តាកែវ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីបើកបរម៉ូតូទៅបុករថយន្តអស់សាំងចតនៅលើទ្រូងផ្លូវពីក្រោយពេញទំហឹង។
ករណីបើកបរម៉ូតូទៅបុករថយន្តដែលថតនៅលើទ្រូងផ្លូវពីក្រោយ បណ្ដាលឲ្យស្លាប់ខ្លួនឯងនេះ បានកើតឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៥០នាទី លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ១២២-១២៣ នៅត្រង់ចំណុចភូមិទទឹង ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។
តាមការឲ្យដឹងពីប៉ូលិសស្រុកគីរីវង់ប្រាប់ថា រថយន្តម៉ាក NISAN ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0113 ធ្វើដំណើរពីត្បូងទៅជើង ខណៈដែលមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានអស់ប្រេងសាំង ហើយចតនៅលើទ្រូងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ1BE-7739 បើកបរដោយឈ្មោះ គៀវ គួន ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិចេក ឃុំគិរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ មុខរបរកសិករ មិនពាក់មួកសុវត្ថិភាពបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះរត់គេចខ្លួនបាត់។
បច្ចុប្បន្ន វត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានដកហូតរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគីរីវង់ជាបណ្ដោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវបំពេញសំណុំរឿងតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments