Ad Code

អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Lee Tae Hoon ប្រកាស​ពី​ការបញ្ចប់​កិច្ចសន្យា​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា



អតីត​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា លោក Lee Tae Hoon ដែលជា​ជនជាតិ​កូរ៉េខាងត្បូង បាន​ប្រកាស​នៅ​យប់​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៨ ថ្មីៗ​នេះ​តាមរយៈ​សារ​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​លោក អំពី​ការ​បញ្ចប់​កុងត្រា​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រោយ​សហការ​ការងារ​គ្នា​ក្នុង​រយៈពេល​៧​ឆ្នាំ និង ៣​ខែ​។

បុរស​វ័យ​៥៧​ឆ្នាំ​រូប​នេះ​ បាន​សរសេរ​ជា​ខ្លឹមសារ​ថា «​កុងត្រា​រវាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ខ្ញុំ​គឺ​បាន​បញ្ចប់​។ រយៈពេល ៧​ឆ្នាំ និង ៣​ខែ សម្រាប់​ខ្ញុំ​ក្នុង​ប្រទេស​កម្ពុជា គឺ​ពិតជា​កិត្តិយស និង​សប្បាយរីករាយ​បំផុត​។ ខ្ញុំ​សូម​អរគុណ​ទៅដល់​កីឡាករ​ជម្រើសជាតិ​ទាំងអស់ ដែល​បាន​ខំ​ប្រឹងប្រែង​ឆ្លងកាត់​ការ​ហ្វឹកហាត់​ជាមួយ​ខ្ញុំ និង​គ្រូបង្វឹក​ដែល​គាំទ្រ​កីឡាករ​របស់​យើង ជាមួយនឹង​ការ​ខិតខំ និង​បង្ហាញ​សមត្ថ​ភាពល្អ​របស់​ពួកគេ​។ ខ្ញុំ​សូម​អរគុណ​ទៅដល់​ក្រុម​យុវជន​អាយុ​ក្រោម ១៦​ឆ្នាំ​ដូចគ្នា ដែល​បាន​រួម​ដំណើរ​ជាមួយ​ខ្ញុំ​តាំងពី​ខែមេសា ឆ្នាំ ២០១៧ រហូតដល់​ថ្ងៃនេះ​។ ខ្ញុំ​ដឹង​ថា តើ​ថា​ភាព​តានតឹង​ក្នុងការ​ហ្វឹកហាត់​វា​យ៉ាងណា​សម្រាប់​អ្នក​រាល់គ្នា តែ​ខ្ញុំ​សង្ឃឹមថា​អ្នក​នឹង​តែងតែ​ចងចាំ​ជានិច្ច​ថា​ ការ​អនុវត្តតាម​ទម្លាប់​ទាំងនេះ​អាច​នាំ​ឲ្យ​អ្នកមាន​អនាគត​ភ្លឺស្វាង​»​។



ប្រភព​បាន​បន្ត​ថា «​លើសពី​នេះ​ទៀត ខ្ញុំ​សូម​អរគុណ​ដល់​ប្រជាជន​កម្ពុជា របស់​យើង​ដែល​បាន​គាំទ្រ​និង​បង្ហាញ​នូវ​ក្តី​ស្រឡាញ់​យ៉ាងច្រើន​ចំពោះ​បាល់ទាត់​។ ការ​គាំទ្រ​និង​ភាព​រីករាយ​របស់​ពួកគេ​មានន័យ​យ៉ាងច្រើន​សម្រាប់​កីឡាករ​របស់​យើង​។ ការ​ចងចាំ​ទាំងនេះ​នឹង​នៅ​ជាមួយ​ខ្ញុំ​ជានិច្ច​។ ខ្ញុំ​សង្ឃឹមថា កីឡាករ​របស់​យើង​តែងតែ​ចងចាំ​នូវ​ការ​រំពឹងទុក​និង​ការ​គាំទ្រ​របស់​សាធារណជន​ចំពោះ​ពួកគេ​ហើយ​ធ្វើការ​កាន់​តែ​ខ្លាំង​ជាមួយនឹង​ការទទួលខុសត្រូវ​កាន់​តែ​ខ្លាំង​ឡើង ដើម្បី​ភាព​រីកចម្រើន​នាពេល​អនាគត​»។

ឃ្លា​ចុងក្រោយ​នៃ​សំណេរ​បាន​បន្ថែម​ថា «​នៅ​ទីបញ្ចប់​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រធាន​សហព័ន្ធ ឯកឧត្តម សៅ សុខា ដែល​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​បទពិសោធន៍​ដ៏​មានតម្លៃ​នេះ​។ សម្រាប់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទាំងអស់​ខ្ញុំ​សូម​អរគុណ​ពួកគេ​ហើយ​ខ្ញុំ​សូម​ជូនពរ​ឲ្យ​ពួកគេ​មានសំណាង​និង​អនាគត​ដ៏​ជោគជ័យ​។ ខ្ញុំ​នឹង​នៅតែ​ធ្វើការ​ជាមួយ​បាល់ទាត់ ហើយនឹង​តែងតែ​គាំទ្រ​បាល់ទាត់​កម្ពុជា​។ ខ្ញុំ​កោតសរសើរ​និង​ស្រលាញ់​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា​ទាំងអស់​។ ដោយ​ក្តី​គោរព​ពី​ខ្ញុំ​។​សូម​អរគុណ​»​។



សូម​រំលឹក​ថា ​លោក Lee Tae Hoon ពេលនេះ​កំពុង​កាន់​អាជ្ញា​ប័ណ្ណ AFC Pro License ធ្លាប់​បាន​ចុះកិច្ចសន្យា​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ចំនួន​៣​លើក មក​ហើយ​ខណៈ​លើកដំបូង​ធ្វើឡើង​ពី​ខែ សីហា ឆ្នាំ ២០១០ ដល់ ខែ កក្កដា ឆ្នាំ ២០១២ ហើយ​លើក​ទី​២ ចាប់ពី​ថ្ងៃទី​១ ខែ សីហា ឆ្នាំ ២០១៣ ដល់ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ​២០១៥ និង លើក​ទី​៣ នេះ​ចាប់ពី​ខែ សីហា ឆ្នាំ ២០១៥ ដល់ ធ្នូ ២០១៦​។ ក្រោយមក​ទៀត​រហូត​មក​ដល់​បច្ចុប្បន្ន​លោក​បាន​ធ្វើជា​គ្រូបង្វឹក​ក្រុមយុវជន​ថ្នាល​ក្រោមអាយុ១៥ឆ្នាំ នៅសាលា​បាល់ទាត់​ជាតិ​បាទីវិញម្តង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu