ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានជួបពិភាក្សា ការងារជាមួយលោកស្រី Kanetou Rei ដែលជាម្ចាស់មេដាយមាស អូឡាំពិក ទីក្រុង Rio ឆ្នាំ២០១៦។
ជំនួបពិភាក្សានេះ ធ្វើឡើង កាលពីថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ដោយមានការអមដំណើរពីលោក ហែម គិរី អគ្គនាយកសហព័ន្ធកីឡាហែលទឹកកម្ពុជា។
លោកស្រី Rei ជាកីឡាករតំណាងឲ្យប្រទេសជប៉ុន បានឈ្នះមេដាយមាសមួយគ្រឿងលើវិញ្ញាសារហែល របៀបកង្កែបចម្ងាយ ២០០ម៉ែត្រ នៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុង Rio ឆ្នាំ២០១៦។
ជាមួយនឹងបទពិសោធន៍រយៈពេល២០ឆ្នាំ នៃការហ្វឹកហ្វឺនជាអត្តពលិកមុននឹងឈ្នះបានមេដាយមាស លោកស្រី Rei បានអញ្ជើញមកកម្ពុជា ដើម្បីបង្វឹក និងជំរុញលើកទឹកចិត្តដល់ក្រុមកីឡាករហែលទឹកកម្ពុជា ដែលនឹងចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលអនាគត ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរដល់លោកស្រី Rei ដែលបានចែករំលែកបទពិសោធន៍ និងបច្ចេកទេសហ្វឹកហាត់ជាមួយកីឡាករហែលទឹកកម្ពុជា និងជួយឲ្យពួកគេអាចត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់ការប្រកួតប្រជែងអន្តរជាតិ៕
Source: Kampuchea Thmey Daily
0 Comments