Ad Code

កីឡាករ ឡុង ម៉េងហាវ ថា កៅអី​ជម្រើស​១១​នាក់​ដំបូង​​មិន​ងាយ​ដណ្ដើម​នោះ​ទេ​នៅ​ក្លិប​វិសាខា



កីឡាករ​វ័យក្មេង ឡុង ម៉េងហាវ ដែល​ទើប​តែ​ផុត​កិច្ចសន្យា​ជាមួយ​ក្រុម​មជ្ឈមណ្ឌល​ និង​សាលា​បាល់​ទាត់​ជាតិ​បាទី ​បាន​ចូលរួម​ក្នុង​ក្រុម​វិសាខា ដែល​ជា​សមាជិក​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​ កាល​ពី​ពេលថ្មីៗ​ បានបញ្ជាក់ថា រូបគេរីករាយ ក្រោយ​សម្រេច​ក្ដី​ស្រមៃ​ក្លាយ​ជា​សមាជិក​របស់​ក្លិប​​មួយ​នេះ ​ហើយ​សន្យាថានឹងខិតខំហ្វឹកហាត់ដើម្បីដណ្តើមកៅអីជម្រើស១១នាក់ដំបូង។

កីឡាករ​រូប​នេះ​គិត​ថា​ថា ទោះបីខ្លួនបានលេង ឬមិនបានលេង គឺអាស្រ័យលើខ្លួនឯងផ្ទាល់ ដែល​ទាម​ទារ​ឲ្យ​គេ ត្រូវការខិតខំហ្វឹកហាត់ខ្លាំង ដើម្បី​ប្រកួតប្រជែង​ជា​មួយ​រៀមច្បង។

យុវជន​មាន​កំណើត​ពី​ខេត្ត​ព្រះសីហនុ​រូប​នេះ​និយាយថា«ខ្ញុំសម្រេចចិត្តចូលរួមជាមួយវិសាខា ព្រោះ​ក្លឹប​នេះ ទើប​បង្កើត​មែន តែមានធនធានកីឡាករល្អៗច្រើន និងការលេងល្អ ពិសេស​ការ​គ្រប់គ្រង​ច្បាស់​លាស់ខ្ញុំ​មក​ទី​នេះ ខ្ញុំ​ដឹង គឺ​មាន​កីឡាករ​រៀមច្បង​មាន​សមត្ថភាព​ច្រើន​ អីចឹង​ខ្ញុំ​ត្រូវ​មាន​ការ​ខំ​ប្រឹង​ និងប្រកួតប្រជែងខ្លាំង ដើម្បីដណ្ដើមឱកាសលេង ព្រោះ​ពួកគាត់​មាន​បទពិសោធន៍​ច្រើន​ជាង​ខ្ញុំ។ ដូច្នេះ​ការ​ប្រកួតប្រជែង​ក៏​មិន​ងាយ​ស្រួល​ដែរ ហេតុ​នេះ ខ្ញុំ​មាន​តែ​ខំប្រឹង»​

ឡុង ម៉េងហាវ បាន​បន្ត​ថា«សម្រាប់ការផ្ដល់ឱកាស ឬមិនផ្ដល់ឱកាស ក្នុងការលេងលើទីលានវិញ គឺ​អាស្រ័យ​លើ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ត្រូវ​បង្ហាញ​សមត្ថភាព​លើក​ទីលាន ពិសេស​ពេល​ហ្វឹកហាត់​ ខ្ញុំ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ដើម្បីឲ្យគ្រូបង្វឹក គាត់មើលឃើញពីសមត្ថភាពរបស់ខ្ញុំ។

ជា​រួម​ទោះ​ខ្ញុំ​បាន​លេង​កម្រិត​ណា​ក៏​ដោយ ខ្ញុំប្ដេជ្ញានឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បី​ជួយ​ក្លឹប​វិសា​ខា ទទួល​បាន​លទ្ធផល​ល្អ​ទាំង​លីគ​ និង​ពានរង្វាន់​សម្ដេច​តេជោ ហ៊ុន សែន នារដូវកាលក្រោយៗ»

គួរ​បញ្ជាក់​ថា ឡុង ម៉េងហាវ គឺជាកីឡាករម្នាក់ ក្នុងចំណោម ៦នាក់ ដែល​ផ្ទេរ​ពី​សាលា​បាល់ទាត់​ជាតិ​បាទី ​មក​កាន់​ក្លឹប​វិសាខា ក្រោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ប្រកាស​រំសាយ​កីឡាករ​ចំនួន​១៦​នាក់​កាលពីពេលថ្មីៗ តែ​ក្នុង​នោះ​មាន​កីឡាករ​៥នាក់​ត្រូវ​ចូលរួម​ជា​មួយ​ក្រុម​ធំ រួមមានកីឡាករ ទៀត គឹមហេង, ទូច គឹមឆាយ, ផុន តៃនិញ, អាត អូនតូច និងអ្នកចាំទី គង់ ពីលត់៕

   

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu