នៅថ្ងៃចន្ទ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ទាហានមកពីប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានចាប់ផ្តើមដកមីននៅតាមបណ្តោយព្រំដែនដ៏រឹងមាំរបស់ខ្លួនដែលជាផ្នែកនៃកិច្ចព្រមព្រៀងមួយដើម្បីកាត់បន្ថយភាពតានតឹងនិងកសាងទំនុកចិត្តលើឧបទ្វីបដែលបែងចែកមួយនេះ។
ព័ត៌មានលម្អិតរបស់គំរោងនេះត្រូវបានព្រមព្រៀងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកាលពីខែមុននៅទីក្រុងព្យុងយ៉ាងរវាងមេដឹកនាំគីមជុងអ៊ុននិងប្រធានាធិបតីកូរ៉េខាងត្បូងលោកមូនចេអ៊ីន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងគ្នាដកចេញនូវគ្រាប់មីនទាំងអស់នៅក្នុងតំបន់សន្តិសុខរួម (JSA) នៅភូមិ Panmunjom ក្នុងរយៈពេល២០ ថ្ងៃខាងមុខខណៈវិស្វករយោធាបានធ្វើកិច្ចការដ៏គ្រោះថ្នាក់នេះនៅខាងកូរ៉េខាងត្បូង។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ភ្លាមៗពីកូរ៉េខាងជើងទេថា កងទ័ពរបស់ខ្លួនបានចាប់ផ្តើមដំណើរការនេះ។
កិច្ចព្រមព្រៀងនេះក៏មានចែងផងដែរអំពីការដកប៉ុស្តិ៍ត្រួតពិនិត្យនិងអាវុធពី JSA ក្រោយការដកមីនខណៈកងទ័ពដែលនៅសេសសល់ត្រូវទុកនៅទីនោះដោយមិនមានអាវុធ។
JSA គឺជាកន្លែងតែមួយគត់នៅតាមបណ្តោយតំបន់គ្មានយោធា (DMZ) ចម្ងាយ២៥០គីឡូម៉ែត្រដែលជាកន្លែងកងទ័ពមកពីប្រទេសកូរ៉េទាំងពីរត្រូវប្រឈមមុខដាក់គ្នាហើយវាក៏មានបុគ្គលិកកងទ័ពអង្គការសហប្រជាជាតិផងដែរ។
នៅឯជំនួបកំពូលកាលពីខែមេសា កូរ៉េទាំងពីរបានប្រកាសពីចេតនារបស់ខ្លួនក្នុងការបង្វែរ DMZ ដែលជានិមិត្តរូបនៃភាពតានតឹងនិងការបែងចែកឲ្យក្លាយទៅជា “តំបន់សន្តិភាព”។
ពួកគេបានរុះរើឧបករណ៍បំពងសំឡេងនិងប៉ុស្តិ៍យាមខ្លះនៅតាមព្រំដែន។
ក្រសួងបានបន្ថែមថា គំរោងដោះមីនក៏នឹងចាប់ផ្តើមផងដែរនៅថ្ងៃចន្ទក្នុងខេត្ត Gangwon ភាគខាងកើតប្រទេសកូរ៉េខាងត្បូងដើម្បីអនុញ្ញាតឲ្យក្រុមស្រាវជ្រាវរកអដ្ឋិធាតុទាហានដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣៕ REUTERS
Source: Kampuchea Thmey Daily
0 Comments