អ្នកប្រដាល់កម្ពុជា២រូប គឺរឿង សារ័ត្ន អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ បានវាយឈ្នះអ្នកប្រដាល់ថៃក្នុងទឹកទី៣ ឯជឹម ចិត្រា អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធបានវាយចាញ់អ្នកប្រដាល់ថៃក្នុងទឹកទី១ នៅក្នុងការជួបប្រកួតក្នុងជុំជម្រុះលើកដំបូង នៃព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់Wurkz រដូវកាលទី២ ទម្ងន់៦៧គីឡូក្រាម លើសង្វៀនSEA-TV កាលពីល្ងាចថ្ងៃទី៣០កញ្ញា២០១៨។
រឿង សារ័ត្ន បានផ្តួលអ្នកប្រដាល់ថៃចំណូលថ្មីKao Ah អោយសន្លប់ក្នុងទឹកទី៣ ក្រោយពីគេបានប្រើកែងវាយចំគុម្ពថ្គាមរបស់ Kao Ah មួយកែងយ៉ាងដំណំនោះ ។ លទ្ធផលនេះ បានធ្វើអោយរឿង សារ័ត្ន ទទួលបាន៣ពិន្ទុ ហើយ Kao Ahបាន១ពិន្ទុ សម្រាប់ការប្រកួតជម្រុះជុំទី១ នៃខ្សែក្រវាត់Wurkz រដូវកាលទី២ ទម្ងន់៦៧គីឡូក្រាមនេះ ។
ចំពោះ ជឹម ចិត្រា គេត្រូវអ្នកប្រដាល់ថៃជើងចាស់Pheach Aroun បំបាក់ក្នុងទឹកទី១ប៉ុណ្ណោះ។ចិត្រា ត្រូវ Pheach Aroun វាយកែងត្រូវថ្គាមដែរ ដែលធ្វើឲ្យចិត្រាដួលសន្លប់លែងក្រោក ទោះបីអាជ្ញា កណ្តាលរាប់ដល់ដប់ហើយក្តី ។ ជាមួយនឹងលទ្ធផលនេះ Pheach Aroun គេបាន៣ពិន្ទុ ហើយជឹម ចិត្រា បាន១ពិន្ទុ សម្រាប់ការប្រកួតជម្រុះលើកទី១ របស់ពួកគេទាំង២ ក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ Wurkz រដូវកាលទី២ ទម្ងន់៦៧គីឡូក្រាម ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់Wurkz រដូវកាលទី២ ទម្ងន់៦៧គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ៤រូប ។ ការប្រកួត គឺពុំមានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ ។ ដូច្នេះហើយ ទើបទាំងប្រដាល់ខ្មែរ ទាំងអ្នកប្រដាល់ថៃ គឺត្រូវការឈ្នះដូចគ្នា ត្បិតគេជ្រើសរើសយកតែអ្នកលេខ១និងលេខ១ក្នុងជុំ នៃពូលខ្មែរនិងពូលថៃ តែប៉ុណ្ណោះ ៕
សារឿន ចាន់ ចាញ់ថៃ ឌុនរដ្ឋាស្មើថៃ ខណៈចាន់ ចំរើនឈ្នះបារាំង
សារឿន ចាន់ អ្នកប្រដាល់កម្ពុជា ក្លិបតាព្រហ្មមានជ័យ បានវាយចាញ់អ្នកប្រដាល់ថៃចំណូលថ្មី Phat Ngam ក្នុងការជួបប្រកួតគ្នាកាលពីព្រឹកថ្ងៃអាទិត្យទី៣០កញ្ញា២០១៨ លើសង្វៀនBoos trong Fighter On Fire នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ។
សេង ស្រឿន ប្រកួតមួយទឹកពីរទឹកដំបូង គេវាយគ្រាន់បើដោយវាយប្រហារជើងក្រោមរបស់ Phat Ngam ឡើងចង់ខូចជំហរប្រកួត ប៉ុន្តែមិនអាចផ្តួលអ្នកប្រដាល់ថៃនេះអោយដួលឬបោះបង់ការប្រកួតដោយសារឈឺជើងនោះឡើយ ។
មកដល់ទឹកទី៤ សារឿន ចាន់ បានវាយចាញ់ប្រៀប Phat Ngam ពិសេសចាញ់ត្រង់Phat Ngam ចូលចាប់កាច់ផ្តួលឲ្យដួលលើរេញច្រើនដង និងចាញ់ជង្គង់អ្នកប្រដាល់ថៃរូបនោះទៀតផង ហើយទីបំផុតសារឿន ចាន់ ត្រូវសន្លប់លើរេញដោយសារជង្គង់ Phat Ngam ក្នុងទឹកទី៤នេះ ។
ឌុន រដ្ឋា អ្នកប្រដាល់ក្លិបអេភូថងកីឡា បានវាយស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ Chhouk Nam chhai បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ។ អ្នកប្រដាល់ទាំងពីរនាក់នេះ បានវាយប្រហារគ្នាទៅវិញ ទៅមក ដែលមើលទៅគឺមិនមានអ្នកណាមានប្រៀបលើអ្នកណានោះ ។
ចាន់ ចំរើន អ្នកប្រដាល់ក្លិបនិរោធមានជ័យ ក៏បានវាយឈ្នះអ្នកប្រដាល់ជនជាតិបារាំង Duver ly ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នាប្រាំទឹកពេញនោះ ។ Duver ly ត្រូវចំរើន វាយអោយអាជ្ញាកណ្តាលរាប់៨ម្តងក្នុងទឹកទី៣ តែក្រោយពីរាប់នេះ Duver ly បានតស៊ូជាមួយចំរើន រហូតដល់ចប់ការប្រកួតទឹក៥និងចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ
Source: Kampuchea Thmey Daily
0 Comments