អ្នកគ្រប់គ្រងក្រុម BTS ដែលជាក្រុមចម្រៀងបុរសមានប្រជាប្រិយលើសលប់របស់ប្រទេសកូរ៉េខាងត្បូងបានធ្វើការសុំទោសយ៉ាងធំធេងបន្ទាប់ពីភាពចម្រូងចម្រាសបានផ្ទុះឡើងនៅក្នុងប្រទេសជប៉ុនជុំវិញអាវយឺតដែលពាក់ដោយអ្នកចម្រៀងម្នាក់មានបង្ហាញពីការផ្ទុះនុយក្លេអ៊ែរ។
នៅក្នុងសេចក្តីថ្លែងការណ៍១,០០០ពាក្យដែលចេញផ្សាយជាភាសាកូរ៉េ អង់គ្លេសនិងជប៉ុន, ក្រុមហ៊ុនគ្រប់គ្រង Big Hit Entertainment បានបង្ហាញពីការសុំទោសយ៉ាងស្មោះស្ម័គ្ររបស់ខ្លួន។
សេចក្តីថ្លែងការណ៍បាននិយាយថា ខ្លួនជាអ្នកទទួលខុសត្រូវតែម្នាក់គត់ហើយបានបន្តថា “Big Hit មិនលើកលែងទោសចំពោះសកម្មភាពនៃសង្គ្រាមឬការប្រើអាវុធបរមាណូទេ”។
ឆ្លើយតបទៅនឹងការចោទប្រកាន់បន្ថែមទៀតដែលថាតារា K -Pop នេះបានប្រើរូបភាពរបស់ Nazi នោះ, ក្រុមហ៊ុននេះបាននិយាយថា ខ្លួនសូមប្រឆាំងនឹងអង្គការទាំងអស់ដែលតម្រង់ឆ្ពោះទៅរកភាពជ្រុលនិយមនយោបាយនិងជំនឿផ្តាច់ការរួមទាំង Nazi និយមផងដែរ។
ដោយត្រូវបានគេស្គាល់ដោយសារតែរូបរាងសង្ហា ស្ទីលកាត់សក់និងចលនាក្បាច់រាំយ៉ាងល្អឥតខ្ចោះរបស់ពួកគេនោះ, BTS បានក្លាយជាក្រុមតន្ត្រីមួយដ៏ល្បីល្បាញបំផុតនិងមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។
ពួកគេលក់សំបុត្របានចំនួន៣៨០,០០០សន្លឹកសម្រាប់ការប្រគុំតន្ត្រីទេសចរណ៍របស់ពួកគេនាពេលបច្ចុប្បន្នក្នុងប្រទេសជប៉ុន។
ប៉ុន្តែជនជាតិកូរ៉េមិនសប្បាយចិត្តនឹងការធ្វើអាណានិគមនិយមរបស់ទីក្រុងតូក្យូឆ្នាំ១៩១០-៤៥ទេដែលបានបញ្ចប់ដោយសារបរាជ័យសង្គ្រាមលោកលើកទីពីររបស់ជប៉ុនបន្ទាប់ពីការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគី។
បញ្ហាប្រវត្ដិសាស្ដ្រនៅតែមានទម្ងន់យ៉ាងធ្ងន់ទៅលើទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។ ទូរទស្សន៍ជប៉ុន Asahi កាលពីសប្តាហ៍មុនបានលុបចោលការសម្តែងរបស់ក្រុម BTS បន្ទាប់ពីរូបថតមួយសន្លឹកដែលបង្ហាញពីសមាជិកឈ្មោះ Jimin ពាក់អាវបំពាន។
សម្លៀកបំពាក់នោះមានភ្ជាប់ឃ្លាថា “PATRIOTISM OUR HISTORY LIBERATION KOREA” ម្តងហើយម្តងទៀតរួមជាមួយរូបភាពនៃការផ្ទុះគ្រាប់បែកបរមាណូនិងជនជាតិកូរ៉េអបអរឯករាជ្យភាពរបស់ពួកគេ៕ AFP
Source: Kampuchea Thmey Daily
0 Comments