Ad Code

ពិធី​ក្រុង​ពាលី​ជួសជុល និង​សាងសង់ អាង​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក



ភ្នំពេញ​ ៖ ​កាលពី​រសៀល​ថ្ងៃ​សុក្រ ២​រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ក្រុង​ពាលី​ជួសជុល និង​សាងសង់ អាង​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

ពិធី​នេះ ​ប្រព្រឹត្ត​ឡើង ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ ក្រសួង និង​មន្ត្រីរាជការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជា​ច្រើន​រូប​ផង​ដែរ។

សូម​ជម្រាប​ជូន​ថា កីឡាហែលទឹក​ឃើញ​មានការ​រីកចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នៅ​សម័យ​សង្គមរាស្ត្រ​និយម តាមរយៈ​ការ​បង្កើត​ឱ្យ​មាន​អាង​ហែល​ទឹក​សម្រាប់​អត្តពលិក​ហ្វឹកហាត់​ជាច្រើន​កន្លែង ប៉ុន្តែ​ជា​អកុសល ក្រោម​ការដឹកនាំ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) និង​សង្គ្រាម​ជាច្រើន ទស្សវត្សរ៍​កន្លងមក អាង​ហែល​ទឹក​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នេះ ត្រូវ​បាន​ខូចខាត​ស្ទើរតែ​ទាំងស្រុង។

ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូស​បញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ ស្វែងរក​ប្រភព​ថវិកា​ពី​សប្បុរសជន និង​ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​កសាង​អាង​ហែល​ទឹក​ឱ្យ​បាន​ច្រើន កន្លែង​ទៀត ក្នុង​គោលបំណង ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡាហែលទឹក​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន និង ស្វែងរក​មេដៃ​ជូន​ជាតិ​ឱ្យ​បាន​ច្រើន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា នឹងធ្វើ​ម្ចាស់ផ្ទះ ឆ្នាំ​២០២៣ ខាងមុខនេះ។

លោក​ទេសរដ្ឋមន្ត្រី បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ​៖​ ការថែទាំ​ជួសជុល​អាង​ហែល​ទឹក​នេះ គម្រោង​ចំណាយ​រយៈពេល​ពី​ប្រាំពីរ​ខែ​ទៅ​ប្រាំបី​ខែ ហើយ​កីឡាករ​-​កីឡាការិនី​ ដែល​កំពុង​ទទួល​ការ​ហ្វឹកហាត់​បច្ចុប្បន្ន​ទាំងអស់ នឹង​ត្រូវ​ទៅ​ហ្វឹកហាត់​នៅ​កន្លែង​ថ្មី​ជា​បណ្តោះអាសន្ន​សិន រង់ចាំ​ការជួសជុល និង​សាងសង់​បានបញ្ចប់​ជា​ស្ថាពរ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក ស៊ុនចាន់ថុល បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន ក៏ដូចជា​ក្រុមហ៊ុន​ឯកជន​នានា​ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការ​ជួសជុល​ថែទាំ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​នេះ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ប្រកបដោយ​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ និង​ដែល​បាន​ចូលរួម ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu