ភ្នំពេញ ៖ លោក គង់ បូរ៉ា ដែលជាកូនប្រុសរបស់ លោក គង់ គាំ ហើយជាអតីតតំណាងរាស្ត្រ របស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) ផងដែរនោះ បានចេញមុខដាស់តឿន លោក សម រង្ស៉ី កុំឲ្យជឿលើបុគ្គលកំពូលតណ្ហាក្រាស់ ដែលបង្កប់នៅជុំវិញខ្លួនរហូតធ្វើឲ្យគណបក្សសង្គ្រោះជាតិរលំរលាយ ហើយសម្រាប់រូបលោកនៅតែប្រកាន់យកឧត្ដមគតិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ។
លោក គង់ បូរ៉ា លើកឡើងបែបនេះនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន កាលពីនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបន្ទាប់ពីអតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិមួយរូប គឺលោក អេង ឆៃអ៊ាង បានហៅឪពុករបស់លោក គឺលោក គង់ គាំ ថាបានផ្លាស់ប្ដូរជំហរនយោបាយ ព្រោះតែប្រយោជន៍របស់ខ្លួន ហើយចុងក្រោយនេះ គឺលោក សម រង្ស៊ី បានលើកយកសេរីភាពរបស់លោក កឹម សុខា ទៅភ្នាល់ជាមួយសម្ដេចតេជោ ហ៊ុន សែន។
លោក គង់ បូរ៉ា សរសេរយ៉ាងដូច្នេះថា “ខ្ញុំអ្នក សម រង្ស៊ី និយម គ្រាន់តែដាស់សម្បជញ្ញៈ លោកប្រធាន សម រង្ស៊ី កុំជឿលើបុគ្គលមេដឹកនាំកំពូលតណ្ហាអំណាចក្រាស់ កំពូលតណ្ហាស្រីញីក្រាស់ និងកំពូលតណ្ហាល្បែងពាលាក្រាស់ ដែលផ្តុំគ្នាជុំវិញលោកប្រធាន សម រង្ស៊ី ហើយធ្វើឲ្យគណបក្សសង្គ្រោះជាតិ ត្រូវបានរលាយ។ សម្រាប់ខ្ញុំ ខ្ញុំនៅតែប្រកាន់យកឧត្ដមគតិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា”។
ទន្ទឹមនឹងការរិះគន់ដាស់តឿនដល់មេចាស់របស់ខ្លួន ដែលកំពុងយកសេរីភាព និងជីវិតនយោបាយរបស់លោក កឹម សុខា ទៅធ្វើជាល្បែងភ្នាល់នោះ អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ក៏បានចំអកដល់មនុស្សមួយចំនួន ដែលចេញមកគាំទ្រ លោក សម រង្ស៉ី ផងដែរ ដោយលោកបាន Comment តបទៅបុរសម្នាក់ ឈ្មោះ លី ហួរ ដែលទំនងជាសមាជិករបស់ក្រុមប្រឆាំង ដែលងប់ងុលនឹងមនោគមន៍វិទ្យារបស់ លោក សម រង្ស៉ី យ៉ាងដូច្នេះថា “ប្រឹងរកស៊ីចិញ្ចឹមកូនៗទៅ ចាំគេកើតមកវិញ ចាំទៅបម្រើគេទៀត មិនទាន់ហួសពេលទេ”។
ដោយឡែកលោក គង់ សភា ដែលជាអតីតគណបក្សសង្គ្រោះជាតិ ហើយជាកូនប្រុសរបស់ លោក គង់ គាំ ដែរនោះ បានចេញមកប្រកាស បែបឌឺដងឲ្យអ្នកគាំទ្រ លោក សម រង្ស៊ី ឲ្យទៅចាំទទួលលោក សម រង្ស៊ី និងក្រុមអ្នកតំណាងរាស្ត្រ ដែលកំពុងនិរទេសនៅក្រៅប្រទេស ហើយពួកគេនឹងធ្វើដំណើរមកកម្ពុជានាពេលខាងមុខ។
លោក គង់ សភា បានបញ្ជាក់យ៉ាងនេះថា “នៅពេលដ៏ខ្លីខាងមុខនេះ លោកប្រធាន សម រង្ស៊ី និងក្រុមអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិជាច្រើនរូប ដែលបាននិរទេសខ្លួនមកក្រៅប្រទេស នឹងធ្វើដំណើរចូលទៅកាន់ប្រទេសកម្ពុជាវិញ។ តើមានបងប្អូនសកម្មជន ប្រជាពលរដ្ឋ និងអ្នកស្នេហាជាតិណាខ្លះមកទទួល លោកប្រធាន សម រង្ស៊ី ? តើបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួនហើយ ឬនៅ? សូមជួយស៊ែឲ្យបានច្រើនដើម្បីផ្សព្វផ្សាយ! “។
ទាក់ទងបញ្ហានេះដែរ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំង ក៏បានចេញមកជំទាស់ទៅនឹងអ្វីដែល លោក សម រង្ស៊ី បបួលសម្ដេចតេជោ ហ៊ុន សែន ភ្នាល់គ្នារឿងដោះលែងជនត្រូវចោទ កឹម សុខា នាពេលខាងមុខ ដោយសំអាងថា យុទ្ធសាស្ត្រដែលមេដឹកនាំរបស់ខ្លួនយកទៅប្រើនោះ ជាយុទ្ធសាស្ត្រខុស។
លោក ហ៊ុន កុសល ដែលគេស្គាល់ថា ជាអ្នកគាំទ្រគណបក្សប្រឆាំងតាំងពីដើមនោះ បានប្រកាសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ថា លោកគឺជាអ្នកគាំទ្រគណបក្សសម រង្ស៊ី តាំងពីបង្កើតដំបូង រហូតមកដល់បច្ចុប្បន្ន ហើយក៏នៅតែគោរពស្រឡាញ់ដដែល។
លោកបញ្ជាក់យ៉ាងនេះថា “ខ្ញុំបាទ ហ៊ុន កុសល ជាអ្នកគាំទ្រ គណបក្ស សម រង្ស៊ី តាំងពីគណបក្សបង្កើតដំបូង រហូតមកដល់បច្ចុប្បន្ន ខ្ញុំនៅគោរពស្រឡាញ់លោកប្រធានដដែល ប៉ុន្តែខ្ញុំនៅតែប្រកាន់ជំហរ មិនគាំទ្រសារនយោបាយរបស់លោកប្រធានចុងក្រោយ ដែលបបួលលោកនាយករដ្ឋមន្ត្រីភ្នាល់គ្នាដាក់សេរីភាព ព្រោះធ្វើឲ្យប៉ះពាល់ស្មារតីសាមគ្គីរបស់បក្សសង្គ្រោះជាតិ។ ខ្ញុំប្រកាសជំទាស់មេ ខ្ញុំមិនអាចរុញមេទម្លាក់ទឹកទេ ខ្ញុំនៅតែប្រកាន់ថា យុទ្ធសាស្ត្រភ្នាល់ ជាយុទ្ធសាស្ត្រខុស”។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក ហ៊ុន កុសល បានបញ្ជាក់ទៀតថា “ការមិនទុកចិត្តគ្នារវាងអ្នកនយោបាយជាន់ខ្ពស់របស់សង្គ្រោះជាតិ គឺកាចសាហាវជាងជំងឺមហារីកទៅទៀត”៕
Source: Kampuchea Thmey Daily
0 Comments