លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានដឹងអំពីមូលដ្ឋានមីស៊ីលមិនបានប្រកាសរបស់កូរ៉េខាងជើងដែលបានបង្ហាញដោយក្រុមស្រាវជ្រាវអាមេរិកប៉ុន្តែបានទទូចថា រឿងទាំងអស់គឺមិនអីទេ។
លោក ត្រាំ ដែលកំពុងស្វែងរកជំនួបកំពូលលើកទី២ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសរសេរនៅលើ Twitter ថា “យើងដឹងយ៉ាងច្បាស់អំពីទីតាំងដែលគេកំពុងតែពិភាក្សា គ្មានអ្វីថ្មីទេហើយគ្មានអ្វីកើតឡើងខុសពីធម្មតាឡើយ។ ខ្ញុំនឹងជាមនុស្សដំបូងដែលប្រាប់អ្នកឲ្យដឹងប្រសិនបើរឿងរ៉ាវប្រែក្លាយទៅជាអាក្រក់”។
ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្ដរជាតិ (CSIS) ដែលជាវិទ្យាស្ថានដ៏លេចធ្លោរបស់ទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃអង្គារថា រូបភាពផ្កាយរណបបានរកឃើញមូលដ្ឋានមីស៊ីលចំនួន១៣ដែលមិនត្រូវបានប្រកាសដោយប្រទេសកូរ៉េខាងជើង។
ការស្រាវជ្រាវនេះបាននិយាយថា មូលដ្ឋានទាំងនេះអាចត្រូវបានគេប្រើដើម្បីលាក់មីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរហើយបានព្រមានថា កូរ៉េខាងជើងអាចរក្សាទីតាំងទាំងនេះនិងលទ្ធភាពវាយប្រហារថ្វីបើកំពុងចរចារជាមួយលោក ត្រាំ លើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បានរៀបរាប់របាយការណ៍មួយស្តីពីការរកឃើញនេះដោយកាសែត The New York Times ថា “មិនត្រឹមត្រូវ” និងជា “ព័ត៌មានក្លែងក្លាយ”។
ប្រទេសកូរ៉េខាងត្បូងក៏ធ្លាប់បានច្រានចោលការសិក្សានេះផងដែរដោយនិយាយថា ទីតាំងទាំងនោះគឺត្រូវបានគេដឹងរយៈពេលជាច្រើនឆ្នាំមកហើយ។
លោក Kim Eui-kyeom អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានជំទាស់ថា កូរ៉េខាងជើងកំពុងបញ្ឆោតខណៈទីក្រុងព្យុងយ៉ាងមិនដែលសន្យាថានឹងកម្ចាត់មីស៊ីលរយៈចម្ងាយខ្លីរបស់ខ្លួនទេ។
របាយការណ៍របស់ CSIS បាននិយាយថា មូលដ្ឋានទាំងនេះគឺនៅរាយប៉ាយជុំវិញប្រទេសកូរ៉េខាងជើងនិងពេលខ្លះនៅតាមជ្រលងភ្នំតូចចង្អៀតដែលមានន័យថា ពួកគេអាចផ្លាស់ទីយ៉ាងឆាប់រហ័សដើម្បីធ្វើការវាយប្រហារ៕ AFP
Source: Kampuchea Thmey Daily
0 Comments