ក្រុមបាល់ទាត់ខេមបូឌានថាយហ្គឺរ (Cambodian Tiger FC) សមាជិកក្នុងពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League 2018) ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានសម្រេចចិត្តប្រកាសពីសមសភាពកីឡាករថ្មីរបស់ខ្លួនចំនួន៣នាក់ដើម្បីចុះបញ្ជីត្រៀមខ្លួនទទួលស្វាគមន៍រដូវកាលឆ្នាំ២០១៩ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសរបស់ក្លិបអង្គរថាយហ្គឺរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ បានបញ្ជាក់ថា កីឡាករទាំង៣រូបនោះមាន អតីតកីឡាកររបស់គូប្រជែងក្នុងខេត្តសៀមរាប ២រូប និងអ្នកចាំទីមកពីក្លិបព្រះខ័នរាជស្វាយរៀង១រូបផងដែរ។ កីឡាករ ឡុង ភារ៉ាត់ ដែលជាអតីតកីឡាករយុវជនរបស់ជម្រើសជាតិកម្ពុជា U-19 និង ខ្សែប្រយុទ្ធវ័យក្មេង ឈឿន ពិសិដ្ឋ ដែលអ្នកទាំងពីរ សុទ្ធតែផ្ទេរមកពីក្លិប សូលទីឡូអង្គរ កាលពីរដូវកាល ២០១៨ កន្លងទៅ។ ចំណែកមួយរូបទៀតវិញ គឺជាអ្នកចាំទីយុវជនរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង យី ប៊ុនហេង ដែលទើបបញ្ចប់កិច្ចសន្យាជាមួយក្លិបចាស់កាលពីពេលថ្មីៗ។
សូមរំលឹកថា ក្រោយបញ្ចប់យុទ្ធនាការក្នុងរដូវកាលចាស់ឆ្នាំ២០១៨ កន្លងទៅក្លិបដែលមានក្បាលម៉ាស៊ីន ជាជនជាតិជប៉ុនមួយនេះ បញ្ចប់កិច្ចសន្យាជាមួយកីឡាករមួយចំនួនដូចជា កីឡាករ Masahiro Fukasawa ជនជាតិជប៉ុន ប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់។ កីឡាករខ្មែរ គង់ ឧត្តម,ប៉ោ សុខុម សុទ្ធតែចែកផ្លូវជាមួយក្លិប។ ចំណែកកីឡាករមួយចំនួនត្រូវបានក្លិបសម្រេចចិត្តបន្តកិច្ចសន្យាបន្ថែមគឺកីឡាករតាំង ពិសី កីឡាករJoichiro Sugiyama កីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ្រ និងអ្នកចាំទីហែម ស៊ីម៉ៃ បន្តកុងត្រារយៈពេល ០១រដូវកាលបន្ថែមទៀត។
ក្រុមអង្គរថាយហ្គឺរ បានប្តូរឈ្មោះមកពីក្រុមត្រាយអាស៊ីភ្នំពេញ កាលពីចុងរដូវកាល២០១៤ ហើយនៅរដូវកាល២០១៥ គឺជាកំណត់ត្រាល្អរបស់ក្លិបពោលគឺ អាចឡើងដល់វគ្គ៤ក្រុមចុងក្រោយទាំងពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ក្រោយឈរចំណាត់ថ្នាក់លេខ៣ដូចគ្នា។ ក្រុមនេះ ទទួលបានសិទ្ធិប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប ពីក្រសួងអប់រំយុវជននិងកីឡា កាលពីរដូវកាលឆ្នាំ២០១៧ កន្លងធ្វើជាទឹកដីរបស់ខ្លួនរាល់ការប្រកួតនានា។
ចំណែកលទ្ធផលក្នុងរដូវកាលឆ្នាំ២០១៨ កន្លងទៅក្រុមអង្គរថាយហ្គឺរ បានបញ្ចប់យុទ្ធនាការរបស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមក្លិបទាំង១២ ក្រោយប្រកួតបាន២២លើកឈ្នះបាន៧លើក ហើយស្មើគ្នាបាន៧លើកនិងបរាជ័យ៨លើក។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញបានឈរចំណាត់ថ្នាក់លេខ៣ស្ទួន ក្រោយ ប្រកួតបរាជ័យនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ដោយថ្វីជើងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ២ទល់០៕
Source: Kampuchea Thmey Daily
0 Comments