ភ្នំពេញ ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាបានប្រារព្ធពិធីបិទបញ្ចប់ហើយ កាលពីរសៀលថ្ងៃទី១៥ វិច្ឆិកា បន្ទាប់ពីបានដំណើរការរបស់ខ្លួនចាប់តាំងពីថ្ងៃទី១១ វិច្ឆិកា មកនោះ។ ជាមួយគ្នានេះក៏មានពិធីផ្ទេរដំណែងប្រធានអាស៊ានជូនព្រះរាជាណាចក្រថៃ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤-៣៥ ក្នុងឆ្នាំ២០១៩ខាងមុខ។
ថ្លែងសុន្ទរកថាក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លោក លី ស៊ានឡុង មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ជូនចំពោះបណ្តាមេដឹកនាំអាស៊ានទាំងអស់ ដែលពេញ រយៈពេលមួយឆ្នាំកន្លងមកនេះ បានធ្វើនូវកិច្ចការជាច្រើនក្នុងការបម្រើផលប្រយោជន៍សម្រាប់ប្រជាជាតិក្នុងតំបន់ពិសេសរួមគ្នានោះស្រាយនូវរាលបញ្ហាប្រឈមនានា ក្នុងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្ទៃក្នុងជាមួយបណ្តាប្រទេសក្រៅតំបន់ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់បំផុត។
លោកនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ ដែលសិង្ហបុរីបានខិតខំជំនះដោះស្រាយនូវ បញ្ហាប្រឈមនានា ក្នុងការឈានទៅសម្រេចនូវលទ្ធផលដ៏ត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២-៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បញ្ចប់ទៅប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់បំផុត។
បន្ទាប់ពីទទួលបានញញួរឈើជានិម្មិតរូបជាប្រធានអាស៊ានក្នុងឆ្នាំ២០១៩ ពីប្រធានចាស់ រួចមកលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃនិងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១៩ មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤-៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាក្នុង ឆ្នាំ២០១៩ ឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់បំផុត។
លោកឧត្តមសេនីយ៍ក៏បានគោរព និងយាងអញ្ជើញបណ្តាមេដឹកនាំអាស៊ានទាំងអស់ យាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤-៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅព្រះរាជាណាចក្រថៃក្នុងឆ្នាំ២០១៩ ខាងមុខ ដើម្បីរិះរកគ្រប់មធ្យោបាយទាំងអស់ដើម្បីផលប្រយោជន៍និងភាពរីកចម្រើនសម្រាប់តំបន់របស់យើងទាំងអស់គ្នា។
នៅក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាក៏មានការចាក់បង្ហាញពីវីដេអូឯកសារស្តីពីការទទួលធ្វើជាម្ចាស់ផ្ទះរបស់ព្រះរាជាណាចក្រថៃក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤-៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅព្រះរាជាណាចក្រថៃក្នុងឆ្នាំ២០១៩ ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments