សេង ស្រឿន អ្នកប្រដាល់កម្ពុជា ក្លិបមហិទ្ធិឫទ្ធិមេសរថ្ងកខេត្តស្វាយរៀង ដែលត្រូវគេផ្តល់ឱកាសឲ្យជួបសងសឹកជាមួយអ្នកប្រដាល់ថៃ Chhouk Chhai កាលពីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨ លើសង្វៀនBoostrong Fighter On Fire នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍នោះ បានចាញ់ Chhouk Chhai ទៀត។
ចាញ់លើកទី២នេះ សេង ស្រឿន ចាញ់ធ្ងន់ធ្ងរថែមទៀត ដោយត្រូវ Chhouk Chhai ចាប់អុកនឹងជង្គង់សន្លប់ក្នុងទឹកទី១ ខណៈការប្រកួតទើបបានប្រហែលពាក់កណ្ដាលទឹក១នោះ។
Chhouk Chhai គ្រាន់តែចាប់ផ្តើមប្រកួតភ្លាម គេដើរចូលទៅរកចាប់ សេង ស្រឿន ដើម្បីអុកជង្គង់តែម្តង ទោះជា សេង ស្រឿន ទាត់កាត់ ឬក៏ធាក់ចេញ យ៉ាងណាក៏ដោយ ក៏មិនអាចទប់នឹងការវាយសម្រុករបស់ Chhouk Chhai បានដែរ។
សេង ស្រឿន និង Chhouk Chhai នេះ ធ្លាប់ជួបគ្នាម្តងហើយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧កន្លងមក ដែលពេលនោះ សេង ស្រឿន ត្រូវ Chhouk Chhai វាយអោយសន្លប់ក្នុងទឹកទី២។
ចំពោះ អេ រដ្ឋា អ្នកប្រដាល់ក្លិបអេភូថងកីឡា បានផ្ដួលយកឈ្នះអ្នកប្រដាល់ថៃ ឈ្មោះ Pek Am ក្នុងទឹកទី២។ ពួកគេទាំងពីរ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
Pek Am ត្រូវ អេ រដ្ឋា (ម៉ន រដ្ឋា) ដាល់ចំចង្កាមួយដៃពេញ ដែលបណ្តាលឲ្យ Pek Am ដួលដាច់ផ្ងារ សន្លប់ធំតែម្តង នៅដើមទឹកទី២នោះ។
ចំណែក ធី តុងហ៊ី អ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធ បានផ្ដួលយកឈ្នះអ្នកប្រដាល់អ៊ីរ៉ង់ Moh sen Kordalivand ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី៤ ដោយស៊ូជាមួយកែង និងជង្គង់របស់ធី តុងហ៊ីមិនបាន។ ក្នុងការប្រកួតទឹកទី៣ Moh sen Kordalivand ត្រូវអាជ្ញាកណ្ដាលរាប់៨ម្តង ដោយសារត្រូវកែងរបស់តុងហ៊ីនោះ។
មាជ សុខរ៉ា និង ពុទ្ធ ឆាយរិទ្ធី ឈ្នះ ក្នុងជម្រុះជុំទី៣ ខ្សែក្រវាត់Wurkz ទម្ងន់៦៧គីឡូក្រាម អ្នកប្រដាល់កម្ពុជា២រូប គឺមាជ សុខរ៉ា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ និងអ្នកប្រដាល់ ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរី វង្សកីឡា បានវាយឈ្នះអ្នកប្រដាល់ថៃដូចគ្នា នៅក្នុងការជួបប្រកួតក្នុងជុំជម្រុះលើកទី៣ នៃព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់Wurkz រដូវកាលទី២ ទម្ងន់៦៧គីឡូក្រាម លើសង្វៀនSEA-TV កាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨។
មាជ សុខរ៉ា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ បានផ្ដួល អ្នកប្រដាល់ថៃKao Ah ឲ្យសន្លប់ក្នុងទឹកទី១ប៉ុណ្ណោះ។
ពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា គេវាយឈ្នះអ្នកប្រដាល់ថៃPhach Aroun ដោយពិន្ទុ។
នេះជាការប្រកួតជម្រុះលើកទី៣ របស់ពួកគេទាំង៤ ក្នុងការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ Wurkz រដូវកាលទី២ទម្ងន់៦៧គីឡូក្រាម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រដាល់ដណ្ដើមខ្សែក្រវាត់Wurkz រដូវកាលទី២ ទម្ងន់៦៧គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ៤រូប។
ការប្រកួត គឺពុំមានវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រទេ។ ដូច្នេះហើយ ទើបទាំងប្រដាល់ខ្មែរ ទាំងអ្នកប្រដាល់ថៃ គឺត្រូវការឈ្នះដូចគ្នា ត្បិតគេជ្រើសរើសយកតែអ្នកលេខ១ និងលេខ១ ក្នុងជុំ នៃពូលខ្មែរនិងពូលថៃ តែប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments