ប្រធានគណៈកម្មាធិការដឹកជញ្ជូនជាតិឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រអប់ខ្មៅមួយពីយន្តហោះរបស់ក្រុមហ៊ុន Lion Air ត្រូវបានគេរកឃើញហើយដែលនេះអាចជាការសំខាន់បំផុតដើម្បីកំណត់អំពីមូលហេតុដែលយន្តហោះម៉ាកថ្មីធ្លាក់ចូលសមុទ្រ។
ឧបករណ៍នេះបានកត់ត្រាព័ត៌មានអំពីល្បឿន រយៈកម្ពស់និងទិសដៅនៃយន្តហោះក៏ដូចជាការសន្ទនារបស់អ្នកបើកយន្តហោះផងដែរនិងអាចដឹងអំពីគន្លឹះសំខាន់ៗចំពោះមូលហេតុនៃគ្រោះថ្នាក់នេះ។
លោក Soerjanto Tjahjono បានប្រាប់ AFP ថា “យើងបានរកឃើញប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំងឡាយ”។ លោកបានបន្ថែមថា វាមិនច្បាស់ទេថាតើវាជាឧបករណ៍ថតទិន្នន័យហោះហើរឬឧបករណ៍ថតសំឡេងក្នុងកាប៊ីន។
យន្តហោះធុន Boeing-737 MAX 8 ដែលបានដាក់ឲ្យដំណើរការត្រឹមតែប៉ុន្មានខែប៉ុណ្ណោះនោះគឺបានធ្លាក់ចូលសមុទ្រជ្វាជិតឆ្នេរភាគខាងជើងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទដោយបានសម្លាប់មនុស្សចំនួន១៨៩នាក់ក្នុងរយៈពេលត្រឹមតែ១២នាទីក្រោយពីបានហោះចេញពីរដ្ឋធានីហ្សាការតាទៅទីក្រុង Pangkal Pinang ។
អ្នកវិភាគអាកាសចរណ៍ Dudi Sudibyo បានប្រាប់ AFP ថា “ទិន្នន័យពីយន្ដហោះនេះត្រូវបានកត់ត្រានៅទីនោះ។ ប្រសិនបើមានភាពមិនប្រក្រតី បញ្ហាបច្ចេកទេសមួយចំនួនក៏ត្រូវបានកត់ត្រានៅទីនោះផងដែរ”។
រូបភាពពីកន្លែងកើតហេតុបានបង្ហាញថា អ្នកមុជទឹកពីរនាក់បានហែលទៅកាន់នាវាជំនួយមួយគ្រឿងហើយដាក់ឧបករណ៍ពណ៌ទឹកក្រូចចូលក្នុងបំពង់ប្លាស្ទិច។
បើទោះបីជាមានឈ្មោះក៏ដោយ ប្រអប់ខ្មៅទាំងពីរគឺមានពណ៌ទឹកក្រូចភ្លឺហើយគ្រប់យន្តហោះពាណិជ្ជកម្មត្រូវតម្រូវឲ្យមានពួកគេនៅលើយន្តហោះ។
អាជ្ញាធរបានចាប់សញ្ញារបស់ប្រអប់នៅខាងក្រោមផ្ទៃទឹកកាលពីថ្ងៃពុធប៉ុន្តែមិនអាចទៅដល់ឧបករណ៍នោះភ្លាមៗទេដោយសារតែទឹកសមុទ្រខ្ពស់និងចរន្តអាកាសខ្លាំង។
បើយោងតាមអ្នកជំនាញអាកាសចរណ៍បានឲ្យដឹងថា ប្រអប់ខ្មៅបានផ្តល់ការពន្យល់ជិត៩០ភាគរយនៃគ្រោះថ្នាក់ទាំងអស់នេះ។
ពួកគេមានទម្ងន់ពី៧ទៅ១០គីឡូក្រាមហើយអាចស៊ូទ្រាំក្នុងជម្រៅរហូតដល់ទៅ៦,០០០ម៉ែត្រ នៅក្រោមទឹក។ ដើម្បីធ្វើឲ្យមានភាពងាយស្រួលក្នុងការស្វែងរក ពួកគេត្រូវបានបំពាក់ជាមួយពន្លឺភ្លើងដែលអាចបញ្ចេញសញ្ញាបានរយៈពេលមួយខែ៕ AFP
Source: Kampuchea Thmey Daily
0 Comments