កណ្ដាល ៖ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បានសម្រេចចេញដីកាឃុំខ្លួន ជនបង្កបីនាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើម្ចាស់សៃយ៉ឺន បណ្ដាលឲ្យរបួសដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទ"ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស" ដែលប្រព្រឹត្តនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៩និង០០នាទី តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទមាន៣នាក់ ទី០១.ឈ្មោះ ទូច ឆវន្ត័ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនេសាទ ,ទី០២.ឈ្មោះ ហែល សារ៉ង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនេសាទ, ទី០៣.ឈ្មោះ នឿន ចាន់ណុល ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំងបីមានទីលំនៅភូមិ អាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវនគរបាលឃាត់ខ្លួនភ្លាមៗ ក្រោយពីកើតមានអំពើហិង្សារបណ្តាលឲ្យមានរបួស។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធី ចុំ ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរទិញលក់ដី ចំណែកវត្ថុតាងចាប់យក បានគឺចបជីកប្រវែង១២០សង់ទីម៉ែត្រចំនួន១។
លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅដាក់សៃយ៉ឺន នៅក្នុងបឹង ហើយក៏មានគេកាប់សៃយ៉ឺនគាត់ ទើបគាត់ខឹងក៏បានជេរបញ្ចោររកអ្នកកាប់សៃយ៉ឺនគាត់។ លុះមកដល់វេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមករកជីកអន្លង់ត្រីកាត់មុខផ្ទះ ជនល្មើសខាងលើកំពុងអង្គុយផឹក ក៏ទាក់ពាក្យសំដីគ្នា ហើយជនរងគ្រោះក៏បានយកចបជីកដេញវាយក្រុមជនល្មើស ទើបក្រុមជនល្មើសនាំគ្នាប្រតាយប្រតប់ដណ្ដើមចបជីកវាយមកជនរងគ្រោះវិញ បណ្តាលឲ្យមានរបួសស្នាមត្រង់ក្បាល៕
Source: Kampuchea Thmey Daily
0 Comments