ភ្នំពេញ ៖ ជប៉ុនគ្រោងនឹងជ្រើសរើសយុវជនវ័យក្មេងកម្ពុជាដែលមានទេសកោសល្យទៅធ្វើការស្របច្បាប់នៅប្រទេសជប៉ុនជាលើកដំបូង នៅដើមឆ្នាំក្រោយនេះដើម្បីបង្កើនប្រាក់ចំណូលខ្ពស់ជួយលើកស្ទួយដល់ជីវភាពរស់នៅឲ្យកាន់តែប្រសើរថែមទៀត។
លោក Yohei Shibasaki នាយកប្រតិបត្តិនៃក្រុមហ៊ុន Fourth Valley Conciergeបានមានប្រសាសន៍ថានៅ ដើមឆ្នាំ២០១៩ខាងមុខនេះក្រុមហ៊ុនរបស់លោកនឹងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលជប៉ុននៅរាជធានីភ្នំពេញនិងជ្រើសរើសនិស្សិតនិងយុវជនវ័យក្មេងកម្ពុជាប្រមាណពី៣០ទៅ៥០នាក់ដំបូងយកមកបណ្តុះបណ្តាលដើម្បីបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនSONY ,ក្រុមហ៊ុន PANASONIC ,ក្រុមហ៊ុន HONDA និងក្រុមហ៊ុនTOYOTAជាដើមដោយស្របច្បាប់នៅប្រទេសជប៉ុន។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបជាមួយលោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង លោក Yohei Shibasaki បានបន្តថា ពលករខ្មែរដែលទៅធ្វើការនៅជប៉ុននឹងទទួលបានលក្ខខណ្ឌការងារ អត្ថប្រយោជន៍ផ្សេងៗនិងប្រាក់ខែខ្ពស់ចាប់ពីជាង២ពាន់ទៅជាង៤ពាន់ដុល្លារក្នុង១ខែដូចជាប្រជាជនជប៉ុនដែរ។
លោកបានបន្តថា ក្រុមហ៊ុនរបស់លោកមានបទពិសោធន៍ខាងការងារនេះនៅតាមប្រទេសអាស៊ី១០ឆ្នាំមកហើយដែលបានបញ្ជូននិស្សិតនិងយុវជនវ័យក្មេងទៅធ្វើការនៅជប៉ុនដោយទទួលបានប្រាក់ខែខ្ពស់ហើយក្រុមហ៊ុនក៏ចង់បញ្ជូនយុវជនវ័យក្មេងកម្ពុជាទៅធ្វើការនៅជប៉ុនដែរព្រោះថាពួកគេក៏មានសមត្ថភាពខ្ពស់ដូចយុវជននៅពិភពលោកដែរឲ្យទទួលបានការងារល្អៗនៅជប៉ុននិងដើម្បីលើកទឹកចិត្តឲ្យក្មេងៗខិតខំរៀនសូត្រកាន់តែខ្លាំងថែមទៀត។
លោកបានបន្ថែមថា និស្សិត ឬ យុវជន ដែលត្រូវទៅធ្វើការស្របច្បាប់នៅជប៉ុនត្រូវរៀនចប់មហាវិទ្យាល័យមានជំនាញច្បាស់លាស់ដូចជាផ្នែកព័ត៌មានវិទ្យា វិស្វកម្ម សេវាកម្ម ទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច។
លោកបានបញ្ជាក់ថា ប៉ុន្តែមុននឹងបញ្ជួនទៅជប៉ុនក្រុមហ៊ុននឹងធ្វើការបំពាក់បំប៉នជាមុនសិនទៅលើភាសាជប៉ុន ដោយបណ្តុះបណ្តាលភាសាជប៉ុនចាប់ពី៣ទៅ៦ខែសម្រាប់អ្នកចេះខ្លះៗនិងចាប់ពី៦ខែទៅ១០ខែសម្រាប់អ្នកដែលអត់ចេះភាសាជប៉ុនសោះតែម្តង និងជំនាញផ្សេងៗព្រមទាំងលក្ខខណ្ឌការងារជាដើម។
លោកបានឲ្យដឹងទៀតថា ការបំពាក់បំប៉ន ការរៀបចំឯកសារផ្សេងៗ ការធ្វើដំណើររួមទាំងទទួលបានទិដ្ឋាការការងារស្រច្បាប់ទៅធ្វើការនៅជប៉ុនគឺក្រុមហ៊ុនមិនគិតកម្រៃទេតែក្រុមហ៊ុននឹងគិតថវិកាពីក្រុមហ៊ុនទទួលពលករនៅជប៉ុនវិញ។
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាន រីករាយស្វាគមន៍ និងគាំទ្រចំពោះសំណើនេះ ប៉ុន្តែលោករដ្ឋមន្ត្រីស្នើដល់ក្រុមហ៊ុន ត្រូវរៀបចំឯកសារតាមនីតិវិធីដែលតម្រូវទៅតាមច្បាប់ជាមុនសិន។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជារីករាយ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលជប៉ុន ដែលមកដល់ពេលនេះកម្ពុជាមានក្រុមហ៊ុនសហគ្រាសជាច្រើន របស់ជប៉ុន ចូលមកវិនិយោគនៅកម្ពុជា។ រីឯខាងផ្នែកវិស័យការងារវិញ កម្ពុជាក៏បានបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅជប៉ុនក៏ច្រើនដែរ មកដល់ពេលនេះកម្មសិក្សាការីកម្ពុជាមានប្រហែលជាង៨ពាន់នាក់កំពុងធ្វើកម្មសិក្សានៅទីនោះ ដែលនៅជប៉ុនមានកម្លាំងពលកម្មច្រើនទាក់ទងទៅនឹងឧស្សាហកម្ម កសិកម្ម សេវាកម្ម និងថែទាំមនុស្សចាស់ជាដើម។
លោកង៉ុយ រិទ្ធ នាយករងខុទ្ទកាល័យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា តាមរយៈក្រុមហ៊ុននេះយុវជន និស្សិតកម្ពុជា នឹងទទួលបាននូវ ឱកាសចេញទៅធ្វើការនៅជប៉ុន ជាមួយក្រុមហ៊ុនធំៗ រយៈពេលពី៥ទៅ១០ឆ្នាំដែលនេះជា ឱកាសដែលយើងមិនធ្លាប់មានពីមុន ដែលពីមុនកម្ពុជាបញ្ជូនត្រឹមជាសិក្ខាកាម ឬជាអ្នកហាត់ការទេ មិនទាន់បានទទួលទិដ្ឋការការងារនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះផ្តល់ ឱកាសឲ្យយុវជនកម្ពុជាទទួលបាននូវទិដ្ឋការការងារតែម្តង ធ្វើការបានរហូតពី៥ទៅ១០ឆ្នាំឯណោះ។
លោកបានបន្តថា ពេលដែលយុវជនកម្ពុជាបានទៅធ្វើការជាមួយក្រុមហ៊ុនល្បីៗ ពួកគេនឹងមានសមត្ថភាពកាន់តែខ្ពស់ ហើយពេលត្រឡប់មកវិញមកបម្រើការងារឲ្យក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសកម្ពុនឹងអាចទាក់ទាញក្រុមហ៊ុនពីជប៉ុនមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើននិងបង្កើតឱកាសការងារដល់យុវជនកាន់តែសម្បូរបែបថែមទៀត។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះមានពលករបរទេសកំពុងធ្វើការងារនៅប្រទេសជប៉ុនចំនួន១លាន២សែននាក់ក្នុងនោះមាន២៤ម៉ឺននាក់ធ្វើការដោយមានទិដ្ឋាការការងារ។រីឯប្រទេសកម្ពុជាមានកម្មសិក្សាការី ឬ សិក្ខាកាម ឬអ្នកហាត់ការ ជាង៨ពាន់នាក់ដោយធ្វើការទៅលើវិស័យឧស្សាហកម្ម កសិកម្ម សេវាកម្ម និងថែទាំមនុស្សចាស់ជាដើម៕
Source: Kampuchea Thmey Daily
0 Comments