ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយនៅក្នុងសារអបអរសាទរមួយចំពោះប្រធានាធិបតីម៉ាល់ឌីវថ្មីថា ប្រទេសចិនចង់ពង្រីកកិច្ចសហប្រតិបត្តិការដ៏មានអត្ថប្រយោជន៍ទៅវិញទៅមកជាមួយម៉ាល់ឌីវ។ ប្រធានាធិបតីម៉ាល់ឌីវដែលទើបជាប់ឆ្នោតគឺជាមេដឹកនាំគណបក្សប្រឆាំងដែលបានប្តេជ្ញាថានឹងពិនិត្យមើលគំរោងរបស់ប្រទេសចិនឡើងវិញ។
ប្រទេសចិននិងឥណ្ឌាកំពុងប្រកួតប្រជែងគ្នាដើម្បីដាក់ឥទ្ធិពលនៅក្នុងប្រជាជាតិមហាសមុទ្រឥណ្ឌាមួយនេះដែលមានចម្ងាយប្រមាណ៥២៣គីឡូម៉ែត្រពីចុងភាគខាងត្បូងនៃប្រទេសឥណ្ឌា។
គណបក្សប្រឆាំងម៉ាល់ឌីវបាននិយាយមុនពេលបោះឆ្នោតថា ខ្លួននឹងពិនិត្យមើលឡើងវិញនូវការវិនិយោគរបស់ចិននៅក្នុងគំរោងខ្សែក្រវ៉ាត់និងផ្លូវរបស់ខ្លួនដែលជាផ្នែកមួយនៃការព្រួយបារម្ភអំពីលក្ខខណ្ឌខណៈអ្នកជំនាញបានព្រមានថា ប្រទេសប្រជុំកោះមួយនេះមានហានិភ័យក្នុងការធ្លាក់ចូលទៅក្នុងអន្ទាក់បំណុល។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ បានរាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យថា លោក Xi បានប្រាប់លោក Ibrahim Mohamed Solih ថា ប្រទេសចិននិងម៉ាល់ឌីវបានចែករំលែកមិត្តភាពដ៏យូរអង្វែងមួយជាមួយគ្នា។
ស៊ីនហួបានផ្សាយថា “ប្រទេសចិនមានឆន្ទៈធ្វើការជាមួយម៉ាល់ឌីវដើម្បីបន្តពង្រឹងមិត្តភាពរបស់ពួកគេនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យផ្សេងៗដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ”។
របាយការណ៍ដដែលបានបន្ថែមថា លោក Xi បានប្រាប់លោក Solih ថា លោកវាយតម្លៃអំពីការអភិវឌ្ឍនៃទំនាក់ទំនងនិងមានឆន្ទៈចូលរួមជាមួយលោក Solih ដើម្បីលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការមិត្តភាពគ្រប់ជ្រុងជ្រោយរវាងចិននិងម៉ាល់ឌីវទៅកាន់កម្រិតថ្មីមួយ។
ការបរាជ័យរបស់លោកប្រធានាធិបតី Abdulla Yameen បានទាញប្រទេសម៉ាល់ឌីវឲ្យចូលកាន់ ជិតប្រទេសចិនចាប់តាំងពីឆ្នាំ២០១៣មកនៅក្នុងការគំរោងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយទីក្រុងប៉េកាំង៕ REUTERS
Source: Kampuchea Thmey Daily
0 Comments