អ្នកប្រដាល់ ឡៅ ចិត្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ បានវាយឈ្នះអ្នកប្រដាល់ឡាវ Nampetch Chhor Champaion ក្នុងទឹកទី៣ ហើយចាន់ ប៊ុនហឿន អ្នកប្រដាល់ក្លិបនិរោធមានជ័យ បានវាយឈ្នះអ្នកប្រដាល់ថៃ Khumpichit Payaknonghin ក្នុងទឹកទី៣ ដែរ ក្នុងការជួបប្រកួតជម្រុះជុំទី៣ ដណ្ដើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលថ្មីទម្ងន់៦០គីឡូក្រាម នៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨។
ឡៅ ចិត្រា បានធ្វើឲ្យអ្នកប្រដាល់ឡាវ Nampetch សន្លប់ក្រោកលែងរួចនៅក្នុងទឹកទី៣ ដោយសារការទាត់ផ្កាប់ចានរបស់គេចំកញ្ចឹង ក របស់Nampetch។
Nampetchមិនទាន់ទាំងបានវាយតតាំងជាមួយ ចិត្រា និងវាយត្រូវ ចិត្រា មួយដៃផង ក៏ត្រូវ ឡៅ ចិត្រាទាត់ផ្កាប់ចានមួយជើងឆ្វេងចំកញ្ចឹងក ធ្វើឲ្យអ្នកប្រដាល់ឡាវ Nampetchសន្លប់ឈឹងតែម្តង។
ជាមួយលទ្ធផលនេះ នាំឲ្យអ្នកប្រដាល់ឡាវ Nampetch បាន៥ពិន្ទុសម្រាប់ការប្រកួតជម្រុះ៣លើកនោះ ហើយ ឡៅ ចិត្រា គេបាន៩ពិន្ទុ សម្រាប់ការ៣ជុំនេះ។
ចំណែកអ្នកប្រដាល់ ចាន់ ប៊ុនហឿន វិញ គេបានផ្ដួលអ្នកប្រដាល់ថៃ Khumpichit Payaknonghin ក្នុងទឹកទី៣ដែរ។ នៅក្នុងការប្រកួតទឹកទី៣នេះ ប៊ុនហឿន បានធ្វើឲ្យ Khumpichit ឈឺសាច់មិនតិចឡើយ ដោយសារត្រូវកែង ជង្គង់ របស់ប៊ុនហឿន វាយចំគោលដៅល្អ។ ក្រោយពីអាជ្ញាកណ្ដាលរាប់ពីរដងក្នុងទឹកទី២ និងបានរួចផុតពីការបរាជ័យក្នុងទឹកទី២នោះ Khumpichit បានមកចាញ់សន្លប់ក្នុងដើមទឹកទី៣ទៅវិញ ដោយសារត្រូវជង្គង់ហោះរបស់ ប៊ុនហឿន ហោះបុកចំចុងដង្ហើមនោះ។
ដូច្នេះសម្រាប់ការប្រកួតជម្រុះ៣ជុំ ខ្សែក្រវាត់ខារ៉ាបាវរដូវកាលថ្មីទម្ងន់៦០គីឡូក្រាមនេះ ចាន់ ប៊ុនហឿន គេបាន៩ពិន្ទុដូច ឡៅ ចិត្រា ដែរ ដោយឈ្នះទាំង៣ប្រកួត ឯ Khumpichit គេបាន៥ពិន្ទុដូចឡាវ Nampetch ដែរ ក្នុងបីប្រកួតដូចគ្នានោះ គឺឈ្នះ១ ចាញ់២ប្រកួត។
ចំពោះការប្រកួតដណ្ដើមពានរង្វាន់ប្រាក់លានរបស់ទូរទស្សន៍បាយ័នទម្ងន់៧០គីឡូក្រាម កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅសង្វៀនស្ទឹងមានជ័យនេះដែរ យ៉ាម ខេមរា អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រា បានឈ្នះពានរង្វាន់នេះ បន្ទាប់ពីគេបានយកឈ្នះ ហេង វិឆ័យ ក្លិបអេភូថងកីឡាដោយពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្រនោះ។
យ៉ាម ខេមរា ក្នុងការប្រកួតជម្រុះដំណាក់ដំបូងគេវាយឈ្នះតូច ទូ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិដោយពិន្ទុ។ ចំណែក ហេង វិឆ័យ គេវាយឈ្នះ ចៅ ផលឌឿ អ្នកប្រដាល់ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងដោយពិន្ទុដែរ។
យ៉ាម ខេមរា និង ហេង វិឆ័យ បានឡើងមកជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដែលក្រោយពីការប្រកួតគ្នា៥ទឹកនោះ ហេង វិឆ័យ បានចាញ់ យ៉ាម ខេមរា ដោយពិន្ទុ ដែលធ្វើឲ្យ យ៉ាម ខេមរា ឈ្នះពានរង្វាន់ប្រាក់លានរបស់ទូរទស្សន៍បាយ័នទម្ងន់៧០គីឡូក្រាម។
ដោយឡែក ក្នុងការប្រកួតគូឯក យ៉ុន ដារ័ត្ន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ បានផ្ដួល ស៊ឹម វណ្ណដេត អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យឲ្យសន្លប់ក្នុងទឹកទី៣៕
Source: Kampuchea Thmey Daily
0 Comments