Ad Code

ក្រុម​វិសាខា ប្រកាស​នាំយក​កីឡាករ ឆេង ម៉េង និង​សារី ម៉ាត់​ណូ​រ៉ូ​ទីន មកពី​ក្រុម​ជើងឯក​ណាហ្គា​វើ​ល



ក្រុមបាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ សប្ដាហ៍​នេះ​បានប្រកាសថា ​ក្លិប​ជោគជ័យ​ក្នុង​កិច្ចសន្យា​នាំ​យក​កីឡាករ​ឆ្នើម​២​រូប​មកពី​ក្លិប​ជើងឯក​ណាហ្គា​វើ​ល គឺ​ខ្សែបម្រើ​ឆេង ម៉េង និង សារី ម៉ាត់​ណូ​រ៉ូ​ទីន​។

យោងតាម​សេចក្តីប្រកាស​របស់​ក្លិប​វិសាខា បាន​បញ្ជាក់ថា សារី ម៉ាត់​ណូ​រ៉ូ​ទីន និង ឆេង ម៉េង នឹង​ត្រូវ​ចូលរួម​ហ្វឹកហាត់​និង​ការប្រកួត​ផ្សេងៗ របស់​ក្លិប​វិសាខា ចាប់ពីពេលនេះ​តទៅ ពិសេស​ជំនួប​មិត្តភាព​អន្ដរជាតិ រវាង​ក្រុម​វិសាខា ប៉ះ​ក្រុម U18 Fukushima របស់​ជប៉ុន ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៦៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន​។ ម៉ាត់​ណូ​រ៉ូ​ទីន នឹងធ្វើ​ការបង្ហាញ​ខ្លួន​លើកដំបូង លើកលែងតែ ឆេង ម៉េង ដោយសារ​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា គេ​មិនទាន់​ចូលរួម​ការប្រកួត​នេះ​បានឡើយ​។



​ក្លិប​បាន​បន្ត​ថា ​ឆ្លៀត​ក្នុង​ឱកាស​នេះ ក្នុងនាម​ថ្នាក់ដឹកនាំ គ្រូបង្វឹក បុគ្គលិក និង​កីឡាករ នៃ​ក្លិប​បាល់ទាត់​វិសាខា បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​វត្តមាន​របស់​កីឡាករ​ចំណូល​ថ្មី​ទាំងពីរ និង​ជឿជាក់​យ៉ាង​មុតមាំ​ថា សារី ម៉ាត់​ណូ​រ៉ូ​ទីន និង ឆេង ម៉េង នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​រួមចំណែក​ជួយ​ក្រុម​ក្នុង​ការប្រកួត​ពានរង្វាន់​ផ្សេងៗ នា​រដូវ​កាល​ថ្មី ពិសេស​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​-Hun Sen Cup នា​ឆ្នាំ​២០១៩ ខាងមុខ​តែម្ដង​។

នេះ​ជាការ​ប្រកាស​បង្ហាញ​សមាសភាព​កីឡាករ​លើកដំបូង​រប​ស់​ក្លិប​វិសាខា ខណៈ​កាលពី​រដូវ​កាល​ចាស់​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២ ក្រោយ​ប្រកួត​២២​លើក ឈ្នះ​បាន​១៤​លើក ហើយ​ស្មើគ្នា​៣​លើក និង​ចាញ់​៥​លើក​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​វិសាខា បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​ចាញ់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ២​ទល់​១៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu