Ad Code

ឧត្ដមសេនីយ៍​ម៉ម​ស្រ៊ីម​វណ្ណា ​រង​ការ​ចោទ​ប្រកាន់​ថា ​ប្រើ​អំណាច​ប្តឹង​យក​ដី ​ផ្ទះ​ និង​ឱ្យ​កូនចៅ​ទៅ​លួច​ចុច​GPS​វាស់វែង​ផ្ទះ​គេ



ភ្នំពេញ ​៖ ​ឧត្ដមសេនីយ៍ ប៉ូលិស​ផ្កាយ​៣ ម៉ម ស្រ៊ីម​វណ្ណា ដែល​កាលពី​ឆ្នាំ​២០១៦ ប៊ិះ​នឹង​អស់​ផ្កាយ​ម្តង​ហើយ ដោយសារតែ​អាង​អំណាច ធ្វើបាប​ប៉ូលិស​ចរាចរណ៍​តូចតាច​ម្នាក់​នោះ​ ឥឡូវ​លោក​ផ្កាយ​៣ អាង​អំណាច ទៀតហើយ ​​ដោយ​បាន​ប្រើ​ឯកសារ ពាក្យ​បណ្តឹង​នៅ​ឆ្នាំ​២០០៦ ដែល​មាន​ឈ្មោះ លោក​ជា​អ្នកប្តឹង​ ប៉ុន្តែ គ្មាន​ហត្ថលេខា​ឬ​ស្នាម​មេដៃ​របស់លោក មកប្តឹង​សាលា​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ទាមទារ​យក​ផ្ទះ​គេ ដែល​បាន​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩ រហូតមកដល់​បច្ចុប្បន្ន មិនតែប៉ុណ្ណោះ​កាលពី​ពេល​ថ្មីៗ​នេះ​ ប្រើ​ក្មួយ​ឱ្យ​យក​GPS ទៅ​ចុច​វាស់វែង​លើ​ដី​គេ​ដោយ​គ្មាន​ការអនុញ្ញាត ក៏ត្រូវ​ម្ចាស់ផ្ទះ​ប្តឹង​វិញ។

យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​រេះ ស៊ីយ៉ា ភេទ​ស្រី​ អាយុ​៥១​ឆ្នាំ ​រស់នៅ​ផ្ទះ​លេខ​១៨៧E​ក្រុម​ទី​៤​ភូមិ​ខ ២​ សង្កាត់​ច្រាំង​ចំរេះ ទី​២​ខណ្ឌ​ឫស្សីកែវ ដែល​ប្តឹង​ពី​បទ​រំលោភ​រូបវ័ន្ត​ ដែល​ភ្នាក់ងារ​កម្ពុជា​ថ្មី​ទទួលបាន ដោយបាន​រៀបរាប់ថា​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​១៨​ឈ្មោះ ហ្វា ក​រ៉​ណៃ ភេទ​ប្រុស ​និង​បក្ខពួក​២​នាក់​ទៀត​ បាន​យក​GPS ទៅ​ចុច​វាស់វែង​នៅ​ដី​ផ្ទះ​លំនៅដ្ឋាន​របស់គាត់​ជាច្រើន​កន្លែង​ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ ហើយ​ឈ្មោះ​ហ្វា ក​រ៉​ណៃ​នេះ​ជា​ក្មួយ​របស់លោក​ផ្កាយ​៣ ម៉មស្រ៊ីម វណ្ណា ដោយ​គាត់​សង្ស័យថា​លោក ម៉ម​ស្រ៊ីម​វណ្ណា ឱ្យ​កូនចៅ​យក​GPS​ទៅ​វាស់ដី​គាត់​ដើម្បី​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដែល​គាត់​មិនអាច​អត់អោន​ឱ្យបាន​ឡើយ។

លោក ស្រី​រេះ ស៊ី​យ៉ា បានឱ្យដឹងថា​ សព្វថ្ងៃ​គាត់​រស់នៅ​វេទនាណាស់ គាត់​ជា​ស្ត្រី​មេម៉ាយ​កូន​៨​នាក់​រស់នៅ​ក្នុងផ្ទះ​ពុកផុយ​តូច​មួយ ដោយសារ​ពិបាក​ពេក​ក៏​រុះរើ​ផ្ទះ​នោះ ​សាងសង់​ថ្មី ក៏​ស្រាប់តែ​លោក​ផ្កាយ​៣​ម៉ម​ស្រ៊ី​ម​វណ្ណា ប្តឹង​មិនឱ្យ​សាងសង់ ហើយ​ទាមទារ​យក​ដី​ផ្ទះ​ដែល​គាត់​រស់នៅ​តាំង​ឆ្នាំ​១៩៧៩ ដែលមាន​អាជ្ញាធរ​ភូមិ សង្កាត់ ខណ្ឌ​ដឹងឮ​ទទួលស្គាល់​មាន​ឯកសារ​បញ្ជាក់​ស្របច្បាប់​ទាំងអស់ ដោយ​លោក​ម៉ម​ស្រ៊ីម ​វណ្ណា​អះអាងថា​ជា​ដី​កេ​រិ៍​តាំងពី​សង្គមចាស់ តែ​លោក​ម៉ម​ស្រី​ម​វណ្ណា​គ្មាន​ឯកសារ​បញ្ជាក់​នោះទេ។

លោកស្រី​បន្តថា ដោយសារ​រុះផ្ទះ​ចាស់​អស់គេ​មិនឱ្យ​សង់​គាត់​ក៏​ប្រក់​តង់​រស់នៅ​បណ្តោះអាសន្ន ពេល​ភ្លៀង​មក​លិច​រក​កន្លែងដេក​គ្មានទេ។ លោកស្រី​បន្តទៀតថា លោក​ម៉ស្រ៊ីម​វណ្ណា អាង​អំណាច​ផ្កាយ​៣​យកពាក្យ​បណ្តឹង​តាំង​ឆ្នាំ​២០០៦​គ្មាន​ផ្តិតមេដៃ​គ្មាន​ហត្ថលេខា​ប្តឹង​គាត់​មិនឱ្យ​សង់ផ្ទះ​ហើយ​ទាមទារ​យក​ដី​ផ្ទះ​ដែល​រស់​សព្វ​ថែមទៀត ទង្វើ​ទាំងនេះ​វា​អយុត្តិធម៌​ណាស់​សម្រាប់​ពួកគាត់​ជា​ប្រជាជន​ក្រីក្រ​តូចតាច។

លោក​ហួត​ហៀ​ង ​ចៅ​សង្កាត់​រង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ បានឱ្យ​កម្ពុ​ជាថ្មី​ដឹងថា លោកស្រី​រេះ​ស៊ីយ៉ា​និង​គ្រួសារ​បានមក​រស់នៅ​ទីនេះ​តាំងពី​ឆ្នាំ​១៩៧៩​មែន ដោយមាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ សង្កាត់ ខណ្ឌ​ត្រឹមត្រូវ ចំណែកឯ​លោក ម៉ម​ស្រ៊ី​ម​វណ្ណា ដែល​ប្តឹង​អះអាងថា​ដី​នេះ​ជា​ដី​របស់ខ្លួន​ពី​សង្គមចាស់​នោះ ​មិនមាន​ឯកសារ​អ្វី​មក​បញ្ជាក់​នោះទេ។​

ពាក់ព័ន្ធនឹង​បញ្ហា​ខាងលើ​លោក​ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ​បាន​បញ្ជាក់ថា ផ្ទះ​នោះ​ពីដំបូង​ខាង​ខណ្ឌ​បាន​អនុញ្ញាត​ឱ្យ​ម្ចាស់ផ្ទះ​ជួសជុល​ហើយ​ តែដោយសារ​មាន​ទំនាស់​ពី​អ្នក​ជិតខាង​ក៏​ផ្អាក​វិញ ហើយ​លោក​បានឱ្យ​អភិបាលរងខណ្ឌ​២​នាក់​ទៅ​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​ភាគី​ទំនាស់​ដោយ ព្យាយាម​រក​ដំណោះស្រាយ ពន្យល់​ឱ្យ​ចរចា​គ្នា​ជាមួយ​លោក​ម៉ម​ស្រ៊ី​ម​វណ្ណា ជាច្រើនលើក​ច្រើនសា​ តែ​មិន​ត្រូវរ៉ូវ​គ្នា ក៏​ឱ្យ​ពួកគាត់​ប្តឹងទៅ​តុលាការ​តែម្តងទៅ។​

ចុងក្រោយ​លោកស្រី រេះ ស៊ី​យ៉ា បាន​សំណូមពរ​ទៅ​មន្ត្រី​ពាក់ព័ន្ធ​មេត្តាជួយ​រក​យុត្តិធម៌​ឱ្យ​គាត់​ដែល​ជា​ស្ត្រី​មេម៉ាយ​ផង ​ព្រោះ​គាត់​គ្មាន​អ្នក​ទីពឹង​ទេ​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ ​ដែល​គាត់​រុះ​ផ្ទះ​ហើយ​មិនឱ្យ​ជួសជុល​វិញ។​

គួរ​បញ្ជាក់ថា​ ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩ ដីធ្លី​ផ្ទះសម្បែង​ទាំងអស់​ជា​របស់​រដ្ឋ អ្នកណា​ចូលមក​នៅមុន នឹង​បាន​ចុះបញ្ជី​​ឲ្យ​រដ្ឋ​ទទួលស្គាល់ មុន​ អ្នកនោះ​គឺជា​ម្ចាស់​កម្មសិទ្ធិ រហូតមកដល់​សម័យ តេ​ជោ ហ៊ុនសែន បច្ចុប្បន្ន​ បើ​យើង​ចង់​ប្តឹង​ទាមទារ​យក​ទ្រព្យសម្បត្តិ របស់​អ្នក​ដ​ទៃ មកជា​របស់​យើង វា​ទាល់តែ​យើង​ជា​ម្ចាស់​កម្មសិទ្ធិ លើ​ទ្រព្យ​នោះ ដែល​ច្បាប់​បច្ចុប្បន្ន​ទទួលស្គាល់​សិន​បើ​មិន​ចឹ​ង​ទេ​មិន​បានទេ ព្រោះ​ផ្ទុយ​ពី គោលនយោបាយ របស់​សម្តេច តេ​ជោ​ហ៊ុនសែន ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ហើយ។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាងលើ កម្ពុ​ជាថ្មី​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក ម៉ម​ស្រ៊ីម​វណ្ណា បានទេ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu