ប្រដាល់ ៖ ក្រោយបញ្ចប់ការប្រកួតជម្រុះជុំទី៤ នៃព្រឹត្តិការណ៍ប្រដាល់ដណ្ដើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៧ ទម្ងន់៦០គីឡូក្រាមនៅលើសង្វៀនSEA-TV កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ ឃីម បូរ៉ា អ្នកប្រដាល់កម្ពុជាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ត្រូវបានដឹងច្បាស់ថា គេជ្រុះធ្លាក់ជាស្ថាពរហើយ បន្ទាប់ពីចាញ់ថៃ Phat Thana នោះ។
ចំណែក សុខ សាវិន ក្លិបឆ្មាសសែនសុខគុនខ្មែរ ដែលគេបានវាយឈ្នះថៃ Phat Ngenthong ជាហេតុធ្វើឲ្យ សាវិន នៅរង់ចាំអ៊ុតមើលលទ្ធផលជាមួយសូត្រ បុនធី ក្លិបបក្សីស្លាបដែក ដែលមានពិន្ទុស្មើគ្នានោះ ។
ឃីម បូរ៉ា ត្រូវអ្នកប្រដាល់ថៃ Phat Thana វាយឲ្យបោះបង់ការប្រកួតក្នុងទឹកទី២ នៅក្នុងការប្រកួតជម្រុះជុំចុងក្រោយនេះ។ បូរ៉ា ត្រូវខូចភ្លាត់ក្បាលជង្គង់ខាងឆ្វេង ដោយសារការទាត់ត្រូវរបស់ Phat Thana។ ដួលលើកទី១ ឃីម បូរ៉ា អាចក្រោកបន្តការប្រកួតបាន ក្រោយពីអាជ្ញាកណ្ដាលរាប់ដល់៨នោះ ប៉ុន្តែដួលលើកទី២ បូរ៉ា ក្រោកលែងរួចតែម្តង ហើយបោះបង់ចោលការប្រកួតដែលធ្វើឲ្យ Phat Thana ឈ្នះក្នុងទឹកទី២។
ដូច្នេះ ឃីម បូរ៉ា អ្នកប្រដាល់កម្ពុជាយើង ដែលថិតក្នុងពូលA(ពូលខ្មែរ) គេត្រូវជ្រុះធ្លាក់ជាស្ថាពរហើយ ដោយក្នុង៤ប្រកួតឈ្នះ២ចាញ់២ប្រកួតបាន៨ពិន្ទុនោះ ហើយ Phat Thana បាន១០ពិន្ទុ ឈរកំពូលតារាង(ពូលB) ដោយក្នុង៤ប្រកួតឈ្នះ៣ចាញ់១ប្រកួត។
ចំពោះ សុខ សាវិន ដែលគេឈ្នះ Phat Ngenthong ទឹក៥ ក្នុងជុំជម្រុះចុងក្រោយនេះ ធ្វើឲ្យគេនៅអាចចាំអ៊ុតជាមួយ សូត្រ ប៊ុនធី ដែលត្រូវប្រកួតចុងសប្ដាហ៍ខាងមុខ បើ ប៊ុនធី ឈ្នះនោះ ទើប សុខ សាវិន គេត្រូវជ្រុះធ្លាក់ តែបើចាញ់វិញគឺមានការផ្ទៀងផ្ទាត់គ្នាហើយ ថាអ្នកណានៅអ្នកណាជ្រុះធ្លាក់នោះ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកខារ៉ាបាវរដូវកាលទី៧ ទម្ងន់៦០គីឡូក្រាមលើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន៨រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់។
អ្នកប្រដាល់ខ្មែរទាំង៤នាក់ក្នុងពូលAនោះ រួមមាន ឃីម បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ , សុខ សាវិន ក្លិបឆ្មាសសែនសុខគុនខ្មែរ , លី ភា ក្លិបសំរោងកោងខេត្តបាត់ដំបង និងសូត្រ ខេវិន ក្លិបបក្សីស្លាបដែក។ ឯ អ្នកប្រដាល់ថៃ៤នាក់ក្នុងពូលBវិញ មាន Phat ChhayakPhum , Phat Maha , Phat Ngenthong និង Phat Thana។
មឿន សុខហ៊ុច ឈ្នះថៃដោយពិន្ទុ ខណៈ នន់ ជំនិត ចាញ់បារាំងដោយពិន្ទុ នៅក្នុងការប្រកួតជាមួយអ្នកប្រដាល់ថៃ លើសង្វៀនGanzberg Top Fighter នៅ SEA-TV កាលពីយប់ថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨ មឿន សុខហ៊ុច អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា បានវាយឈ្នះ អ្នកប្រដាល់ថៃ Khum Phit ហើយអ្នកប្រដាល់ នន់ ជំនិត ក្លិបស្វាយរលំឫទ្ធិជ័យ វាយចាញ់អ្នកប្រដាល់បារាំង Julien ដោយពិន្ទុ។
មឿន សុខហ៊ុច បានវាយឈ្នះ Khum Phit ត្រឹមតែពិន្ទុប៉ុណ្ណោះ ក្រោយពីប្រកួតគ្នាប្រាំទឹកពេញនោះ ។ សុខហ៊ុច គេបានវាយប្ដូរកណ្ដាប់ដៃ និងទាត់ជាមួយអ្នកប្រដាល់ថៃនេះ តាំងពីក្នុងទឹកដំបូងម្ល៉េះ។
Khum Phit ក៏មិនធម្មតាដែរ គេវាយប្ដូរសងទៅលើ សុខហ៊ុច វិញ ប៉ុន្តែយ៉ាងណា នៅពីរទឹកចុងក្រោយ អ្នកប្រដាល់ថៃរូបនេះ បានចាញ់ប្រៀបទាត់របស់ សុខហ៊ុច។ ដោយសារតែការប្រកួតក្នុង២ទឹកចុងក្រោយនេះ Khum Phit ចាញ់ប្រៀបនោះ ធ្វើឲ្យចប់ការប្រកួត មឿន សុខហ៊ុច គេបានទទួលជ័យជំនះដោយពិន្ទុ។ និយាយរួម ជ័យជំនះរបស់ សុខហ៊ុច លើKhum Phit នេះ គឺថិតក្នុងលក្ខណៈប្រផុតប្រផើយតែប៉ុណ្ណោះ។
ចំពោះការប្រកួតរវាង នន់ ជំនិត និង អ្នកប្រដាល់បារាំង Julien វិញ នន់ ជំនិត ទប់ទល់បាន៥ ទឹកពេញតែម្តង ហើយលទ្ធផលចាញ់ពិន្ទុបារាំងនោះ ក៏ដោយសារជំនិតចាញ់ ស៊ុហ្វ និងកម្ពស់ Julien ដែលធ្វើឲ្យគេមិនអាចវាយត្រូវចំគោលដៅបានល្អ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ កំពែង ខ្មៅ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម បានវាយឈ្នះ គឿម សុវណ្ណនឿត អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាក្នុងទឹកទី៣។ ហើយ ង៉ែត វុធ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ បានវាយឈ្នះ សៅ ប៊ុនធឿន ក្លិបអ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យដោយពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments