ក្រុមហ្វូតសាលជម្រើសជាតិកម្ពុជា បានបញ្ចប់កម្មវិធីបោះជំរំហ្វឹកហាត់នៅរាជធានីបាងកក ប្រទេសថៃ រយៈពេលជិត១សប្ដាហ៍រួចហើយមុនចូលរួមព្រឹត្តិការណ៍ AFF Futsal Championship 2018 ដែលត្រូវធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ខាងមុខ ខណៈក្រុមកម្ពុជា បានប្រកួតចាញ់ទាំង៣លើកក្នុងប្រកួតមិត្តភាពកម្តៅសាច់ដុំនៅទីនោះ។
លទ្ធផលសរុបរបស់ក្រុមកម្ពុជាគឺបានប្រកួតចាញ់ក្រុម Rachanavy FC ៥ទល់១ ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋាន Phutianan Stadium ខណៈនៅថ្ងៃព្រហស្បតិ៍ទី២៥ ខែតុលា ឆ្នាំ២០១៨ បានប្រកួតចាញ់ក្រុម Samutsakhon University ៤ទល់១ លើទីលានជាមួយគ្នា។
ចំណែកប្រកួតចុងក្រោយកម្ពុជា ត្រូវបន្តចាញ់ក្រុម Bangkok City ៩ទល់១ ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨ ដែលជាប្រកួតចុងក្រោយ។
យោងតាមការឲ្យដឹងពីលោក ឃុល ភីរម្យ នាយកផ្នែកអភិវឌ្ឍន៍ហ្វូតសាលប្រចាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងក្រុមហ្វូតសាលាជម្រើសជាតិកម្ពុជា បានដាក់កម្មវិធីទៅហ្វឹកហាត់ និងប្រកួតមិត្តភាពនៅប្រទេសថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា កីឡាករដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅចេញទៅហ្វឹកហាត់និងប្រកួតនៅក្រៅប្រទេសលើកនេះមានកីឡាករ ហេង សុខលី, រស់ រតនៈ, រស់ ស៊ីចំរើន,គន្ធ លន់ដារ៉ុត,គឹម សុខយុទ្ធ,កែវ ជាតូ, គឹម ហាប់,អ៊ុក សេរីរតនៈ, នៅ រ៉ូហ្សេត,តាត់ ផាត់ឌី,សឹង ចាន់វ៉ានណូ,វង្ស ដារ៉ា,ផុន ចាន់ឧត្តម, ញឹក ថាលីដា, ហូ អត្រា,អ៊ឹង ស្លូត,ចន្ថា ចន្ទាកា, សេដ្ឋា សច្ចៈបុត្រ, កែវ ណារ៉េត និង ឡាក់ ភីរុណ។
ងាកមកមើលពានរង្វាន់ជើងឯកបាល់ទាត់អាស៊ានក្នុងសាលឆ្នាំ២០១៨ ឬ AFF Futsal Championship 2018 នឹងត្រូវប្រកួតនៅក្នុងខែវិច្ឆិកាខាងមុខនេះហើយ ពោលគឺសហព័ន្ធកីឡាបាល់ទាត់អាស៊ាន សម្រេចធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ខណៈកម្ពុជា បានសម្រេចបញ្ជូនក្រុមចូលរួមប្រកួតឡើងវិញដែរ ក្រោយខកខានតាំងពីឆ្នាំ២០១២ មកម្ល៉េះ។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ ១១វិច្ឆិកា ឆ្នាំ២០១៨ ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី ដែលមានក្រុម៨ចូលរួម ក្នុងនោះពូល A មាន កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ាខណៈពូល B មានថៃ វៀតណាម ប្រ៊ុយណេ និងទីម័រខាងកើត៕
Source: Kampuchea Thmey Daily
0 Comments