ ហើយក៏ចាប់ក្រៀកខ្ញុំជាប់និងម្នាក់ទៀតបានដើរទៅទាញទ្វារបិទ រួចពួកគេក៏ចាប់ខ្ញុំចងដៃចងជើងនិងមាត់។ បន្ទាប់មកពួកគេឡើងទៅលើជាន់ទី១គំរាមសួររកលុយ ហើយក៏បានយកកូនសោពីខ្ញុំមកចាក់ថតតុយកលុយអស់ប្រហែលចំនួន៣ម៉ឺនដុល្លារនិងលុយចិន៨ពាន់យ៉េនរួមទាំងទូរស័ព្ទ២គ្រឿង ព្រមទាំងទាញផ្តាច់យក្បាលម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពក្នុងហាង ហើយពួកគេក៏គេចខ្លួនបាត់អស់ទៅ។
ពាក់ព័ន្ធនឹងហេតុការណ៍ប្លន់មួយករណី ដែលគេចាត់ទុកថាជាការស្វាគមន៍លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញនោះដែរ នៅព្រឹកថ្ងៃទី១៦ខែតុលានេះ គេឃើញកម្លាំងជំនាញប៉ូលិសព្រោងព្រាតជាច្រើននាក់ បានចុះមកកន្លែងកើតហេតុនៅហាងលក់ភេសជ្ជៈចិនយីហោ( (ឈិន ស៊ិន)នោះ ដើម្បីស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពក្បែរនោះដើម្បីកំណត់មុខសញ្ញាឈានដល់ការបង្ក្រាប៕
Source: Kampuchea Thmey Daily
0 Comments