ភ្នំពេញ ៖ ដោយមើលឃើញពីការខ្វះខាតនិងអាណិតអាសូរ ខណៈកំពុងមានជំងឺក្រលៀនធ្ងន់ធ្ងរតារាសម្តែងស្រីអ្នកនាង នៅ ណាវីន ត្រូវបានអភិបាលខណ្ឌពោធិ៍សែនជ័យលោក ហែម ដារិទ្ធិ ឧបត្ថម្ភនូវថវិកាចំនួន៥០០ដុល្លារតាមរយៈតារាសម្តែងប្រុសលោក អ៊ឹម ជីវ៉ា។
តារាសម្តែងប្រុសលោក អ៊ឹម ជីវ៉ា ប្រាប់ឲ្យដឹងថា តារាសម្តែងអ្នកនាងនៅ ណាវីន បានទទួលការឧបត្ថម្ភនូវថវិកាចំនួន ៥០០ដុល្លារពីលោក ហែម ដារិទ្ធិអភិបាលនៃ គណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ បន្ទាប់ពីតារាសម្តែងនិងកំប្លែងរូបនេះ បានបង្ហោះក្នុងFacebook អំពាវនាវដល់សប្បុរសជនឲ្យជួយអ្នកនាងផងដោយអ្នកនាង កំពុងមានជំងឺខូចគ្រលៀនដំណាក់កាលចុងក្រោយ។
លោក អ៊ឹម ជីវ៉ា បាននិយាយទៀតថា អ្នកនាង នៅ ណាវីន គឺត្រូវលាងឈាមរាល់ពីរដងក្នុងមួយសប្តាហ៍ តារារូបនេះគ្មានលទ្ធភាពព្យាបាលឡើយ ដោយមើលឃើញពីការខ្វះខាតរបស់តារាសម្តែងអ្នកនាង នៅណាវិន លោក ហែមដារិទ្ធ ក៏ចាត់អោយលោក ខ្ញុំ អ៊ឹម ជីវ៉ា យកថវិកាចំនួន៥០០ដុល្លារទៅជួយល់អ្នកនាង នៅមន្ទីរពេទ្យព្រះកេតុមាលា។
តារាសម្តែងប្រុសដែលលេចធ្លោលើការងារមនុស្សធម៌លោក អ៊ឹម ជីវ៉ា បានលើកឡើងទៀតថាក្នុងនោះបើទោះបីការងារលោកអភិបាលខណ្ឌរវល់យ៉ាងណាលោក ហែម ដារិទ្ធ ក៏បានផ្តាំផ្ញើសួសុខទុក្ខនិងជូនពរអោយអ្នកនាងឆាប់បានជាសះស្បើយដើម្បីឆាប់បានចូលសម្តែងក្នុងវិស័យសិល្បៈបន្តទៀត។
គួររម្លឹកថា អ្នកនាង នៅ ណាវីន បានធ្លាក់ខ្លួនឈឺមានរយៈពេលប្រមាណ២ខែមកហើយ ប៉ុន្តែបន្ទាប់ពីធ្វើការព្យាបាលនៅមន្ទីរពេទ្យស្រុកខ្មែរ និងថៃហើយនោះ ស្ថានភាពជំងឺរបស់នាងនៅតែមិនមានសភាពធូរស្បើយដូចដើមនោះទេ។ មិនតែប៉ុណ្ណោះអ្នកនាង នៅ ណាវីន ក៏ត្រូវបានក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យស្រុកខ្មែរនិងប្រទេសថៃប្រាប់ឲ្យនាងចេញទៅវះកាត់ដូរក្រលៀននៅឯប្រទេសឥណ្ឌាទៀតផង។ នេះបើតាមការបញ្ជាក់ពីប្រភពអ្នកសិល្បៈស្និទ្ធស្នាល៕
Source: Kampuchea Thmey Daily
0 Comments