Ad Code

គ្រូ​បង្វឹក​ក្រុម​វិសាខា នឹង​យក​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ U18 Fukushimaរបស់​ជប៉ុន​



ក្រុម​បាល់ទាត់​វិសាខា សមាជិក​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បាន​ធ្វើការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជាង​១​សប្ដាហ៍​មក​ហើយ​ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម U18 Fukushima មកពីប្រទេសជប៉ុន នាដើមខែក្រោយ បន្ទាប់​ពី​ឲ្យកីឡាករ​សម្រាក​មួយ​រយៈ​ក្រោយ​ផុត​រដូវកាល​ចាស់​កន្លង​ទៅ។

លោក ហុក សុជីវ័ន គ្រូ​បង្វឹក​ក្រុម​វិសាខា បានចាត់ទុកការប្រកួតនេះ គឺជាឱកាសដ៏ល្អ ដើម្បី​ធ្វើតេស្ត​កីឡាករ​ចាស់-ថ្មី ពិសេស​កីឡាករ​យុវជន ទើប​ផ្ទេរ​មក​ពី​សាលា​បាល់ទាត់​ជាតិ​បាទី​តែម្ដង។

លោក​បាន​លើក​ឡើង​ថា៖«ការ​ប្រកួត​នេះ គឺ​ជា​ការ​ល្អ​មួយ ដើម្បី​យើង​ធ្វើតេស្ត​សមត្ថភាព​កីឡាករ​ថ្មីៗ​ ហើយ​អាច​ឈាន​ដល់​ការ​ធ្វើតេស្ត​កីឡាករ​បរទេស​មួយ​ចំនួន​ផង​ដែរតែ​ភាគរយ​ច្រើន យើង​ផ្ដោត​លើ​កីឡាករ​ថ្មីៗ​ ពិសេស​យុវជន​មក​ពី​សាលា​បាល់ទាត់​ជាតិ​បាទី តើគាត់អាចសហការគ្នា គាត់​ខ្វះ​ខាត​កន្លែង​ណា និងត្រូវបំពេញកន្លែងណា ដើម្បីធ្វើឲ្យស៊ីជម្រៅជាមួយកីឡាករចាស់ៗ មុន​រដូវ​កាល​ថ្មី​មកដល់»

លោកយល់ឃើញក្រុម U18 Fukushima គឺជាក្រុមមួយខ្លាំង ទោះនាមជាក្រុមយុវជនក៏ដោយ។ លោក​គ្រូ​បង្វឹក​រូប​នេះ​បន្ត​ថា៖«ប្រកួតនេះ យើងអាចគិតពីលទ្ធផលទេ សំខាន់យើងចង់តេស្ដ តើ​រយៈពេល​ជាង​ ១សប្ដាហ៍ចុងក្រោយ ពួកគាត់មានការយល់ចិត្តគ្នា និង​ទម្រង់​លេង​មាន​ការ​រីកចម្រើន​កម្រិត​ណា? តែខ្ញុំជឿជាក់ថា យុវជនមកពីបាទី មាន​ការអភិវឌ្ឍន៍​ខ្លួន​បាន​លឿន ជាក់ស្ដែងឆ្នាំមុន សាន គឹមហេង ក៏ដូច្នេះដែរ គាត់ព្យាយាមធ្វើតាមការណែនាំរបស់យើង ធ្វើឲ្យ​គាត់​អភិវឌ្ឍន៍​បាន​លឿន និងសហការគ្នាលេងជាក្រុមបានល្អ»

ជំនួប​មិត្តភាព​រវាង​ក្រុម​បាល់​ទាត់​វិសាខា និងក្រុម U18 Fukushima របស់ជប៉ុន នឹងធ្វើឡើង​នា​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី០២ ខែ​វិច្ឆិកា​ខាង​មុខ នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ រាជធានីភ្នំពេញ ស្រប​ពេល​ការ​ប្រកួត​នេះ នឹងធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា-ជប៉ុន

ប៉ុន្ដែមុនជួបក្រុមវិសាខា ក្រុម​យុវជន​មក​ពី​ជប៉ុន​មួយ​នេះ ក៏​ត្រូវឆ្លង​កាត់ការ​ប្រកួត​មិត្តភាព​មួយ ជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី នាថ្ងៃទី៣១ ខែតុលាខាងមុខនេះផងដែរ៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu